Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​ម៉ោង​ដំបូង និង​តែមួយ​មុខ​គត់ ចាប់ពី​កើត​រហូតដល់​អាយុ​៦​ខែ​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​សហ​ការ​ជាមួយ​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​អាហារូបត្ថម្ភ​កម្ពុជា​​និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ សូម​ប្រកាស​អំពី​ការ​ប្រារព្វ​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​នៅ​កម្ពុជា​
​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ យើងទាំងអស់គ្នា​គាំទ្រ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។​

ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ ថា​សប្តាហ៍​​ពិភពលោក​បំបៅកូន​​ដោយ​ទឹកដោះ​ម្តាយ​ត្រូវបាន​ប្រារព្ធ​នៅក្នុង​ប្រទេស​ជាង​១២០ នៅ​ជុំវិញ​ពិភពលោកដើម្បី​​លើកកម្ពស់​ការយល់ដឹង​អំពី​សារសំខាន់​ ​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ដើម្បី​កាត់បន្ថយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ និង​អត្រា​ស្លាប់​របស់​កុមារ​។​ សប្ដាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ជាស​កល​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៧ ខែសីហា​ ​ដោយឡែក​នៅ​ប្រទេស​កម្ពុជា​យើង​នឹង​ប្រារព្ធ​ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​៣១ ខែសីហា រៀងរាល់ឆ្នាំ​។

ព្រឹត្តិការណ៍​ថ្នាក់ជាតិ​នា​​ឆ្នាំនេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ទីធ្លា​ហាត់ប្រាណ​មាត់​ស្ទឹង​ក្បែរ​សណ្ឋាគា​ហ្គ​ន (Grand Hotel) ក្នុង​ទី​រួម​ខេត្ត សៀមរាប​នៅ​ថ្ងៃទី​៣០ ​ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ចាប់ផ្តើម​ពី​ម៉ោង ៨:00​ព្រឹក ដើម្បី​អបអរសាទរ​ជា​ផ្លូវការ​នូវ​ការ​ប្រារព្ធ​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។​

​ចាប់តាំងពី​ឆ្នាំ​២០០១​មក កម្មវិធី​ជាតិ​អាហារូបត្ថម្ភ​របស់​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ការ​ប្រារព្ធ​សប្តាហ៍​ពិភពលោក​​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​រៀងរាល់ឆ្នាំ ដែល​ធ្វើឱ្យ​អត្រា​បំបៅកូន ដោយ​ទឹកដោះ​ម្តាយ​ក្នុងចំណោម​ទារក ដែលមាន​អាយុ​​ក្រោម​៦​ខែ បាន​កើនឡើង​យ៉ាងខ្លាំង​ក្នុង​ចន្លោះ​ឆ្នាំ​២០០០ ដល់ ២០១០ គឺ​កើន​ពី​១១% ដល់​៧៤%​។ ចាប់ពីពេលនោះ​មក​​ការ​ប្រារព្វ​សប្តាហ៍​ពី​ភព​លោក​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក៏ត្រូវ​បាន​បញ្ឈប់​នៅ​ឆ្នាំ​២០១០ ដោយសារ​ការ​សន្មត​ថា មានការ​​យល់ដឹង​យ៉ាងច្រើន​ក្នុងចំណោម​សាធារណជន​អំពី​ការអនុវត្ត​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ (CDHS 2000 និង​2010)​។​

​ដោយឡែក​ក្នុង​ឆ្នាំ​២០១៤ លទ្ធផល​នៃ​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​បានបង្ហាញ​ឱ្យឃើញ​ថា អត្រា​នៃ​ការ​បំបៅកូន​​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់ ចាប់ពី​កើត​រហូតដល់​អាយុ​៦​ខែ បាន​ថយចុះ​ចំនួន ៩% (​ចុះ​ពី ៧៤% ដល់​៦៥%) វិញ​ ​ដោយសារតែ​មានការ​កើនឡើង​នូវ​ការប្រើប្រាស់​ផលិតផល​ទឹកដោះគោ​ម្សៅ​ផ្សំ​តាម​រូបមន្ត និង​អាហារ​សម្រាប់​កុមារ​តូច ហើយ​​ជា​លទ្ធផល​ពិធី​នេះ​ក៏​ត្រូវបាន​ប្រារព្ធ​ឡើងវិញ​ជាថ្មី​ក្នុង​ឆ្នាំ​២០១៥ ​។​

ការអនុវត្ត​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​អាច​បង្ការ​ការស្លាប់​រប​ស់​កុមារ​ទូទាំង​ពិភពលោក​ចំនួន​៨២៣.០០០​នាក់​ ​ជា​រៀងរាល់ឆ្នាំ​។ ភស្តុតាង​វិទ្យាសាស្ត្រ​បញ្ជាក់​ច្បាស់​ថា ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ភ្លាម ក្នុងអំឡុង​ម៉ោង​ដំបូង​បន្ទាប់ពី​សម្រាល​​អាច​ទប់ស្កាត់​មរណភាព​ទារក​បាន​ប្រហែល​២០% កុមារ​ដែល​បានទទួល​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​សម្រាប់​​រយៈពេល​៦​ខែ​ដំបូង​អាច​កាត់បន្ថយ​ជំងឺរាក​រូស​បាន​១១​ដង និង​ជំងឺ​រលាក​សួត​បាន​១៥​ដង បើ​ប្រៀបធៀប​ជាមួយ​កុមារ​ដែល​​មិនបាន​ទទួល​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​។

កុមារ​ដែល​មិនបាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ធ្វើឱ្យប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ ខួរក្បាល​សតិបញ្ញា​ស្មារតី និង​មាន​ទំហំ​ខួរក្បាល​តូច​ជាង​កុមារ​ដែល​បាន​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​។ មិនតែប៉ុណ្ណោះ​ពួកគេ​​បាត់បង់​ភាព​វៃឆ្លាត ឬ​IQ ចំនួន 2.6 ពិ​ន្ទ​បើ​ប្រៀបធៀប​នឹង​កុមារ​ទទួល​បានការ​បំបៅ​ទឹកដោះ​ម្តាយ​ពេញលេញ​។​

​ក្រសួងសុខាភិបាល​រួមជាមួយ​ដៃគូ​អភិវឌ្ឍ​សុខភាព និង​ភាគី​ពាក់ព័ន្ធ សូម​អំពាវនាវ​ឱ្យមាន​ការចូលរួម​សម្ពស់​
​និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​ក្នុង​ម៉ោង​ដំបូង និង​តែមួយ​មុខ​គត់ ចាប់ពី​កើត​រហូតដល់​អាយុ​៦​ខែ រួច​បន្ត​ការ​បំបៅ​រហូតដល់​អាយុ​២​ឆ្នាំ ឬ​លើស​។ ហើយក៏​សូម​សំណូមពរ​ឱ្យ​បន្ត​ប្រារព្ធ​សប្តាហ៍​ពិភពលោក​បំបៅកូន​ដោយ​ទឹកដោះ ម្ដាយ​ជាប់​ជាប្រចាំ ជា​រៀងរាល់ឆ្នាំ​ក្នុងន័យ​ក្រើនរំលឹក​ដល់​សហគមន៍​ពី​សារៈសំខាន់​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ដើម្បី​ធ្វើ​​ឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាពអាហា​រូបត្ថម្ភ និង​ការរស់រានមានជីវិត​របស់​កុមារ​ ៕​ ដោយ ៖ កូឡាប

 

spot_img
×