Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ចង់បាន​ការ​ពី​វិនិយោគ​ពី​ចិន​ថែមទៀត លើ​ការកែច្នៃ​ផលិតផល​កសិកម្ម ដើម្បី​ពង្រីក​ការនាំចេញ​

spot_img

(​ភ្នំពេញ​)៖ «​កម្ពុជា​ចង់បាន​ការវិនិយោគ​បន្ថែម​ពី​ប្រទេស​ចិន លើ​ឧស្សាហកម្ម​កែច្នៃ និង​វេច​ខ្ចប់​ផលិតផល​កសិកម្ម ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ ដោយសារ​យើង​មាន​កសិផល​មិនទាន់​កែច្នៃ​ជាច្រើន​ដូចជា ផ្លែស្វាយ​ខេត្តកំពង់ស្ពឺ​, ផ្លែ​មៀន​ខេត្ត​ប៉ៃលិន និង​ឈើ​ហូប​ផ្លែ​ជាច្រើន​ទៀត​» នេះ​បើតាម​ការបញ្ជាក់​របស់ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ទៅកាន់​មន្ត្រី​ទទួលបន្ទុក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម អម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​គណៈប្រតិភូ​ចិន ដឹកនាំ​ដោយ លោក លី អាន (Li An) ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ចិន (​ចប់​អាណត្តិ​) នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ លោក​ប៉ាន សូរ​ស័ក្តិ បាន​ជម្រាប​ភាគី​ចិន ពី​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ជំរុញ​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​ចិន តាមរយៈ​ការចូលរួម​ព្រឹត្តិការណ៍​ពិ​ព័រ​នានា និង​ការបង្ហាញ​នៅតាម​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា ស្ថិតក្នុង​រដ្ឋធានី និង​ខេត្ត​ចំនួន​៥ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក​រដ្ឋមន្ត្រី បានស្នើ​ភាគី​ចិន ជួយ​សម្រប​សម្រួលការ​នាំចេញ​កសិផល​ខ្មែរ និង​ជួយ​កៀងគរ​ក្រុមហ៊ុន​ចិន ដែលមាន​ឯកទេស​ត្រឹមត្រូវ មកលើ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ថែមទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​។ លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​សន្យា​បន្ត​សហការ​ជាមួយ​ភាគី​ចិន​ក្នុង​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ដើម្បី​ជំរុញ​ការលក់ និង​នាំចេញ​ផលិតផល​ខ្មែរ ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។​

​ជា​កិច្ច​ឆ្លើយតប លោក លី អាន និង​ប្រតិភូ បាន​ថ្លែងអំណរគុណ​ឯកឧត្តម​រដ្ឋមន្ត្រី ដែល​បាន​គូសបញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ក្រសួងពាណិជ្ជកម្ម និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​សេចក្តីត្រូវការ​របស់​ក​ម្ពុ​ជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ទ្វេភាគី ស្របតាម​ចក្ខុវិស័យ​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​

​លោក​ទីប្រឹក្សា​ទើប​ចប់​អាណត្តិ​រូបនេះ បាន​ណែនាំ​លោក វូ កៅ​ក្វាន់ (Wu Guoquan) ដែល​ត្រូវ​ចូលកាន់​តំណែង​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ថ្មី ដល់​លោក​រដ្ឋមន្ត្រី និង​សហការី ដើម្បី​បន្តធ្វើ​កិច្ចការ​ជាមួយគ្នា លើ​កិច្ចការ​អទិភាព​ផ្សេងៗ​ដែល​ប្រទេស​ទាំងពីរ​បានកំណត់​។ នៅក្នុង​ឱកាស​នោះដែរ លោក វូ កៅ​ក្វាន់ បាន​ប្តេជ្ញា​ជំរុញ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ពាណិជ្ជកម្ម​ទ្វេភាគី តាមរយៈ​ការជួយ​គាំទ្រ​ការរៀបចំ​ពិព័រណ៍ ឬ​វេទិកា​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​ផ្តល់ឱកាស​ដល់​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ អាច​ស្វែងយល់​សក្តានុពល និង​ចាប់​ដៃគូ​ធុរកិច្ច​ទៅវិញទៅមក​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×