Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ទទួល​ជួប លោកស្រី​អគ្គរាជទូត​អូស្ត្រាលី ពិភាក្សា​ការងារ​មួយចំនួន​

spot_img

​ខេត្ត​ព្រះសីហនុ​៖ អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន បានទទួល​ជួប​លោកស្រី អេ​ន​ជី​ឡា ខូ​ខូ​រាន អគ្គរាជទូត នៃ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​លើ​កិច្ចការងារ​មួយចំនួន នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នា​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ​។​

​នាឱកាស​នោះ លោកស្រី អេ​ន​ជី​ឡា ខូ​ខូ​រាន អគ្គរាជទូត នៃ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ប្រសាសន៍ថា ការដឹកនាំ​ប្រតិភូ​ធ្វើ​ទស្សនៈកិច្ច​ខេត្ត​ព្រះសីហនុ​លើក​នេះ គឺជា​លើក​ទី​៣​ហើយ​។ លោកស្រី​បន្តថា ទស្សនកិច្ច​លើក​នេះ គឺ​ខេត្ត​ព្រះសីហនុ មានការ​ប្រែប្រួល​រីកចំរើន​យ៉ាងខ្លាំង​។​

​លោកស្រី​អគ្គរាជទូត ថ្លែងបន្ត ទន្ទឹមនឹង​ចង់ដឹង​ពី​ការអភិវឌ្ឍ​រីកចម្រើន យ៉ាងគំហុក ជាពិសេស​លើ​វិស័យ​សំណង់ លោកស្រី​ក៏​ចង់ដឹង​ពី​ការ​ប្រឈម និង​ចំណុច​អទិភាព របស់​ខេត្ត និង​ការអភិវឌ្ឍ​ថ្មីៗ លើ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ទុកដាក់​សំរាម​ឱ្យមាន​និរន្តរភាព​។​

​ឆ្លៀតឱកាស​នោះ លោកស្រី​អគ្គរាជទូត ថ្លែងបន្តថា ក្នុងនាម​ស្ថានទូត និង​រដ្ឋាភិបាល​អូស្ត្រាលី លោកស្រី​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ប្រជាជន​កម្ពុជា ដែល​បាន​រងគ្រោះ​ដោយសារ​ការ​រលំ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ កាលពី ខែមិថុនា កន្លងមក​ថ្មីៗ​នេះ​។​

​លោកជំទាវ​បាន​បញ្ជាក់ថា ដោយ​មើល ឃើញ​ពី​ការរីកចម្រើន លើ​វិស័យ​សំណង់ ពិសេស​ស្តង់ដារ​គុណភាព​សំណង់ កន្លងមក​លោកស្រី បាន​ជួប​លោកស្រី ជា សុផារ៉ា ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង​ដែនដី​ពិភាក្សា​ពង្រឹងគុណភាព​សំណង់ ដោយ​យល់ព្រម​បង្កើត​កម្មវិធី​រួម​ជួយ​ផ្នែក​បច្ចេកទេស​ដល់​ក្រសួង​ដែនដី និង​អាជ្ញាធរខេត្ត​ព្រះសីហនុ នឹង​ដំណើរការ​សាកល្បង​មុនគេ​នៅ​ខេត្ត​ព្រះសីហនុ​។​

​លោកស្រី​បន្តថា ប្រទេស​អូស្ត្រាលី និង​កម្ពុជា មាន​ទំនាក់ទំនង ៦៥​ឆ្នាំ លើ​កិច្ចសហប្រតិបត្តិការ​ជួយ​អភិវឌ្ឍ ផ្នែក​សន្តិសុខ​ក្នុង​តំបន់ វិស័យ​ការពារជាតិ ពាណិជ្ជកម្ម ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និង​ដោះមីន ជាដើម​។ ហើយ​ថា កម្មវិធី​ទាំងនេះ ក៏មាន​ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​លោកស្រី អេ​ន​ជី​ឡា ខូ​ខូ​រាន អគ្គរាជទូត នៃ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជាក់​បន្ថែមថា មាន​គម្រោង​សមធម៌​ជួយ​ដល់​វិស័យ​សុខាភិបាល គឺ​ជួយ​ដល់​មន្ទីរពេទ្យ​ខេត្ត​, ជួយ​ក្រសួងផែនការ ក្នុងការ​កំណត់​អត្តសញ្ញាណ​កម្ម ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ និង​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត ផ្តល់ជំនួយ​ដល់​អង្គការ​នៅ​ខេត្ត​ព្រះសីហនុ (​អង្គការ​ម្លប់​តាប៉ាង ) និង​គម្រោង​ជួយ​កុមារ​ពី​ការរំលោភបំពាន និង​កេងប្រវ័ញ្ច​។​

​លោកស្រី​បន្តថា កិច្ចសហប្រតិបត្តិការ​របស់​សហព័ន្ធ​អូស្ត្រាលី ជួយ​លើ​ផ្នែក​លិខិតឆ្លងដែន គ្រឿងញៀន ផ្តល់​ការហ្វឹកហ្វឺន​ដល់​ប៉ូលីស ជំនួយ​ផ្នែក​យោធា​ដល់​មូលដ្ឋាន​កងទ័ពជើងទឹក​រាម សង់រោង​ជាង​ថែទាំ​បច្ចេកទេស អគារ​សម្ភារៈ ជួយ​ដល់​គណកម្មការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ លើ​ផ្នែក​ព័ត៌មានវិទ្យា ផ្តល់​អគារ​ធ្វើការ និង​ផ្តល់​អគារ​បណ្តុះបណ្តាល​ភាសា​អង់គ្លេស​ជាដើម​។​

​ជំនួប​នោះដែរ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងអំណរគុណ លោកស្រី​អគ្គរាជទូត និង​រដ្ឋាភិបាល​អូស្ត្រាលី ដែល បាន​ចូលរួម​រំលែក​ទុក្ខ​ប្រជាជន​កម្ពុជា និង​ជួយ​ផ្តល់ជំនួយ​ផ្សេងៗ​មកដល់​ប្រទេស​កម្ពុជា​។​

​ឆ្លៀតឱកាស​នោះ លោក គួច ចំរើន ក៏បាន​ជំរាបជូន ប្រតិភូ​ទូរ​អូស្ត្រាលី ពី​បញ្ហា​ប្រឈម​មួយចំនួន​មានដូចជា​៖ ផ្លូវថ្នល់ លូទឹកកខ្វក់ និង​អនាម័យ បរិស្ថាន (​សំរាម​) ។​

​លោក គួច ចំរើន ថ្លែងថា បច្ចុប្បន្នភាព​ខេត្ត​ព្រះសីហនុ បាន​ប្រែ​មុខមាត់​ទៅ ជា​ខេត្ត​ពាណិជ្ជកម្ម ដឹកជញ្ជូន កាស៊ីណូ និង​និង​ទេសចរណ៍ ដែល​តម្រូវឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ល្អ​ម និង​មាន​គុណភាព​។​

​លោក​ថា ការអភិវឌ្ឍ​យ៉ាងគំហុក នា​ខេត្ត​ព្រះសីហនុ បាន​បង្ក​ឱ្យ​ខូចខាត​ផ្លូវថ្នល់ និង​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី​។ ហើយ​ថា ករណី​ខាងលើនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​កៀរគរ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ចូលរួម​កែលម្អ​បរិស្ថាន និង​សោភ័ណភាព ដោយ សារ​តែ​កំណើន​ប្រជាពលរដ្ឋ​មានការ​កើនឡើង មកពី​បណ្តា​ខេត្ត​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មករក​ស៊ី ទទួលទាន​តាម​សមត្ថភាព​។​

​ម្យ៉ាងទៀត ក្រោយពេល​សំណង់​ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ នៅពេលនោះ ខេត្ត​ព្រះសីហនុ នឹង​ត្រូវការ​កម្លាំង​ពលកម្ម​កាន់តែច្រើន​។ ហើយ​ថា បញ្ហា​ទឹក​កខ្វក់ បរិស្ថាន​មាន​បញ្ហា​ប្រឈម ចាប់ពីពេលនេះ រហូត​ទៅ​ថ្ងៃ​អនាគត ចំពោះ​ការគ្រប់គ្រង​ទឹក​កខ្វក់ នឹងត្រូវ​អនុវត្ត​ទៅតាម​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​។​

​លោក គួច ចំរើន បញ្ជាក់ថា រាល់ថ្ងៃនេះ ខេត្ត​ព្រះសីហនុ មាន​ដំណោះស្រាយ ដោយបាន​ចែក លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ដាច់ដោយឡែក​ពីគ្នា ហើយ​ក៏បាន​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​សាធារណៈ និង​វិស័យ​ឯកជន​ត្រូវ​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​-​ក្រុងព្រះសីហនុ​។​

​លោក​ថា កន្លងមកនេះ​ខាង​ធនាគារ ADB មាន​គម្រោង​ជួយ​លូទឹក​ភ្លៀង ដើម្បី​កាត់បន្ថយ​ទឹក​កខ្វក់​នៅក្នុង​ក្រុង​ផងដែរ​។​

​លោក គួច ចំរើន ឲ្យ​ដឹង​ដូច្នេះ​រួច​បញ្ជាក់ថា ចំពោះ​បញ្ហា​អនាម័យ​បរិស្ថាន និង​សំរាម​វិញ រដ្ឋបាលខេត្ត បាន​ជម្រុញ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម KSWM បាន​បង្កើន​រថយន្ត និង​កម្មករ ក្នុងការ​ប្រមូល​សំរាម​ចេញពី​ក្រុង ធ្វើយ៉ាងណា​ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោក​អភិ​បាលប​ម្ត​ថា ទន្ទឹមគ្នា ខេត្ត​ព្រះសីហនុ មានការ​រីកចម្រើន ក៏ប៉ុន្តែ​ទន្ទឹមគ្នានេះ ក៏មាន​ផលប៉ះពាល់​មួយចំនួន​ផងដែរ​។ ជាពិសេស ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ ទទួលបាន​ផល​ផ្លែផ្កា​ពី​កា​រវិ​និ​យោ​
​គ​យ៉ាងគំហុគ​នេះ​ផងដែរ​។​

​លោក គួច ចំរើន បញ្ជាក់ថា រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មិន​ប្រកាន់​និន្នាការ​នយោបាយ មិន​ថា ចិន អាមេរិក បារាំង ឬ​ប្រទេស​ណា​ទេ កម្ពុជា​នឹង​ស្វាគមន៍​ទទួលយក​អ្នកវិនិយោគ និង​ទេសចរ មកពី​គ្រប់ទិសទី នៃ​ពិភពលោក ចូលមក​កាន់​ខេត្ត​ព្រះសីហនុ ក៏ប៉ុន្តែ​អ្នកវិនិយោគ និង​អ្នកទេសចរ ត្រូវតែ​គោរព​ច្បាប់ របស់​ប្រទេស​កម្ពុជា​៕ ដោយ​៖ ដែន សីមា​

spot_img
×