Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើឱ្យ​ក្រុម​ណាមួយ​ដែល​បំភ្លៃ​ព័ត៌មាន​អំពី​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា គួរតែបញ្ឈប់​ប្រឌិត​រឿង​ដែល​គ្មាន​មូលដ្ឋាន​នេះ​តទៅទៀត​

spot_img

​ជាថ្មី​ម្តងទៀត លោក​ឈុំ សុជាត សូម​ស្នើឱ្យ​ក្រុម​ណាមួយ​ដែល​បំភ្លៃ​ព័ត៌មាន​អំពី​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា គួរតែបញ្ឈប់​ប្រឌិត​រឿង​ដែល​គ្មាន​មូលដ្ឋាន​នេះ​តទៅទៀត ហើយ​សារព័ត៌មាន​ទាំងអស់ ក៏​មិនត្រូវ​បន្ទរ​តាម​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើឱ្យ​ខុស​វិជ្ជាជីវៈ​របស់ខ្លួន​នោះដែរ​។​

​លោក​ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី «​ព័ត៌មាន​ក្លែងក្លាយ អន្តរាយ​ដល់​សន្តិសុខ​ជាតិ​» នៅ​សាលប្រជុំ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​នៅក្នុង​សន្និសីទ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ លោក​បាន​ជម្រាបជូន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាថ្មី​ថា ព្រះរាជាណាចក្រ​កម្ពុជា មិនមាន​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​ចិន ឱ្យមាន​មូលដ្ឋាន​កងទ័ព​ចិន នៅលើ​ទឹកដី​កម្ពុជា ដូច​ការចុះផ្សាយ​របស់​សារព័ត៌មាន​បរទេស​នោះឡើយ​។ ការផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ទាំងនោះ អំពី​មូលដ្ឋានទ័ព​បរទេស ឬ​កិច្ចព្រមព្រៀង​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​នៅ​កម្ពុជា គឺជា​ព័ត៌មាន​ក្លែងក្លាយ (Fake News) ដែល​គ្មាន​វិជ្ជាជីវៈ ដែល​ហាក់​មាន​ចេតនា​បំផ្លាញ​ដល់​សន្តិសុខ​របស់​កម្ពុ​ជា និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ច្បាស់​ហើយ​ថា ការចុះផ្សាយ​នេះ​ជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ដើម្បី​ប្រឆាំង​ជាមួយ​កម្ពុជា ដោយសារ​រឿង​មូលដ្ឋានទ័ព​បរទេស​នេះ​មិនអាច​កើតឡើង​ទេ ព្រោះ​បាន​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ​រប​ស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ដោយឡែក​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​គ្រូ​បង្គោល វាស់​ស្ទង់ សម្រាប់​ប្រតិបត្តិការ​សន្តិភាព អង្គ​សហប្រជាជាតិ ដើម្បី​បង្កើន​សមត្ថភាព និង​សិក្សា​ស្រាវជ្រាវ​ជំនាញ TOPO កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​ព័ត៌មាន​ថា​កម្ពុជា បាន​ចុះហត្ថលេខា​ជាសម្ងាត់​ជាមួយ​ចិន​ប្រើ​មូលដ្ឋាន​យោធា គឺជា​ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត​ប្រឆាំង​ជាមួយ​កម្ពុជា ដើម្បី​ជា​លេស​ដាក់ទណ្ឌកម្ម​មក​លើក​ម្ពុ​ជា និង​បម្រើឱ្យ​ចរន្ត​នយោបាយ​ណាមួយ​តែប៉ុណ្ណោះ​។​

​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស នៅលើ​ទឹកដី​របស់ខ្លួន​ដែរ ហើយក៏​មិន​បញ្ជូន​កងទ័ព​កម្ពុជា ទៅ​ក្រៅប្រទេស​នោះដែរ លើកលែងតែ​បេសកកម្ម​ជាមួយ​អង្គការសហប្រជាជាតិ​តែមួយ​ប៉ុណ្ណោះ​។​

​ជាងនេះទៅទៀត ប្រទេស​កម្ពុជា ដែល​កំពុងមាន​សន្តិភាព​ពេញលេញ ជីវភាព​ប្រជាពលរដ្ឋ​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ដែល​បាន​រំកិល​ពី​ប្រទេស​មាន​ចំណូល​ទាប មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិត​មិន​ត្រូវការ​វត្តមាន​កងទ័ព​បរទេស​ណាមួយ​មកលើ​ដី​របស់ខ្លួន​ឡើយ ហើយ​កងយោធពល​ខេមរភូមិន្ទ ពេលនេះ​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងការ​ថែរក្សា​សន្តិភាព និង​បូរណភាព​ទឹកដី​របស់ខ្លួន​មិនឱ្យ​បាត់បង់​ឡើយ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×