Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆមាស​ទី​១ ឆ្នាំ​២០១៩ គយ​រក​ចំណូល​ជូន​រដ្ឋ​សរុប​ប្រមាណ​ជាង ៥.៩ ទ្រី​លាន​រៀល

spot_img

​អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៩ ចំណូល​សរុប​មាន​ប្រមាណ​ជាង ៥.៩ ទ្រី​លាន​រៀល (​ប្រមាណ ១,៤៧៥ លាន​ដុល្លារ​អាមេរិក​) កើនឡើង ២៥.៥% (​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក​)​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។​

​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) មាន​ប្រារព្ធ​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ​និង​រដ្ឋាករ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ថ្នាក់ដឹកនាំ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផងដែរ​។​

​ក្នុង​របាយការណ៍​បូកសរុប​ការងារ​គយ​និង​រដ្ឋាករ លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញថា សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០១៩ ចំណូល​សរុប​មាន​ប្រមាណ​ជាង ៥.៩ ទ្រី​លាន​រៀល (​ប្រមាណ ១,៤៧៥ លាន​ដុល្លារ​អាមេរិក​) កើនឡើង ២៥.៥% (​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក​)​ធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ លទ្ធផល​ចំណូល​នេះ​ត្រូវ​ប្រមាណ​ជា ៦៥% នៃ​ផែនការ​ឆ្នាំ ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ប្រចាំឆ្នាំ​២០១៩​។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​និង​អាករ​សំខាន់ៗ​ដែល​ប្រមូល​ដោយ​គយ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុងនោះ ពន្ធគយ (​ពន្ធ​នាំចូល​)​មាន​កំណើន​ជាង ៣៣.៨%, អាករ​ពិសេស​កើន ៣១.១% និង​អាករ​លើ​តម្លៃបន្ថែម (VAT)​កើន ២៨.៦%​។ គួរ​បញ្ជាក់ថា មុខទំនិញ​ជា​ប្រភព​ចំណូល​សំខាន់ៗ​រួមមាន​៖ (១).​យានយន្ត​និង​គ្រឿងចក្រ​គ្របដណ្តប់​ប្រមាណ​ជាង ៥២% នៃ​ចំណូល​សរុប​, (២).​ប្រេងឥន្ធនៈ និង​ថាមពល​ប្រមាណ ១៧.១% នៃ​ចំណូល​សរុប និង (៣).​ទំនិញ​ចម្រុះ​និង​គ្រឿងសំណង់​មាន​ប្រមាណ ២៩.៥% នៃ​ចំណូល​សរុប​។ លទ្ធផល​ដ៏​ល្អប្រសើរ​នេះ គឺ​បានមក​ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​, ការកែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​, ការពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​រប​ស់​អង្គភាព​គយ និង​ការរីកចម្រើន​ផ្នែក​សមត្ថភាព​ធនធានមនុស្ស​។ ទន្ទឹមនឹង​ការងារ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​បាន​លើស​ផែនការ អគរ ក៏បាន​សម្រេច​នូវ​សមិទ្ធផល​នានា​ផ្សេងទៀត​ដូចជា​ការចូលរួម​កសាង​បទ​ប្ប​ញ្ញ្ត​ត្តិ​និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​គយ​, ការធ្វើ​វិចារណ​កម្ម​អត្រាពន្ធគយ​លើ​ទំនិញ​មួយចំនួន​, ការពង្រឹង​ការងារ​បង្ការ​និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​, ការចូលរួម​ទប់ស្កាត់​ការលាង​សម្អាត​ប្រាក់ និង​ការលើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការចូលរួម​អនុវត្ត​វិធានការ​កែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​គយ ដូចជា​ការអនុវត្ត​កម្រៃ​ផ្លូវការ​នៃ​ការផ្តល់​សេវាសាធារណៈរ​បស់ អគរ , ការកាត់បន្ថយ​កម្រៃ​ស្កែ​ន និង​បរិមាណ​កុង​តែ​ន័​រដែ​ល​ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​ម៉ាស៊ីន​ស្កែ​ន​, ការផ្សព្វផ្សាយ​គោលនយោបាយ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) និង​ការជំរុញ​យ៉ាងសកម្ម​ការអភិវឌ្ឍន៍​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ និង​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស៊ាន ហើយ​បានដាក់​ឲ្យ​អនុវត្ត​ជំហាន​ដំបូង​នៃ​ប្រព័ន្ធ​ទាំងពីរ​នេះ ចាប់ពី​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៩ ជាដើម​។​

​ក្នុងឱកាស​នេះ លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​សំដែង​ការកោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​មនសិកា និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​មន្ត្រី​គយ​និង​រដ្ឋាករ​គ្រប់រូប ចំពោះ​លទ្ធផល​ប្រកបដោយ​សុទិដ្ឋិនិយម និង​ក្ដី​រំពឹង​ខ្ពស់ និង​បាន​ណែនាំ​សម្រាប់​ជា​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆមាស​ទី​២ ឆ្នាំ​២០១៩ ដោយ​សង្កត់ធ្ងន់​លើ​ការងារ​មួយចំនួន​រួមមាន​៖ (១)​ត្រូវ​បន្ត​ពង្រឹង​នូវ​អភិបាលកិច្ច​ល្អ​ក្នុង​អង្គភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​គយ​និង​រដ្ឋាករ និង​ត្រូវ​ប្រកាន់ខ្ជាប់​អភិក្រម ៤​ប្រការ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ព្រមទាំង​អភិក្រម ៥ ប្រការ​របស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ និង (២) ត្រូវ​បន្ត​អនុវត្ត​វិធានការ​កែទម្រង់​ស៊ីជម្រៅ និង​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ឱ្យ​សកម្ម ក្នុងនោះ​ត្រូវអនុវត្ត​ខ្លឹមសារ​ប្រកាស​ស្តីពី​ការផ្តល់សេវា​សាធារណៈរ​បស់ អគរ ប្រកបដោយ​តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព​, ត្រូវ​បញ្ចប់​ឲ្យ​បាន​ឆាប់​ការកែសម្រួល​អនុ​ត្រឹ​ត្យ ២០៩, ជំរុញ​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ឲ្យ​គ្របដណ្តប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​តាម​ការគ្រោងទុក​, តាមដាន​និង​វាយតម្លៃ​អំពី​ប្រសិទ្ធភាព​នៃ​ការកែសម្រួល​គោលការណ៍ និង​និតិ​វិធី​នៃ​ការ​ស្កែ​ន​កុង​តែ​ន័​រ​, យកចិត្តទុកដាក់​អនុវត្ត និង​បង្កើន​ការផ្សព្វផ្សាយ​ខ្លឹមសារ​អនុក្រឹត្យ និង​ប្រកាស​របស់ ក​សហវ ពាក់ព័ន្ធ​នឹង​ការលើកទឹកចិត្ត​ផ្នែក​គយ សម្រាប់ SMEs ជាដើម​។ លើសពីនេះ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​រំលេច​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល អគរ ត្រូវអនុវត្ត រួមមាន (១).​ត្រូវ​បន្ត​ជំរុញ​ផ្ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​បន្ត​លើកកម្ពស់​អនុលោមភាព​វិស័យ​ឯកជន​, (២).​បន្ត​ពង្រឹង​យន្ដការ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន ក្នុងការ​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​, (៣).​ត្រូវ​រក្សា​តុល្យភាព​នៃ​ការគ្រប់គ្រង​របស់​គយ ក្នុងខណៈ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​កាន់តែ​ទូលំទូលាយ​, (៤).​បន្ត​ពង្រឹង​ការងារ​បច្ចេកទេស ដូចជា​ការកំណត់​តម្លៃ​គិត​ពន្ធគយ​, លេខ​កូដ​ទំនិញ​, វិធាន​ដើមកំណើត​ទំនិញ​, (៥).​ជំរុញ​បញ្ចប់​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ការអនុវត្ត​ច្បាប់ និង​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន (៦).​អនុវត្ត​នូវ​យន្តការ​បំពេញបែបបទ​មុនពេល​ទំនិញ​មកដល់ (Pre-Arrival Processing) ដែល​នឹង​ជួយ​សម្រួល​បន្ថែមទៀត​ដល់​ធុរជន​ពាក់ព័ន្ធ សំដៅ​កាត់បន្ថយ​ការកកស្ទះ​នៅ​មាត់ច្រក​ដើមទី ជាដើម​, (៧)​បន្ត​ការចូលរួម​ការកសាង​ច្បាប់​ស្តីពី​វិនិយោគ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​, (៨).​រៀបចំ​កសាង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២០ នៃ​ការងារ​គយ​និង​រដ្ឋាករ ដោយ​ឈរលើ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល ២០១៩-២០២៣ ឱ្យបាន​មុន​ដំណាច់ឆ្នាំ​២០១៩, (៩).​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​ផ្សេងទៀត​ក្រោម​ឱវាទ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើ​យន្តការ​ចែករំលែក​គ្នា​ទៅវិញទៅមក​នូវ​ទិន្នន័យ​ស្ថិតិ​ដោយ​ស្វ័យប្រវត្តិ​តាម​មធ្យោបាយ​អេ​ឡិច​ត្រូ​និ​ច (១០).​បង្កើន​ការយកចិត្តទុកដាក់​ការគ្រប់គ្រង​ចរាចរណ៍​រូបិយ​បណ្ណ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ដក​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ និង (១១). សហការ​ជាមួយ​អគ្គនាយកដ្ឋាន​គោលនយោបាយ ដើម្បី​ធ្វើការ​សិក្សា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​លើ​ការ​ឈានទៅ​កាត់បន្ថយ​ការ​នាំចូល​រថយន្ត​ដែលមាន​អាយុកាល​ប្រើប្រាស់​ច្រើន​ឆ្នាំ​។​

​ដើម្បី​ជាការ​លើកទឹកចិត្ត លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏បាន​បំពាក់​គ្រឿង​ឥស្សរិយយស​និង​ប័ណ្ណសរសើរ ជូន​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​ស្នាដៃ​មួយចំនួន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×