មនុស្សចំនួន ៨នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅពេលគ្រោះរញ្ជួយដីបានវាយប្រហារស្ទួនៗ ទៅលើកោះភាគខាងជើង ប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃសៅរិ៍នេះ ខណៈពេលដែលមនុស្សម្នាកំពុងលង់លក់ក្នុងដំណេក។ នេះបើតាមការបញ្ជាក់របស់មន្រ្តីប្រចាំតំបន់។
រំញ័រស្ទួនគ្នាបានវាយប្រហារខេត្ត Batanes ដែលស្ថិតនៅប្រជុំកោះភាគខាងកើត នៃកោះដ៏ធំបំផុតរបស់ហ្វីលីពីន គឺកោះ Luzon។
ប្រជាជនដែលនៅតំបន់រងគ្រោះ មានការភ័យខ្លាចយ៉ាងខ្លាំង ហើយបានរត់ចេញពីផ្ទះរបស់ពួកគេ ហើយបើតាមរូបភាពតាមប្រព័ន្ធផ្សព្វផ្សាយ មានការបាករលំផ្ទះ និងប្រេះផ្លូវជាច្រើន។
រញ្ជួយដីនោះមានរង្វាស់ ៥,៤ និង ៥,៩ រ៉ិចទ័រ។ ការវាយប្រហារកើតឡើងពីគ្នាចន្លោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
មនុស្សម្នាជាច្រើនកំពុងគេងលង់លក់ នៅពេលរញ្ជួយដី វាយប្រហារនៅម៉ោងប្រហែល ៤ និង ១៥នាទីព្រឹក ហើយប្រមាណ ៤ម៉ោងក្រោយក៏មានការរញ្ជួយម្តងទៀត។
សូមបញ្ជាក់ថា ប្រទេសហ្វីលីពីន គឺជាផ្នែកមួយនៃតំបន់ដ៏ធំមួយនៃបាតសមុទ្រប៉ាស៊ីហ្វិច ដែលជាកន្លែងរញ្ជួយដី និងបំផ្ទុះភ្នំភ្លើងកើតមានជាញឹកញាប់។ ហ្វីលីពីន ទើបតែរងការវាយប្រហារដោយគ្រោះរញ្ជួយដីម្តង កាលពីខែមេសា បណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ channelnewsasia