ភ្នំពេញ ៖ ទីតាំងបើក Internet យីហោ Net 365 មានបង្កប់ល្បែងភ្នាល់ចាក់បាល់តាមអនឡាញ) នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានគណៈបញ្ជាឯកភាពខណ្ឌទួលគោកចុះបង្ក្រាប ។
ប្រតិបត្តិការខាងលើ បានធ្វើឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៥រសៀល រួមមានកម្លាំងព្រហ្មទណ្ឌខណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាល និងតាមការបញ្ជារចង្អុលបង្ហាញពីលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានដឹកនាំចុះត្រួតពិត្យទីតាំងបើក Internet យីហោ ៣៦៥ ដែលមានទីតាំងផ្ទះលេខ២៦១ ផ្លូវលេខ២៤៥ ក្រុមទី៩ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ពេលចុះមកដល់ទីតាំងក្រុមប្រតិបត្តិការ យើងបានត្រួតពិនិត្យមើលឃើញមានកុំព្យូទ័រទាំងអស់បើកដំណើរការ មានបើកអនឡាញបាល់ (ភ្នាល់ចាក់បាល់ស៊ីសងតាមអនឡាញ) ។
តាមសម្តីបុគ្គលិកណេតខាងលើ៤នាក់ បានបញ្ជាក់ថា ទីតាំងនេះពិតជាមានការភ្នាល់ចាក់បាល់តាមអនឡាញពិតប្រាកដមែន ទើបកម្លាំងបង្ក្រាបជាក់ស្តែងតែម្តង ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបយើងបានចាប់យកវត្ថុតាងរួមមាន ៖១-ម៉ូនីទ័រចំនួន២០គ្រឿង, ២-CPU ចំនួន១២គ្រឿង, ៣-ម៉ៅចំនួន១៨គ្រឿង ឃីប៊ត ចំនួន១៣ , ៤-ធុងឆ្នោតផ្សងសំណាង០១, ៥-ឯកសារបុងភ្នាល់បាល់មួយចំនួន ។
ក្រុមប្រតិបត្តិការយើង សម្រេចចាប់យកវត្ថុតាងខាងលើ យកមករក្សាទុកនៅសាលាខណ្ឌទួលគោក ។ ដោយឡែកទីតាំងបើកនេះក្រុមប្រតិបត្តិការសម្រេច ឃ្លុំបេរផ្ទះបិទទីតាំងអាជីវកម្ម ជាបណ្ដោះអាសន្ន និងមិនមានការឃាត់ខ្លួនមនុស្សទេ ។
បច្ចុប្បន្ន សម្ភារៈវត្ថុតាងពាក់ព័ន្ធល្បែងខាងលើ បានប្រគល់ឲ្យទៅសាលាខណ្ឌទួលគោក ដើម្បីរក្សារទុក ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ ដោយ ៖ កូឡាប