Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ ព្រមាន​នឹង​ចាត់វិធានការ ប្តូរ​សមាសភាព​ដឹកនាំ ប្តូរ​ក្រុមហ៊ុន បើ​ធ្វើ​ផ្លូវ​មិនបាន​ល្អ​

spot_img

​ភ្នំពេញ​៖ “​ក្រុមហ៊ុន​សាងសង់​ផ្លូវ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​សាងសង់ និង​ជួសជុល​ផ្លូវ​ឲ្យ​មានគុណ​ភាព​គោរព​តាម​កិច្ចសន្យា បើ​មិន​ដូច​ច្នោះ​ទេ​ក្រសួង​នឹង​ចាត់​វិធាន ប្តូរ​សមាសភាព​ដឹកនាំ ប្តូរ​ក្រុមហ៊ុន ព្រមទាំង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ា​ត​” ប្រសាសន៍​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការអនុវត្ត​កិច្ចសន្យា​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ប​ច្ចេស​ទេស​នៃ​ការសាងសង់​ផ្លូវ​នៅ​កម្ពុជា ។​

​នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការអនុវត្ត​កិច្ចសន្យា​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ប​ច្ចេស​ទេស​នៃ​ការសាងសង់​ផ្លូវ​នៅ​កម្ពុជា​។

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង នាយក​អង្គភាព​គ្រប់គ្រង​គម្រោង (PMU) នាយក​អង្គភាព​អនុវត្ត​គម្រោង (PIU) អគ្គនាយក​ដ្ឋា​សាធារណការ អគ្គនាយកដ្ឋាន​បច្ចេក​ទេស មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​២៥ រាជធានី​-​ខេត្ត កងវិស្វកម្ម ក្រុមហ៊ុន​សាងសង់​ផ្លូវ ក្រុមហ៊ុន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ផ្លូវ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ទូទាំងប្រទេស​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែង​សង្កត់ធ្ងន់​ពី​ផលប៉ះពាល់​នៃ​ការសាងសង់​ផ្លូវ​គ្មាន​គុណភាព ធ្វើឱ្យ​ខាតបង់​ថវិកាជាតិ​ដែល​រាជរដ្ឋាភិបាល ខិតខំរ​កដោយ​លំបាក ខាតបង់​ពេលវេលា​ក្នុងការ​ធ្វើដំណើរ ដោយសារ​ផ្លូវ​ខូច គ្មាន​ការបំពាក់​ផ្លាកសញ្ញា​ចរាចរណ៍​បង្ក​ឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ប្រជាពលរដ្ឋ​នៅតាម​ដងផ្លូវ​រង ផលប៉ះពាល់​ដល់​សុខភាព​ជាដើម​។

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស កងវិស្វកម្ម និង​ភាគី​ពាក់ព័ន្ធ ត្រូវ​រក​ដំណោះស្រាយ និង​នីតិវីធី​នៃ​ការសាងសង់​ផ្លូវ​ឱ្យមាន​គុណភាព​រឹងមាំ ប្រើប្រាស់​ជាប់​បាន យូរអង្វែង កុំឱ្យ​ប្រជាពលរដ្ឋ​បានធ្វើការ​រិះគន់ថា​៖ ធ្វើ​ផ្លូវ​មិនបាន​រឹងមាំ ធ្វើ​មុខខូច​ក្រោយ ដែល​ធ្វើឱ្យ​ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​សាងសង់​ខ្លួនឯង​បាត់បង់​កេរ្តិ៍ឈ្មោះ និង​ខូច​មុខមាត់​។

​លោក​ទេសរដ្ឋមន្ត្រី បាន​ព្រមាន​ឱ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវថ្នល់​ទាំងអស់ មិនត្រូវ​កេងប្រវ័ញ្ច​លើ​បទដ្ឋាន​បច្ចេកទេស និង​ខ្លឹមសារ​នៃ​កិច្ចសន្យា​ឡើយ ត្រូវមាន​អ្នកជំនាញ​គ្រប់គ្រង ត្រួតពិនិត្យ​គុណភាព ត្រូវមាន​អ្នកចេះ​ភាសា​ខ្មែរ​ដែល​អាច​ធានា​ទំនាក់ទំនង និង​ត្រូវ​ង​ដឹង​ពី​ភូមិសាស្ត្រ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ធ្វើការ​សិក្សា និង​សាងសង់​ឲ្យ​មាន​គុណភាព ព្រមទាំង​បានបញ្ជាក់​ថា​៖ ក្រុមហ៊ុន​បច្ចេកទេស គឺជា​ភ្នែក​ជា​ត្រចៀក​របស់​ក្រសួង បើ​ទីប្រឹក្សាបច្ចេកទេស មិន​ធ្វើការ​មិនបាន​ត្រឹមត្រូវ ធ្វើឱ្យ​ផ្លូវ​មិនបាន​ល្អ និង​គ្មាន​គុណភាព​។

​លើសពីនេះទៅទៀត លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមទៀតថា​៖ ក្រសួង​នឹង​រៀបចំ​នីតិវិធី ឡើងវិញ​ដើម្បី​ពិនិត្យមើល​ក្រុមហ៊ុន​ម៉ៅការ​បន្ត ពោលគឺ​ត្រូវធ្វើ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ម៉ៅការ​បន្ត ដើម្បី​តាមដាន​ប្រវត្តិ​ក្រុមហ៊ុន​ម៉ៅ​ការបន្ត​ទាំងនោះ​ឱ្យបាន​ម៉ត់ចត់ និង​បាន​បន្ថែមថា ក្រុមហ៊ុន​សាងសង់ ត្រូវធ្វើ​ការសិក្សា និង​ស្គា​ល់ពី​ភូមិសាស្ត្រ​កម្ពុជា​ឱ្យបាន​ច្បាស់លាស់​មុន​ធ្វើការ​សាងសង់​ផ្លូវ​។

​ជាងនេះទៅទៀត ក្រសួង​ត្រូវបង្កើត​ក្រុមការងារ​ត្រួតពិនិត្យ តាមដាន​ពីលើ​អង្គភាព PMU និង PIU ថែមទៀត ដើម្បី​ធានា​គុណភាព​សាងសង់​រឹងមាំ និង​មិន​ទទួលយក​ផ្លូវ​គ្មាន​គុណភាព​រឹងមាំ​ឡើយ ធ្វើបែបនេះ​ដើម្បី រាជរដ្ឋាភិបាល​អាចមាន​ថវិកា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ជាច្រើន​ទៀត​ដូចជា​៖ សាលារៀន មន្ទីរពេទ្យ និង​ប្រឡាយទឹក​ដែលជា​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​។​

​ជាទី​បញ្ចប់ លោក​ទេសរដ្ឋមន្ត្រី បញ្ជាក់​ឡើងវិញ​ថា ក្រុមហ៊ុន​សាងសង់​ផ្លូវ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សាងសង់ និង​ជួសជុល​ផ្លូវ ឲ្យ​មាន​គុណភាព​គោរព​តាម​កិច្ចសន្យា បើ​មិន​ដូច​ច្នោះ​ទេ ក្រសួង​នឹង​ចាត់វិធានការ ប្តូរ​សមាសភាព​ដឹកនាំ ប្តូរ​ក្រុមហ៊ុន ព្រមទាំង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​។ លោក ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស កងវិស្វកម្ម និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​និង​សហការ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ជាមួយ​ក្រសួង ក៏ដូចជា​រាជរដ្ឋាភិបាល ដើម្បី​សាងសង់​ផ្លូវថ្នល់​កម្ពុជា ឱ្យមាន​គុណភាព​រឹងមាំ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×