Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​មួយ​នៅ​ស្វី​ស​បង្ហាញ​ឆន្ទៈ​ចង់​ជួយ​អភិវឌ្ឍន៍​វិស័យ TVET ដល់​កម្ពុជា​

spot_img

(​ភ្នំពេញ​) ៖ ក្រុមហ៊ុន​ដ៏​ធំ​មួយ​របស់​ស្វី​ស​ដែលមាន​សាខា​របស់ខ្លួន​នៅ​៧០​ប្រទេស​នោះ បានបង្ហាញ​គោលបំណង​ក្នុង​ការជួយ​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ព្រមទាំង​វិស័យ​មួយចំនួនទៀត ដូចជា​ឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្ម ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​។​

​ការបង្ហាញ​ឆន្ទៈ​ជួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ ហាក់​រំលេច​នូវ​ក្ដី​រំពឹងទុក​ឈានទៅ​សម្រេច​គោលដៅ​
​បន្ថែមទៀត​ក្នុង​គោលនយោបាយ «​ធ្វើ​ទំនើប​កម្មវិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​» នៅ​កម្ពុជា​។​

​គោលបំណង​នេះ​ត្រូវ​បានលើកឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជាមួយ​លោក Anshul Sonak អគ្គនាយក​ក្រុមហ៊ុន Planet One Education ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​ស្វី​ស និង​មាន​សាខា​ប្រមាណ​៧០​ប្រទេស​ជុំវិញ​ពិភពលោក រួមទាំង​កម្ពុជា​ផងដែរ​។​

​នា​ឱ​កា​នោះ លោក Anshul Sonak លើកឡើងថា ការដែល​ក្រុមហ៊ុន Planet One Education ចង់​ជួបពិភាក្សា​ជាមួយ​លោក​បណ្ឌិត​រដ្ឋមន្ត្រី នាពេលនេះ គឺ​ដើម្បី​លើក​បង្ហាញ​ពី​គោលបំណង​ចង់​ជួយ​ក្រសួង ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ព្រមទាំង​វិស័យ​មួយចំនួនទៀត ដូចជា​វិស័យ​ឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្ម សុខាភិបាល និង​ការ​កៀរគរ​រក​ប្រភពធនធាន​ហិរញ្ញវត្ថុ​ជាដើម​។​

​លោក​បាន​បន្តថា កន្លងមក ក្រុមហ៊ុន​របស់លោក បានធ្វើការ​លើ​វិស័យ​ទាំងនេះ​នៅ​ប្រមាណ ២០​ប្រទេស ដូចជា​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​តាម​បណ្ដា​ប្រទេស​នានា​នៅ​តំបន់​អាស៊ី អាហ្វ្រិក អឺរ៉ុប​ផងដែរ ដោយ​ទទួលបាន​លទ្ធផល​ជោគជ័យ​។​

​លោក​បន្តទៀតថា ក្រុមហ៊ុន​ចង់​ជួយ​អភិវឌ្ឍន៍​ជំនាញ TVET នៅតាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេក​ទេស និង​វិជ្ជាជីវៈ​របស់​កម្ពុជា ប៉ុន្តែ​មិនទាន់​ដឹងថា តើ​រាជរដ្ឋាភិបាល​កម្ពុជា ចង់ឱ្យ​ក្រុមហ៊ុន​លោក​ជួយ​លើ​វិស័យ​ណា​ផ្សេងទៀត ដូច្នេះ​ក៏​ស្នើសុំ​ការចង្អុលបង្ហាញ​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី ដើម្បី​រៀបចំ​គម្រោង​ពាក់ព័ន្ធ​បន្តទៀត​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក​បណ្ឌិត​រដ្ឋមន្ត្រី អ៉ិ​ត សំហេង បានឱ្យដឹងថា កម្ពុជា ពិតជា​ស្វាគមន៍​ចំពោះ​បំណង​ចង់​ជួយ​អភិវឌ្ឍ​ដល់​កម្ពុជា ពី​សំណាក់​ក្រុមហ៊ុន Planet One Education ខ្លាំងណាស់ ដូច្នេះហើយ​បានជា​ឯកឧត្តម​រដ្ឋមន្ត្រី លើកសំណើ​មួយចំនួន​ដល់​ក្រុមហ៊ុន​ឱ្យ​ពិនិត្យ និង​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​ជំនាញ​របស់​ក្រសួង​បន្តទៀត​។​

​លោក​បណ្ឌិត​រដ្ឋមន្ត្រី ក៏បាន​ចង្អុលបង្ហាញ​លើ​ការគាំទ្រ​ដល់​ការធ្វើ​ទំនើបកម្ម TVET របស់​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​ផងដែរ ពីព្រោះ​នៅ​កម្ពុជា​បច្ចុប្បន្ន កំពុងមាន​ការរីកចម្រើន​លើ​វិស័យ​ឧស្សាហកម្ម លំហូរ​និ​វិ​យោគិន​ពី​បរទេស​ក៏​កាន់តែ​មានការ​កើនឡើង ជាហេតុ​បណ្ដាលឱ្យ​កម្ពុជា​ជួប​នូវ​កង្វះ​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

​លោក​បណ្ឌិត បាន​បន្ថែមថា ដំណោះស្រាយ​នៅ​ចំពោះមុខ​បញ្ហា​កម្លាំង​ពលកម្ម​ជំនាញ​នេះ ពិត​ជាមាន​សម្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា ដោយ​ក្រសួង​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល បាន​បង្កើត​គោលនយោបាយ កម្មវិធី​អភិវឌ្ឍ យន្តការ​ដោះស្រាយ បង្កើត​សាលា​បណ្ដុះបណ្ដាល និង​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដា​ជាច្រើន ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ចាំបាច់​ត្រូវការ​ការចូលរួម​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍ ដៃគូ​វិនិយោគ អង្គការ​ជាតិ​-​អន្តរជាតិ ព្រមទាំង​ផ្នែក​ឯកជន​នានា​ចូលរួម​ធ្វើ​កិច្ចការ​នេះ​ជាមួយគ្នា​ផងដែរ​។​

​ដូច្នេះហើយ​បានជា​លោក​បណ្ឌិត​រដ្ឋមន្ត្រី ចង់ឱ្យ​ក្រុមហ៊ុន​ជួយ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អនុវត្ត​កិច្ចការងារ​នេះ​ឱ្យបាន ពីព្រោះ​នៅលើ​ពិភពលោក​អ្នកណា​ក៏​ដឹង​ដែរ​ថា ស្វី​ស​ជា​ប្រទេស​ដែល​គេ​គ្រប់គ្នា​ជឿទុកចិត្ត​លើ​គុណភាព​បច្ចេកទេស តាមរយៈ​ផលិតផល​ល្បីៗ​ជាច្រើន ដែល​ផលិតឡើង​តាម​ស្ដង់ដា​របស់​ប្រទេស​នេះ​។​

​ទោះបីជា​យ៉ាងណា ក៏​លោក​បណ្ឌិត​រដ្ឋមន្ត្រី ស្នើឱ្យ​មានការ​ពិភាក្សាគ្នា​ឱ្យបាន​ល្អិតល្អន់​ជាមួយ​ភាគី​ពាក់ព័ន្ធ មុននឹង​ចាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​នានា ហើយ​លោក​បណ្ឌិត​បានបញ្ជាក់​យ៉ាងច្បាស់​ថា «​យើងខ្ញុំ​ពិតជា​ត្រូវការ​ក្រុមហ៊ុន​របស់​អស់លោក​ជួយ​ធ្វើ​កិច្ចការងារ​នេះ​ណាស់​»​។​

​សូមជម្រាបថា នេះ​មិនមែនជា​លើកដំបូង​ឡើយ​ដែល​ក្រុមហ៊ុន​បាន​ជួយ​ដល់​កម្ពុជា ដោយ​កាលពីពេល​កន្លងទៅ ក្រុមហ៊ុន​ក៏បាន​ជួយ​សាងសង់​អគារ​មន្ទីរពេទ្យ និង​បណ្ដុះបណ្ដាល​ជំនាញ​សុខាភិបាល ដល់​សិក្ខាកាម​កម្ពុជា​មួយចំនួន​ទៀតផង​ដែរ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×