Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​ស្តីពី​កសិកម្ម សំដៅ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​និង​ដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​

spot_img

​ភ្នំពេញ​៖​វេទិកា​ស្តីពី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែល​ត្រូវបាន​រៀបចំ​ឡើងជា​លើក​ទី​២​នេះ ក្នុង​ស្មារតី​ស្ថាបនា ដើម្បី​ប្រមូល​ធាតុ​ចូល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ សំដៅ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា ដោយ​ផ្តោត​គោលបំណង​ផ្តល់ឱកាស​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គំនិត​។​

​វេទិកា​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ ដែល​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អធិបតីភាព​។ បើតាម​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា វេទិកា​នេះ​ក្នុង​គោលបំណង ៖ ១-​ស្វែងយល់​អំពី​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមទាំង​បញ្ហា​ប្រឈម​សំខាន់ៗ និង​សំណូមពរ​នានា ពាក់ព័ន្ធ​នឹង​ការលើកកម្ពស់​ផលិតកម្ម​កសិកម្ម ការគ្រប់គ្រង​កសិផល និង​ទីផ្សារ ២-​ពិភាក្សា​ចែករំលែក​បទពិសោធន៍ មេរៀន ព័ត៌មាន និង​ចំណេះដឹង​អំពី​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង ៣-​រិះរក និង​កំណត់​ដំណោះស្រាយ​លើ​បញ្ហា​ប្រឈម​សំខាន់ៗ និង​សំណូមពរ​នានា ព្រមទាំង​ភារកិច្ច ការរួមចំណែក ឬ​ការទទួលខុសត្រូវ​រប​ស់ភា​គី និង​អ្នកពាក់ព័ន្ធ​ទាំងអស់​។ សន្និបាត​បូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឆ្នាំ​២០១៦-២០១៧ នាពេល​ឆាប់ៗ​ខាងមុខនេះ ក៏​នឹង​យក​លទ្ធផល​នៃ​វេទិកា​នេះ ទៅពិនិត្យ និង​ពិភាក្សា​បន្ថែមទៀត ដើម្បី​ដាក់ចេញ​ដំណោះស្រាយ និង​វិធានការ​អនុវត្ត​។​

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​សុន្ទរកថា​បើក​វេទិកា​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ ដោយ​គូសបញ្ជាក់​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​រង្វង់ ៧% ជាង​១​ទសវត្សរ៍​កន្លងមក ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​ការ​អភិ​ឌ្ឍ​វិស័យ​កសិកម្ម ពី​កង្វះ​តម្រូវការ​ស្បៀង​នា​ទសវត្ស​១៩៩០ រហូត​សល់​ស្បៀង​ជាង​៥​លាន​តោន នាពេល​បច្ចុប្បន្ន​។ ទន្ទឹមនឹង​ការរីកចំរើន​នេះ ក៏មាន​បញ្ហា​ប្រឈម​ថ្មីៗ​កើតមានឡើង​។ ដូចនេះ វេទិកា​នេះ​គឺជា​ឱកាស​អង្គុយ​ជជែក​គ្នា​រវាង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រក​វិធានការ​ដោះស្រាយ​រួមគ្នា​ជា​លក្ខណៈ​គ្រួសារ​។​

​វេទិកា​បាន​ពិភាក្សា​រួមគ្នា​យ៉ាង​ផុសផុល ត្រង់​ទៅ​ត្រង់​មកលើ​បញ្ហា​ប្រឈម និង​ដាក់​វិធានការ​ដោះស្រាយ ដែល​រួមមាន​៖ ការពិចារណា​ធ្វើ​ប្រតិភូកម្ម​បន្ថែម​ដល់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ការពង្រឹង​ការទទួលខុសត្រូវ​រប​ស់ម​ន្ទីរ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ការគាំទ្រ​និង​ជំរុញ​ដល់​SMEs​ក្នុង​ការទទួល​ឥណទាន ជាពិសេស​ពី​ធនាគារ​SMEs ដែល​នឹង​បង្កើត​នាពេល​ឆាប់ៗ​ខាងមុខ ការជំរុញ​បន្ថែម​ដល់​ការងារ​ទីផ្សារ​កសិផល​ដោយ​វិស័យ​ឯកជន និង​ក្រសួង ការបង្កើត​និង​ពង្រឹង​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ​ក្នុង​ការដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ចិញ្ចឹមសត្វ​ជាដើម ការពង្រឹង​ការអនុវត្ត​ច្បាប់​លើ​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​ឈើ ដី​សម្បទាន​សេដ្ឋកិច្ច ក៏ដូចជា​ការបំពេញ​នីតិវិធី​ក្នុងការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ជាពិសេស​ការជំរុញ​ចុះបញ្ជី​ដីឯកជន​របស់​រដ្ឋ ការពិនិត្យ​លើ​ការបន្ថែម​សុពលភាព​វិ​ញ្ញាប​ន​ប័ត្រ​អនាម័យ​សត្វ​និង​ផលិតផល​ពីស​ត្វ (​ស្បែក​សត្វ​) ដោយ​ផ្អែកលើ​តម្រូវការ​ច្បាប់​កម្ពុជា ប្រទេស​នាំចូល និង​អន្តរជាតិ ការពិភាក្សា​លើ​បញ្ហា​ពន្ធ​និង​អាករ​ពាក់ព័ន្ធ​នឹង​ផលិតកម្ម និង​ការកែច្នៃ​កសិផល វិធានការ​លើកស្ទួយ​ភាព​ប្រកួតប្រជែង​ទីផ្សារ​កសិផល និង​ការ​ចិញ្ចឹមសត្វ​…​ជាដើម​។​

​សូមបញ្ជាក់​ជូន​ថា នេះ​ជា​លើក​ទី​២ នៃ​ការរៀបចំ​វេទិកា​នេះ ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ដែល​វេទិកា​លើក​ទី​១ បានរៀបចំ​ធ្វើ​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា ស្របតាម​អនុសាសន៍ ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​កិត្តិ​បណ្ឌិត របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង​វេទិកា​ស្តីពី​”​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​” នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ កន្លងមក​៕ ដោយ​៖​កូ​ឡាប​

spot_img
×