បាត់ដំបង៖ កាលពីរសៀលថ្ងៃសៅរ៍ ០៣កេីតខែ ស្រាពណ៌ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ បុរសម្នាក់បានធ្វេីសកម្មភាព(ឆក់) យកប្រាក់ពីក្នុងចំណោមមនុស្សម្នាជាម្ចាសចាស់ទ្រព្យ ស្ថិតនៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បុរសដែលមានឈ្មោះ ក្នុងកំណត់ហេតុសាកសួរបំភ្លឺដោយនគរបាលការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញថា ខ្លួនមានឈ្មោះ សេង អ៊ុយ ភេទប្រុស អាយុ ២៧ ឆ្នាំមានទីលំនៅ ភូមិ ចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងចម្លេីយរបស់ខ្លួនបុរសឈ្មោះសេង អ៊ុយ បានសារភាពថាក្នុង ដំណេីររបស់ខ្លួននាថ្ងៃកេីតហេតុនេះគឺខ្លួនដេីរ(លួចឬឆក់)ទ្រព្យសម្បត្តិអ្នកដទៃណាដែល ខ្លួនបានប្រទះឃេីញថា មានឱកាសលួចឬឆក់គឺខ្លួនធ្វេីភ្លាម ។ លុះដេីរដល់ចំណុចកេីតហេតុខាងលេីបានឃេីញគេកំពុអង្គុយរាប់ប្រាក់នៅមុខផ្ទះ ខ្លួនក៏កេីតចេតនាចូលទៅលួចប្រាក់នោះ ប៉ុន្តែដោយសារម្ចាស់ប្រាក់នៅទីនោះខ្លួន មិនអាចលួចយកបាន ខ្លួនបានប្តូរចេតនា(លួច)នោះចោលទៅយកចេតនាថ្មីគឺ(ឆក់)យកប្រាក់នោះវិញ បន្ទាប់ពី(ឆក់)យកប្រាក់នោះ បានហេីយខ្លួនព្យាយាមរត់គេចខ្លួនពីទីកន្លែងកេីតហេតុ ប៉ុន្តែក្នងពេល(ឆក់)នោះ ជនរងគ្រោះជាម្ចាស់ទ្រព្យឃេីញទាន់ បានដេញប្រផាប់ចាប់ប្រភីងក្នុងពេលនោះ។ ដោយឃេីញស្ថានភាពផ្អេីលឆោឡោ ពីជនរងគ្រោះជនសង្ស័យរូបនេះ បានទាញយកដំបងដែកជ្រុងវាយទៅលេីជនរងគ្រោះដេីម្បីរំដោះខ្លួនពីទីកន្លែងកេីតហេតុ ។ ដោយបានការជួយអន្តរាគមន៍ ពីប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅជិតនោះ ជនសង្ស័យរូបនេះរួមទាំងវត្ថុតាងមានប្រាក់រៀលចំនួន៣០០,០០០រៀល(សាមសិបម៉ឺនរៀល) ដំបងដែកជ្រុងត្រូវបានឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលបុរសឈ្មោះ សេង អ៊ុយ បានបញ្ជាក់ថា ខ្លួនជាអ្នកសារព័ត៌មាន អាជីព ហេីយនៅជាប់ខ្លួនបស់គាត់មានប័ណ្ណអ្នកសារព័ត៌មានចំនួន០២ប័ណ្ណ ដែលក្នុងប័ណ្ណទាំងពីរនោះគឺ៖អ្នក(សារព័ត៌មានលេីកស្ទួយសង្គមជាតិ) ៖
១-ប័ណ្ណសារព័ត៌មានឈ្មោះសេង អេីយ ឆ្នាំកំណេីត ២២-១២-១៩៩៣ មានលេខសម្គាល់ No12 កាលបរិច្ឆេទផ្តល់ប័ណ្ណ 7/7/2019 ផុតកំណត់ប្រេី7/12/2019( មានបិទរូបថត របស់ជនសង្ស័យរូបនេះ) មានលេខទូរស័ព្ទ 015 329 627 និងលេខ 016 522 548 ។
២-ប័ណ្ណសារព័ត៌មានឈ្មោះ ប៊ូ រដ្ឋសំណាង ឆ្នាំកំណេីត ០១-០១-១៩៨៥ មានលេខសម្គាល់No217 កាលបរិច្ឆេទផ្តល់ប័ណ្ណ 7/7/2019 ផុតកំណត់ប្រេី7/12/2019( មានបិទរូបថត របស់ជនសង្ស័យរូបនេះ)មានលេខទូរស័ព្ទ 015 329 627 និងលេខ 016 522 548 ។
អ្វីដែលជាការកត់សម្គាល់នោះគឺ(រូបថត)ជនស័ង្សយស្ថិតនៅលេីប័ណ្ណសារព័ត៌មានចំនួន០២ ដែលមានឈ្មោះ ផ្សេងគ្នា ឆ្នាំកំណេីតផ្សេងគ្នា ឯកាលបរិច្ឆេទផ្តល់និងផុតសុពលភាពប្រេីប្រាស់ជាពេលវេលាតែមួយ ។
ចំពោះការអះអាងរបស់ជនសង្ស័យដោយភ្ជាប់ជាមួយប័ណ្ណសារព័ត៌មានផងនោះជាការពិតឬមិនពិតយ៉ាងណានោះ ជារឿងមួយប៉ុន្តែយ៉ាងណាក៏ដោយជនសង័ង្សយរូបនេះត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕ ដោយ៖កូឡាប