ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ខែកក្កដានេះ បានចោទប្រកាន់មន្រ្តីនគរបាលចំនួន៥រូប ក្នុងនោះ៣នាក់ កំពុងឃាត់ខ្លួន និង២នាក់ផ្សេងទៀតកំពុងគេចខ្លួន ពាក់ព័ន្ធការអន្តរាគមន៍រត់ការដោះលែងជនជាតិចិនតៃវ៉ាន់១៨នាក់ រឿងប្រព្រឹត្តបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។
មន្រ្តីនគរបាលទាំង៥រូប រួមមាន៖ ១ ឈ្មោះ ថា ស្រីលក្ខណ៍ ភេទស្រី (គេចខ្លួន) ត្រូវចោទពីបទផ្តើមគំនិតក្នុងអំពើសូកប៉ាន់ តាមបញ្ញត្តិច្បាប់មាត្រា២៨ និងមាត្រា៦០៥ នៃក្រមព្រហ្មទណ្ឌ ២ ឈ្មោះ ជិន វេងលាង ភេទប្រុស កំពុងរត់គេចខ្លួន ដែលសមត្ថកិច្ចស្វែងរកចាប់ខ្លួន ៣ ឈ្មោះ សឿ សុថា ភេទប្រុស ៤ ឈ្មោះ រត្ន័ ពិន្ទ ភេទប្រុស និង៥ ឈ្មោះ វណ្ណ សុភាព។ អ្នកទាំង៤នាក់ ត្រូវបានចោទបទ សមគំនិតក្នុងអំពើចាប់ឃុំឃាំង តាមបញ្ញត្តិមាត្រា២៩ មាត្រា២៥៣ មាត្រា២៥៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៥ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
សូមជំរាបជូនថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនមន្ត្រីនគបាលដែលគេស្គាល់ថា ២នាក់ជាមន្ដ្រីនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងម្នាក់ទៀត ជាមន្ដ្រីនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទៅកាន់តុលាការជាថ្មីម្តងទៀត ដើម្បីបន្តនីតិវិធីពាក់ព័ន្ធករណីរត់ការអន្ដរាគមន៍ដោះលែងជនជាតិចិន។
ជនជាតិចិន១៨នាក់ ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បង្ក្រាបបានកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត៕ ដោយ៖បញ្ញាស័ក្តិ