Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ស្ត្រី​មេខ្យល់ ២​នាក់ ជួញដូរ​នារី​វ័យក្មេង​៤​នាក់​ឆ្លងដែន ទៅ​ប្រទេស​ចិន​

spot_img

​ភ្នំពេញ​៖​ស្ត្រី​មេខ្យល់​ចំនួន​២​នាក់ និង​នារី​រងគ្រោះ​ចំនួន​ន​៤​នាក់ ជា​អនីតិជន​២​នាក់ ពាក់ព័ន្ធ​ករណី​ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន​ទៅកាន់​ប្រទេស​ចិន ត្រូវ​កងកម្លាំង​នគរបាល នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង ឃាត់ខ្លួន​។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​ដោយមាន​ការចង្អុលបង្ហាញ​ពី​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​វរសេនីយ៍ទោ ហួត សុភ័ក្ត្រ នាយរង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដែល​ដឹកនាំ​កម្លាំង​ធ្វើការ​ងារ​នេះ បាន​ថ្លែងថា ការឃាត់​ស្ត្រី​សង្ស័យ​ចំនួន​៦​នាក់ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩ នៅ​របង​វត្ត​មហាមន្ត្រី ផ្លូវ​លេខ​១៧៣ សង្កាត់​អូឡាំពិក ខណ្ឌ​បឹង​កេងកង​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា ស្ត្រី​សង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​រួមមាន​៖ ទី​១-​ឈ្មោះ សុខា រដ្ឋធានី ហៅ​នី​យ៉ា អាយុ​១៨​ឆ្នាំ មុខរបរ​លក់​គ្រឿងក្រអូប និង​ទី​២-​ឈ្មោះ ថាច់ ដាវី អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ​។ ចំណែកឯ​នារី​រងគ្រោះ​ចំនួន​៤​នាក់ ក្នុងនោះ ជា​អនីតិជន​ចំនួន​២​នាក់​។​

​មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​នគរបាល បាន​ស្រាវជ្រាវ​ជាច្រើន​ថ្ងៃ រហូត​បាន​ចុះទៅ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ភ្លាមៗ​តែម្ដង នាំមក​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សាកសួរ​។​

​យោងតាម​នារី​រងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​ពួក​នារី​រងគ្រោះ​សម្រេចចិត្ត​ទៅ​ប្រទេស​ចិន គឺមាន​ស្ត្រី​ម្នាក់​ដែលជា​មេខ្យល់​បាន​ទាក់ទង និង​លួងលោម​ថា បើ​ប្អូនៗ​ព្រមទៅ​ប្រទេស​ចិន ពេលទៅដល់​ភ្លាម នឹង​ទទួលបាន​ក្នុង​ម្នាក់ ៣០០០​ដុល្លារ​អាមេរិក ហើយ​រាល់​ការធ្វើ​ឯកសារ និង​ធ្វើដំណើរ​គឺមាន​អ្នក​រាប់​រង​ទាំងអស់​តែម្ដង​។​

​នារី​រងគ្រោះ​បាន​បន្តទៀតថា ពេលនោះ​ពួកនាង​បាន​សួរថា គាត់​ពុំមាន​លិខិតឆ្លងដែន​ទេ នារី​មេខ្យល់​ក៏បាន​ប្រាប់ថា ពុំ​ចាំបាច់​មាន​លិខិតឆ្លងដែន​ទេ​គឺត្រូវធ្វើ​ដំណើរ​ទៅតាម​ច្រកព្រំដែន​អន្តរជាតិ​បាវិត នៅពេល​ទៅដល់​បាវិត គឺមាន​មេខ្យល់​ម្នាក់ទៀត​ជា​ជនជាតិ​វៀតណាម ចាំ​ទទួល ដើម្បី​នាំ​ឆ្លងដែន​ទៅ​ប្រទេស​ចិន​តែម្ដង​។​

​បច្ចុប្បន្ន​ស្ត្រី​មេខ្យល់​ទាំង​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល នាំមក​សាកសួរ រួច​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។ ចំណែក​នារី​រងគ្រោះ​ទាំង​៤​នាក់​ត្រូវបាន​នគរបាល​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៕​ដោយ​៖​ស្រីនាថ​

spot_img
×