Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនិយម​ក្រវិល​ច្រមុះ​នៅ​ភូមិ​ស្នាយ​

spot_img

កន្លែង​កប់​សព​ដ៏​ធំ​អស្ចារ្យ​មួយ ​នៅ​ភូមិ​ស្នាយ​ក្នុង​ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ទោះ​បី​ត្រូវ​គេ​បំផ្លិចបំផ្លាញ​សឹងតែ​ទាំងអស់ក្តី ប៉ុន្តែ​បាន​បន្សល់​នូវ​បុរាណវត្ថុ​យ៉ាង​សន្ធឹកសន្ធាប់ គួរ​ឲ្យ​មោទនៈ ។ យោង​លើ​ទិន្នន័យ​ខាង​បុរាណ​វិទ្យា យើង​អាច​មាន​ការយល់ ដឹង​ពី​វប្បធម៌​បុរាណ​បាន​យ៉ាង​ល្អ ។​

​ក្រវិល​ច្រមុះ​សំរិទ្ធ​មកពី​អង្គរ​បុរី (​សារមន្ទីរ​ជាតិពន្ធុវិទ្យា​ទួលគោក​), (​ថត ២០០៥)

​ក្នុងចំណោម​ឧបករណ៍ប្រើប្រាស់ ធ្វើ​អំពី​លោ​ហៈ កុលាលភាជន៍ និង​គ្រឿងអលង្ការ​អំពី​ថ្ម​, ឆ្អឹង​, ខ្យង​, ដី​ដុត និង​កែ​វស្ល យើង​មាន​ការចាប់អារម្មណ៍​លើ​ក្រវិល​ច្រមុះ​មួយ ចំនួន ធ្វើ​អំពី​កែវ​ស្ល និង​សំរិទ្ធ​ដែល​អ្នកស្រុក​បាន​រកឃើញ ដោយ​ការជីក​កកាយ​ផ្នូរ ខ្មោច​បុរាណ ដើម្បី​យក​វត្ថុ​បុរាណ​ទៅ​លក់ដូរ​តាម​ទីផ្សារ​ជាតិ និង​អន្តរជាតិ ។​

​រូបភាព​ស្ត្រី​ជនជាតិ​ឥណ្ឌា​ពាក់​ក្រវិល​ច្រមុះ​, (​ថត ២០០៥)

​វត្តមាន​របស់​វត្ថុ​សិល្បៈ​បុរាណ​ទាំងនោះ ធ្វើឲ្យ​យើង​ដឹងថា គ្រឿងអលង្ការ​នេះ​ត្រូវបាន​ពេញនិយម​ដោយ​ស្ត្រីភេទ ដែល​ប្រកបដោយ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ ចំពោះ​សោភ័ណភាព​ប្រមាណ​ជា ២០០០ ឆ្នាំ​មកហើយ ។ យើង​សម្គាល់ថា ក្រវិល​នៅ​ភូមិ​ស្នាយ​ទាំងនោះ មាន​លក្ខណៈ​ដូច​គ្នា​នឹង​ក្រវិល​នៅ​សម័យ​វប្បធម៌​នគរ​ភ្នំ ដែល​ស្ថិត​ក្នុង​សម័យកាល​តែមួយ ។​

​ដូច្នេះ​យើង​អាច​យល់​ឃើញ​ថា តំបន់​នេះ​ពិតជា​មាន​ទំនាក់ទំនង​គ្នា​ខាង​វប្បធម៌​ជា​មួយ​តំបន់​វាលទំនាប នៃ​ដង​ទន្លេមេគង្គ​ដូច​នៅ​អង្គរបុរី និង​ដែនដី​សណ្ត​កម្ពុជា​ក្រោម​ក្នុងអម្លុង​សតវត្សរ៍​ទី​១ និង​ទី​៤ នៃ​គ​.​ស ។​

​បញ្ហា​ដែល​ចោទ​នៅទីនេះ​គឺថា ហេតុអ្វី​បានជា​ប្រជាជន​ខ្មែរ​ក្នុង​អតីតកាល បាន​និយម​គ្រឿងអលង្ការ​ទាំងនេះ ដូច​ជនជាតិ​ឥណ្ឌា​ទៅវិញ ។ ភាពស្រដៀងគ្នា​នៃ​ក្រវិល និង​ប្រពៃណី​នេះ​មានន័យ​ថា ជនជាតិ​ខ្មែរ​ពិត​ជា​បាន​ទទួល​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា​យ៉ាង​ប្រាកដ ។​

​ដើម្បី​គូសបញ្ជាក់​ករណីនេះ យើង​អាច​លើក​ប្រពៃណីនិយម​ក្រវិល​ច្រមុះ របស់​ស្ត្រី​ឥណ្ឌា​នា​សម័យ​បច្ចុប្បន្ន នៅក្នុង​ភូមិ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា ដែល​យើង​បាន​រកឃើញ​កន្លងមក​មក​ប្រៀបធៀប ។​

​ក្រវិល​កែវ និង​ឆ្អឹង​មកពី​ភូមិ​ស្នាយ (​សារមន្ទីរ​ជាតិពន្ធុវិទ្យា​ទួលគោក​), (​ថត ២០០៥)

​សរុបសេចក្តី​មក​វត្តមាន​របស់​ក្រវិល​ច្រមុះ​ទាំងនោះ នៅ​ស្ថានីយ៍​ស្នាយ​អាច​រំលឹក​ឡើងវិញ ឲ្យ​យើង​ដឹង​អំពី​ទំនាក់ទំនង​រវាង​ខ្មែរ និង​ឥណ្ឌា​ក្នុងអម្លុង​ប្រមាណ​ជា ២០០០ ឆ្នាំ​មកហើយ ក្នុង​អតីតកាល​ដ៏​យូរលង់ ។ មានន័យ​ថា អ្វីៗ​ទាំងអស់​សុទ្ធសឹងតែ​ត្រូវ​ធ្វើឡើង​ដោយ​មាន​ហេតុផល​របស់​វា ទោះបីជា​សព្វថ្ងៃ​ជនជាតិ​ខ្មែរ​ឈប់​ប្រើប្រាស់​គ្រឿងអលង្ការ​ទាំងនេះ​ក៏ដោយ​៕ (​ម​.​ត្រា​ណេ​)​

spot_img
×