Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ស្វាគមន៍​អ្នកវិនិយោគ​ស្រីលង្កា ដែលមាន​បំណង​ជ្រើសរើស​កម្ពុជា ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​សូម​ស្វាគមន៍​ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​បរទេស​ទាំងអស់​ជាពិសេស​អ្នកវិនិយោគ​ស្រីលង្កា ដែលមាន​បំណង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ សម្តេច​តេ​ជោ ក៏​សូម​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​កម្ពុជា ដែលមាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្រៅ​ប្រទេស ពិចារណា​យក​ប្រទេស​ស្រីលង្កា​ជា​ប្រទេស​គោលដៅ​របស់ខ្លួន​។

​​នៅ​រសៀល​ថ្ងៃ​ពុធ ៧​កើត ខែស្រាព​ណ៍ ឆ្នាំកុរ​ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៧ ខែសីហា ឆ្នាំ ២០១៩​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា (Maithripala Sirisena) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រីលង្កា បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច កម្ពុជា​-​ស្រីលង្កា ដែល​ត្រូវធ្វើឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​។​

​នៅក្នុង​វេទិកា​នោះ​ផងដែរ ប្រធានសភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ស្រីលង្កា និង​មន្ត្រី​នៃ​ក្រសួងការបរទេស​នៃ​ប្រទេស​ស្រីលង្កា ក៏បាន​ឡើង​បង្ហាញ​ពី​ទំនាក់ទំនង និង​ស្ថានភាព​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​បង្ហាញ​ពី​ការធ្វើ​ធ្វើ​ពាណិជ្ជកម្ម និង​ឱកាស​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើយ៉ាងណា​ទាក់ទាញ​ការវិនិយោគ​ពីគ្នា​ទៅវិញទៅមក​។ ហើយ ខាង​ភាគី ស្រីលង្កា ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​កម្ពុជា​នាពេល​នេះ ជាពិសេស​បានឃើញ​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​រីករាយ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រីលង្កា នាពេលនេះ និង​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន ឯកឧត្តម ម៉ៃ​ទ្រី​ប៉ា​ឡា ស៊ី​រី​សេនា ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គមនិយម​ប្រជាធិបតេយ្យ​ស្រីលង្កា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម និង​គណៈប្រតិភូ​ធុរជន និង​អ្នកវិនិយោគ​ស្រីលង្កា មក​ធ្វើការ​សិក្សា​ស្វែងយល់​ដោយផ្ទាល់​ពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​។​

​សម្តេច​តេ​ជោ​បន្តថា កម្ពុជា​-​ស្រីលង្កា បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​តាំងពី​ជាង ៦​ទសវត្សរ៍​មុន​មក​ម្លេះ ពោលគឺ​ចាប់ពី​ឆ្នាំ​១៩៥២ ប៉ុន្តែ​ចំណង​ការទូត​នេះ ត្រូវបាន​ផ្អាក​មួយរយៈ​ដោយសារ​សង្គ្រាមស៊ីវិល តែ​យើង​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ឡើងវិញ កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​១៩៩៦ ហើយ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ​មាន​លក្ខណៈ​ជា​មិត្តភាព​កាន់តែ​ស្និទ្ធស្នាល តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​យើង​ទាំងពីរ​។​

​សម្តេច​តេ​ជោ​បាន​បង្ហាញថា ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ជា​មធ្យម​ក្នុង​រង្វង់ ៧,៧% ហើយ​បាន​ចាក​ចេញពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ក្នុង​ឆ្នាំ​២០១៥​។ សូចនាករ​នេះ​បង្ហាញថា កម្ពុជា​កំពុងស្ថិត​នៅលើ​គន្លង​នៃ​ការ​ឈានទៅ​សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០​។ តួលេខ​វិនិយោគ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ បង្ហាញ​ពី​ភាព​វិជ្ជមាន​ជាច្រើន ដែល​គម្រោង​វិនិយោគ​ត្រូវបាន​អនុម័ត មាន​ចំនួន ១៥៣​គម្រោង ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,២​ពាន់​លាន​ដុល្លារ​អាមេរិក បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ ដោយ​ចំនួន​គម្រោង​មានការ​កើនឡើង ៤៨​គម្រោង ខណៈដែល​ទុនវិនិយោគ​មានការ​កើនឡើង​ប្រមាណ​២​ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ចំណែក​ក្នុង​វិស័យ​ទេសចរណ៍ ចំនួន​ភ្ញៀវទេសចរ​ដែល​បានមក​កាន់​កម្ពុជា​បន្ត​កើន​ឡើងជា​លំដាប់​។ ក្នុង​រយៈពេល ៥​ខែ​ដើមឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​សរុប​ប្រមាណ​ជា ២, ៨៨ លាន​នាក់ មានការ​កើនឡើង ១១, ៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ ជាមួយគ្នានេះដែរ ក្នុង​រយៈពេល​ដូចគ្នានេះ ចំនួន​ភ្ញៀវទេសចរ​ស្រីលង្កា បាន​កើនឡើង ២២% គឺ​ពី ១.៤៣៧​នាក់ ដល់ ១.៧៥៦​នាក់​។ គួរកត់សម្គាល់​ផងដែរ​ថា ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​ចំនួន​ប្រមាណ ៦,២​លាន​នាក់ ហើយ​កម្ពុជា​រំពឹងថា ចំនួន​ភ្ញៀវទេសចរ​នឹង​កើនឡើង​បន្ថែមទៀត​នៅក្នុង​ឆ្នាំ​បន្តបន្ទាប់ ពោលគឺ​ប្រមាណ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង ១១​លាន​នាក់​នៅ​ឆ្នាំ​២០២៥ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកវិនិយោគ និង​ធុរជន ក្នុងការ​បណ្តាក់ទុន​ក្នុង​វិស័យនេះ​។​

​សម្តេច​តេ​ជោ​បានបង្ហាញ​ពី​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ដែលជា​យុទ្ធសាស្ត្រ​កំណើនសេដ្ឋកិច្ច​ថ្មី សំដៅ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥​។ រាជរដ្ឋាភិបាល​ចាត់ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច និង​ជា​ដៃគូ​ដ៏​ពិតប្រាកដ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​។ កម្ពុជា​បាន​បង្កើត​យន្តការ​សន្ទនា​មួយ ហៅថា “​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​” ដែល​សម្តេច​ដឹកនាំ​ផ្ទាល់ និង​ដោយមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន អភិបាល​គ្រប់​រាជធានី​-​ខេត្ត​តំណាង​ផ្នែក​ឯកជន​គ្រប់​វិស័យ ដើម្បី​លើកឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​ជូន​រាជរដ្ឋាភិបាល​ពិនិត្យ និង​ចាត់វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ ហើយ​វិធានការ​មុត​ស្រួច​មួយចំនួន​សំដៅ​៖
១) បង្កើន​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ចកម្ពុជា​
២) កែលម្អ និង​លើកស្ទួយ​ថែមទៀត​នូវ​បរិយាកាស​វិនិយោគ និង​ធុរកិច្ច​
៣) ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ និង​បង្កើត​ការងារ​ប្រកបដោយ​គុណភាព​។​

​សម្តេច​តេ​ជោ​សូម​ស្វាគមន៍​ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​បរទេស​ទាំងអស់ ជាពិសេស​អ្នកវិនិយោគ​ស្រីលង្កា ដែលមាន​បំណង​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្តើម ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។ សម្តេច​តេ​ជោ ក៏​សូម​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​កម្ពុជា​ដែលមាន​បំណង​ចង់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្រៅ​ប្រទេស ពិចារណា​យក​ប្រទេស​ស្រីលង្កា​ជា​ប្រទេស​គោលដៅ​របស់ខ្លួន​។​

​សម្តេច​តេ​ជោ​ក៏បាន​ជម្រាបជូន​ធុរជន និង​អ្នកវិនិយោគ​ស្រីលង្កា​អំពី​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​កម្ពុជា​លើ ៥​ចំណុច​៖
១) ភាពអំណោយ​ផល​នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូសេដ្ឋកិច្ច ។ ក្រោយពី​ឆ្នាំ​១៩៧៩ កម្ពុជា​បាន​ប្រឹងប្រែង​ដោយ​ប្រើប្រាស់​ដៃ​ម្ខាង​ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នៃ​របប​ប្រល័យពូជសាសន៍ និង​ដៃ​ម្ខាង​ទៀត​កសាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពី​ចំណុចសូន្យ ដែលមាន​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច ពី​ខាងក្រៅ​យ៉ាង​អយុត្តិធម៌ រហូត​បាន​បញ្ឈប់​សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំ​រៃ​កាលពី​ចុងឆ្នាំ​១៩៩៨ ដោយ​ដាក់ចេញ​នូវ “​គោលនយោបាយ​ឈ្នះ​-​ឈ្នះ​” ។ ការប្រឹងប្រែង​ពុះពារ​អភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​ចុង​ក្រោយនេះ បានធ្វើ​ឲ្យ​កម្ពុជា​ប្រែ​មុខមាត់​ថ្មី​ទាំង​ក្នុង​តំបន់ និង​សកល ហើយ​បច្ចុប្បន្ន កម្ពុជា​ទទួលបាន​ទាំង​ស្ថិរភាព​នយោបាយ សន្តិភាព និង​ម៉ាក្រូសេដ្ឋកិច្ច​ពេញលេញ​ដែល​បាន​ទាក់ទាញ​ធុរជន និង​វិនិយោគិន​មក​ធ្វើជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា​។​

២)​ការបើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​
​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​។​

៣)​កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប​និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ​៣៥​ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ ៧២% នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ប្រាក់​ឈ្នួល​ដែលមាន​ភាព​ប្រកួតប្រជែង​។​

៤)​កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​បាននិងកំពុង​ក្លាយជា​“​រោងចក្រ​នៃ​អាស៊ី​” ។ ទំនិញ​ផលិត​នៅ​កម្ពុជា​អាច​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង​ស្រុក ទីផ្សារ​អនុតំបន់​មេគង្គ​, ទីផ្សារ​អាស៊ាន និង​ទីផ្សារ​សំខាន់ៗ​ដទៃទៀត​ក្នុង​ពិភពលោក​។​

៥)​កម្ពុ​ជាមាន​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍ “​វប្បធម៌​និង​ធម្មជាតិ រួមមាន សម្បត្តិ​វប្បធម៌ ធនធានធម្មជាតិ កេរ្តិ៍តំណែល​ប្រវត្តិសាស្ត្រ ព្រមទាំង​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ឆ្នេរសមុទ្រ ទន្លេ​បឹងបួរ និង​ព្រៃព្រឹក្សា​របស់​ជាតិ ដែល​ទាំងនេះ​មាន​ភាព​ទាក់ទាញ​សម្រាប់​ទីផ្សារ​ទេសចរណ៍​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។​

​សម្តេច​ក៏​សូម​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​ស្រីលង្កា​ដែលមាន​វត្តមាន​នៅទីនេះ​ធ្វើការ​ពិភាក្សា​បន្ថែម​ជាមួយ​ធុរជន​កម្ពុជា និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​សិក្សា​ស្វែងយល់​ពី​សក្តានុពល និង​កលា​នុ​វត្ត​ភាព​វិនិយោគ​នៅ​កម្ពុជា​ព្រមទាំង​សម្រេចចិត្ត​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ហើយ​សម្តេច សូម​ធានា​ជូន​អ្នកវិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​គ្រប់បែបយ៉ាង​ដែល​អនុគ្រោះ និង​ជួយ​ជំរុញ​ដល់​ការវិនិយោគ​ពិសេស​គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន សម្តេច​ក៏បាន​ជូនពរ​អោយ​គណៈប្រតិភូ​នៃ​ប្រទេស​ស្រីលង្កា ដែល​មក​បំពេញ​ទេស្សន​កិច្ច​ក្នុងប្រទេស​កម្ពុជា ព្រមទាំង​វេទិកា​នេះ​ទទួលបាន​នូវ​ភាពជោគជ័យ​៕​ដោយ​៖​កូ​ឡាប​

spot_img
×