អាជ្ញាធរក្នុងប្រទេសឥណ្ឌា បានជួយសង្គ្រោះអ្នកដំណើរចំនួន ១.០៥០នាក់ចេញពីរថភ្លើងបន្ទាប់ពីវាជាប់ដោយសារតែទឹកជំនន់ នៅក្បែរទីក្រុង Mumbai។
អាជ្ញាធរបានបញ្ជូនឧត្ថម្ភាគចក្រ ទូក និងក្រុមមុជទឹកជាច្រើនទៅកន្លែងដែលរថភ្លើង Mahalaxmi Express ជាប់ដោយសារទឹកជំនន់ នៅយប់ថ្ងៃសុក្រ ក្បែរទីប្រជុំជន Vangani។
អ្នកដំណើរបានថ្លែងប្រាប់ភ្នាក់ងារសារពត៌មាន IANS ថាពួកគេត្រូវបានប្រាប់អោយបន្តនៅលើរថភ្លើង ប៉ុន្តែពួកគេមិនមានអាហារហូប និងទឹកផឹកអស់រយៈពេល ១៥ម៉ោង។
អ្នកដំណើរត្រូវបានអាជ្ញាធរឲ្យជិះទូកមកកាន់ទីទួល មានសុវត្ថិភាព។
ក្រុមហ៊ុនគ្រប់គ្រងរថភ្លើង Central Railway បានថ្លែងថា អ្នកដំណើរទាំងអស់ រួមទាំង ស្ត្រីមានផ្ទៃពោះ ៩នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។
អាជ្ញាធរបានបង្កើតជំរុំបណ្តោះអាសន្ននៅក្បែរនោះ ដើម្បីផ្តល់អាហារ និងថ្នាំពេទ្យដល់អ្នកដំណើរទាំងអស់។
សូមបញ្ជាក់ថា ភ្លៀងម៉ូសុងបានធ្លាក់អស់ជាច្រើនសប្តាហ៍នៅតំបន់អាស៊ីខាងត្បូង បណ្តាលឲ្យមនុស្សស្លាប់ជាង ៦០០នាក់មកហើយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC