ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមថា មានគ្រោះថ្នាក់ចរាចររថយន្តធំដឹកឥដ្ឋក្រឡាប់ ហើយប៉ះទៅលើម៉ូតូនៅផ្លូវចំណោតបេតុងវត្តលើ (ផ្លូវចុះមកសង្កាត់លេខ២) កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩នេះ។
គ្រោះថ្នាក់ចរាចរនេះ បានបណ្តាលឲ្យមានមនុស្សមួយចំនួនរងរបួសធ្ងន់ស្រាល។ ក្នុងនោះបើតាមសេចក្តីរាយការណ៍បឋម របស់សមត្ថកិច្ចនគរបាលឲ្យដឹងថា មានមនុស្សយ៉ាងតិច៣នាក់ រងរបួស ហើយភា្លមៗជនរងគ្រោះទាំងនោះ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ទោះជាយ៉ាងនេះក្តី ក្រុមសង្គ្រោះកំពុងកាយគំនរឥដ្ឋរុករកក្រែងមានជនរងគ្រោះកប់ជាប់ នៅក្នុងគំនរឥដ្ឋ ក្រោមរថយន្តបង្កគ្រោះថ្នាក់ចរាចរនោះ។
គួររំលឹកថា ផ្លូវបេតុងមួយនេះអាជ្ញាធរ បានហាមឃាត់មិនឲ្យមានរថយន្តធំបើកបរឆ្លងកាត់ឡើយ ដើម្បីការពារខ្លាចមានគ្រោះថ្នាក់ចរាចរកើតឡើង។ ប៉ុន្តែការហាមឃាត់ របស់អាជ្ញាធរស្ថាប័នពាក់ព័ន្ធមិនមានប្រសិទ្ធភាពទេ។ ហើយថា ជារឿយអ្នកបើកបររថយន្តធំមួយចំនួន នៅតែចចេសបើកបរឆ្លងកាត់តាមផ្លូវចាក់បេតុងចុះពីវត្តលើជាបន្តបន្ទាប់ បើទោះជាអជ្ញាធរ បានដាក់បាំងធ្វើជារនាំងដែក និងរនាំងថ្ម ហាមឃាត់ ក៏មិនមានប្រសិទ្ធភាពនោះទេ៕ ដោយ៖ ដែន សីមា