Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រាប់​មន្ត្រី​អង្គការ ILO អំពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​ស្បែកជើង​

spot_img

(​ភ្នំពេញ​) ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ពី​កិច្ច​ប្រែង​ប្រែង​របស់​រាជរដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​ស្បែកជើង តាមរយៈ​ការគាំទ្រ និង​បន្ត​សហការ​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO-BFC) ការធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព និង​កែលម្អរ​សិទ្ធិ​ការងារ ព្រមទាំង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ជាដើម​។​

​នៅក្នុង​ជំនួប​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាមួយ​លោកស្រី ហា ហ្វៀ​ង​ហុង (Ha Nguyen Hong) នាយិកា​កម្មវិធី​ការងារ​កាន់តែ​ប្រសើរ​នៃ​អង្គការ ILO នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក​ប៉ាន សូរ​ស័ក្តិ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី BFC និង​បាន​សន្យា​ជួយ​ជំរុញ​រោងចក្រ​ផលិត​សម្ភារៈ​ធ្វើដំណើរ ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ឱ្យបាន​ច្រើន​។​

«​ក្រសួងពាណិជ្ជកម្ម បានទទួល​ការឯកភាព​ពី​រាជរដ្ឋាភិបាល ដើម្បី​បន្ត​អនុវត្ត​កម្មវិធី BFC រយៈពេល​បី​ឆ្នាំ​ទៀត (២០២០-២០២២) ដូច្នេះ​សូម ILO-BFC រៀបចំ​សេចក្តីព្រាង​អនុស្សរណ​នៃ​ការយោគយល់​គ្នា ដើម្បី​ត្រៀម​ចុះហត្ថលេខា​នៅ​កំឡុង​ខែតុលា​ខាងមុខ ហើយ​សូម​ធ្វើការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ព​ន្លឿ​ន​កិច្ចការ​នេះ​» លោក​សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​លោកស្រី ហា ហ្វៀ​ង​ហុង អំពី​គោលដៅ​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង ILO-BFC ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បាន​ស្នើសុំ​អង្គការ ILO ផ្ទេរ​ចំណេះដឹង និង​បទពិសោធន៍​បន្ថែមទៀត​អំពី​វិធីសាស្ត្រ​វាយតម្លៃ​លក្ខខណ្ឌ​ការងារ នៅតាម​បណ្តា​រោងចក្រ​ដល់​មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ដឹកនាំ​ការត្រួតពិនិត្យ​នៅក្នុង​ឆ្នាំ​បន្ទាប់​។​

​ជាការ​ឆ្លើយតប លោកស្រី ហា ហ្វៀ​ង​ហុង បាន​ថ្លែងអំណរគុណ ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​បកស្រាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធិផល​សម្រេចបាន​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​តែងតែ​បានផ្តល់​ការគាំទ្រ​ដល់ ILO-BFC ដើម្បី​ចូលរួម​ពង្រឹង​ស្តង់ដារ និង​លក្ខខណ្ឌ​ការងារ សម្រាប់​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​ស្បែកជើង​។​

​លោកស្រី​នាយិកា​រូបនេះ ក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​បន្ត​នូវ​ព័ត៌មាន ស្តីពី​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា ដល់​ក្រុមហ៊ុន​វិនិយោគ និង​មជ្ឈដ្ឋាន​អន្តរជាតិ ដើម្បី​ទាក់ទាញ​ទំនុកចិត្ត និង​ចូលរួម​លើកស្ទួយ​កិត្តិនាម​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​ស្បែកជើង នៅក្នុង​ប្រទេស​កម្ពុជា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×