សៀមរាប៖ ក្រសួងសុខាភិបាល សហការអាជ្ញាធរខេត្តសៀមរាប រៀបចំសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ ក្រោមប្រធានបទ យើងទាំងអស់គ្នាគាំទ្រការបំបៅកូន ដោយទឹកដោះម្តាយ ក្នុងគោលបំណងដើមី្បលើកកម្ពស់គាំទ្រ គាំពារការបំបៅកូនដោយទឹកដោះម្តាយ បង្កើននូវការយល់ដឹង អំពីសារសំខាន់ និង គុណតម្លៃរបស់ទឹកដោះម្តាយ ពិសេសបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការបំបៅកូនដោយទឹកដោះម្តាយ នាព្រឹកថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០១៩នេះ នៅបរិវេណសួនកម្សាន្តខាងជើងព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប។
លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ការប្រារព្ធសប្តាហ៍ពិភពលោក បំបៅកូនដោយទឹកដោះម្តាយនាពេលនេះ គឺជាការរួមគ្នា ដើមី្បលើកកម្ពស់គាំទ្រ គាំពារការបំបៅកូនដោយទឹកដោះម្តាយ និង អប់រំផ្សព្វផ្សាយអំពីសារសំខាន់នៃការបំបៅកូនដោយទឹកដោះម្តាយ ពិសេសសំដៅឈានទៅធ្វើការពង្រឹង និង ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវបន្តផ្សព្វផ្សាយតាមបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ និង ឯកជន ដោយបង្កើតកម្មវិធីថ្មីៗ ពាក់ព័ន្ធនឹងការបំបៅកូនដោយទឹកដោះម្តាយ និង ពង្រឹងអនុវត្តបានម៉ឹងម៉ាត់នូវអនុក្រឹត្យលេខ១៣៣ និង ត្រួតពិនិត្យ តាមដានការឃោសនាពាណិជ្ជកម្ម និង ការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ ដែលនាំឲ្យមានការភាន់ច្រឡំដល់សាធារណជន ។
លោកទៀ សីហា មានប្រសាសន៍ទៀតថា ទន្ទឹមគ្នាទៅនឹងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និង សង្គមកិច្ច សម្រាប់ក្របខ័ណ្ឌខេត្តសៀមរាប ពិតជាបានជួបប្រទះនូវភាពប្រឈមមួយចំនួនលើអាហារូបត្ថម្ភ ដូចជាការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយបានជួបប្រទះនូវបញ្ហា ដោយសារម្ដាយធ្វើចំណាកស្រុក ធ្វើការនៅឆ្ងាយពីផ្ទះ កង្វះខាតចំណេះដឹងអំពីការបំបៅកូនដោយទឹកដោះម្តាយ និង ការរីករាលដាលនៃការផ្សព្វផ្សាយលក់ផលិតផលទឹកដោះគោម្សៅផ្សំតាមរូបមន្ត ដូច្នេះការបំបៅកូនដោយទឹកដោះម្តាយ គឺជាការងារអាទិភាពមួយ ដែលរដ្ឋបាលខេត្តសៀមរាប បាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ៕ ដោយ៖កូឡាប