Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់ មិនអាច​ធូររលុង និង​ចាប់បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព

spot_img

ភ្នំពេញ ៖ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បន្តថា អាជ្ញាធរ សមត្ថកិច្ច​នៅតាម រាជធានី ខេត្ត ត្រូវ​ដឹកនាំ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ម៉ឺងម៉ាត់​មិនអាច​ធូររលុង​បានទេ ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់ និង​បង្កើន​ការរៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​បាន​សមរម្យ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើកឡើងថា ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​អនុគណៈកម្មការ​ទី​២ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នា​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន បាន​ថ្លែងថា កិច្ចប្រជុំ​នេះ​ធ្វើឡើង​បំណង​ដើម្បី​ពិនិត្យឡើងវិញ​អំពី​ស្ថានភាព​ទូទៅ​នៃ​ការគោរព​ច្បាប់​ចរាចរណ៍​ឆ្នាំ​២០១៧ ។ ត្រូវតែ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មិនអាច​ធូររលុង​បានទេ និង​រិះរក​វិធី​ធ្វើយ៉ាងណា​ឲ្យ​អ្នកជិះ​ម៉ូតូ​ត្រូវតែ​ពាក់មួក​សុវត្ថិភាព ធ្វើ​ម៉េច​ចាប់បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព មិនមែន​សមត្ថកិច្ច​ធ្វើ​ដើម្បី​គំរាម ឬ​គាបសង្កត់​ពួកគាត់​នោះទេ តែ​យើង​ធ្វើ​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ពួកគាត់ ព្រោះថា​អ្នកស្លាប់​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ទៅដល់​ជិត​៨០​ភាគរយ ។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក នេ​ត សាវឿន ក៏បាន​អំពាវនាវ​ដល់​អ្នកធ្វើដំណើ​រទូ​ទៅ​គោរព​ច្បាប់ ស្រឡាញ់​អាយុជីវិត ទ្រព្យសម្បត្តិ គិតគូ​ដល់​អ្នកដទៃ ហើយ​អត់​ឳ​ន​ឲ្យ​គ្នា​ទៅវិញទៅមក នេះ​ជា​រឿង​សំខាន់ បើ​យើង​ធ្វើបាន​យ៉ាង​ដូច្នេះ សង្ឃឹមថា ឆ្នាំ​២០១៨ អាច​កាត់បន្ថយ​ចំនួន​គ្រោះថ្នាក់ ។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងថា គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៧ បាន​កើតឡើង​ចំនួន​៣៥៣១​លើក បណ្តាលអោយ​ស្លាប់​ចំនួន ១៧៨០​នាក់ (​អ្នកស្លាប់​ភាគច្រើន​ជា​អ្នកជិះ​ទោចក្រយានយន្ត​មាន​ចំនួន ១៣៦៥​នាក់ ស្មើ ៧៧​ភាគរយ ប្រភេទ ១២៥​សេ​សេ​ចុះក្រោម​មាន​ចំនួន ៩៩​ភាគរយ ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន ៧៨​ភាគរយ ) និង​របួស​ចំនួន​៥៥៣៩​នាក់ ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​មាន​អ្នកស្លាប់​១៦៨​នាក់ ខេត្តកណ្តាល​ចំនួន​១៦០​នាក់ និង​ខេត្តកំពង់ធំ​ចំនួន​១២៤​នាក់ ។ ចំនួន​ជនរងគ្រោះ​ជា​មធ្យម​ក្នុង​មួយថ្ងៃ​ស្លាប់​ចំនួន ៤,៩​នាក់ និង​របួស​ចំនួន​១៥,២​នាក់ ។ មូលហេតុ​បើកបរ​លើស​ល្បឿន​កំណត់​៣៦​ភាគរយ មិន​គោរព​សិទ្ធិ​១៧​ភាគរយ មិន​ប្រកាន់​ស្តាំ​១៣​ភាគរយ វ៉ា​ជែង​១០​ភាគរយ បត់​១០​ភាគរយ ស្រវឹង​៩​ភាគរយ កត្តា​យានយន្ត​៣​ភាគរយ និង​ងងុយដេក​១​ភាគរយ ។ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ថយ​ចំនួន​១៦៩​លើក ស្មើ​៤,៦​ភាគរយ ស្លាប់​កើន​ចំនួន​៦៣​នាក់ ស្មើ​៤​ភាគរយ និង​របួស​ថយ​ចំនួន​១០៦៨​នាក់ ស្មើ​១៦​ភាគរយ ។ ក្នុងចំណោម​អ្នកស្លាប់ ១៧៨០​នាក់ ភាគច្រើន​ជា​អ្នកជិះ​ម៉ូតូ​មាន​ចំនួន​៨៣​ភាគរយ (​ប្រភេទ​១២៥cc ចុះក្រោម​) ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​៧៨​ភាគរយ ។ ករណី​គ្រោះថ្នាក់​ត្រូវបាន​ដោះស្រាយ​ចប់​ចំនួន ១៣១៦​ករណី បញ្ជូនទៅ​តុលាការ​ចំនួន ១១០៩​ករណី និង​កំពុង​អង្កេត​៨៨០​ករណី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×