Monday, December 6, 2021

គ្រូ​ពេទ្យភូមិម្នាក់​ ត្រូវ​បាន​​សម​ត្ថកិ​ច្ច​ខេ​ត្តឧ​ត្ដរ​មាន​ជ័យ​ ឃាត់ខ្លួន ​ក្រោយ​​ពី​​ព្យា​​បាល​ស្ត្រី​ម្នាក់​ បណ្ដាល​​ឲ្យ​​ស្លាប់​

​ឧត្ដរមានជ័យ​៖​ លោកគ្រូ​ពេទ្យចាក់​ថ្នាំ​ព្យាបាលជំងឺប្រជាពលរដ្ឋតាម​ភូមិ​​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តឧត្ដរមានជ័យ​ ឃាត់ខ្លួន​ក្រោយ​​ពី​​ព្យាបា​ល​​ស្ត្រី​ម្នាក់​ បណ្ដាល​ឲ្យ​​ស្លាប់​ កាលពី​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៩​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ឈូក​ ម៉ៅ​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ ភូមិ​ជ្រឹង​ខាងលិច​ សង្កាត់​កូន​ក្រៀរ​ ក្រុង​សំរោង​ ខេត្តឧត្ដរមានជ័យ​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ សឿង​ ប៊ុ​ន​រិ​ទ្ធ​ អាយុ​ ៦១​ឆ្នាំ​ រស់នៅ​ភូមិ​/​ឃុំ​ ជាមួយ​គ្នា​។​

​សមត្ថ​កិច្ច​​​បាន​​ឲ្យ​​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​១០​ សីហា​ វេលា​ម៉ោង​ ១​រសៀល​ ឪពុក​ម្ដាយ​ជន​រង​​​គ្រោះ​ បាន​ហៅ​គ្រូ​ពេទ្យម្នាក់​ចាក់​​ថ្នាំ​​តាម​ភូមិក្នុងមូលដ្ឋាន​ ឲ្យ​មក​មើលព្យាបាលជំងឺ​កូន​​របស់​ខ្លួន​ ដែល​មាន​​ជំ​ងឺ​​​ទាស់សរសៃ​ ដោយ​គ្រូពេទ្យរូបនោះ បាន​ដាក់​សេរ៉ូមមួយកំប្លោក​ ឲ្យ​ជន​រង​គ្រោះ​ លុះ​ម៉ោង​ប្រហែល​៤​រសៀល​​ ក៏​​អស់​​សេរ៉ូម​។​ បន្ទាប់​​មក​នៅ​ម៉ោង​​៦​​ល្ងាច​​ជ​នសង្ស័យ​បាន​ឲ្យ​អ្នកជំងឺ​លេ​ប​ថ្នាំ​ចំ​នួន​៣​មុខ​ផ្សេង​គ្នា​ លុះ​មក​ដ​ល់​​ម៉ោង​​៧​និង​៤៥​នាទី​ អ្នកជំងឺ​បាន​ប្រកាច់​​ស្លា​ប់​តែ​ម្ដង​។​

​បន្ទាប់​ទទួល​ព័ត៌មាន​នេះ​ មន្ទីរ​សុខាភិបាល​ខេត្ត​​​ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កូន​គ្រៀ​ល​ ចុះទៅ​ដល់​ក​ន្លែង​កើតហេតុ​ ​ពិនិត្យ​​បច្ចេកទេស​ ក្នុង​ការ​ព្យាបាល​​រក​​ឃើញ​ថា​ជនសង្ស័យ​ ប្រកប​របរ​​ដើរ​​ចា​ក់​ថ្នាំ​​ក្នុងភូមិ​ពុំ​មាន​​ស​ញ្ញាប័ត្រ​​បញ្ជាក់​​ថា​មាន​វិជ្ជាជីវៈ​ជា​​ពេទ្យ​​នោះ​ទេ​ និង​ពុំ​មា​ន​អា​ជ្ញាប័ណ្ណ​​ ពី​ក្រសួង​ ឬ​ពី​មន្ទីរ​សុខាភិបា​ល​នោះ​​ហើយសមត្ថកិច្ចបា​ន​ចាប់ខ្លួនគ្រូពេទ្យរូបនោះ។​

​អ្នកជំងឺ​ស្លាប់​បណ្តាល​មក​ពី​​ការ​​ប្រើប្រា​ស់​ថ្នាំ ​Glugose​ និង​ Vitamin​ Becom-plex​ ដែល​មាន​សារធាតុ​B1​ ​លើស​​ចំណុះ​ បណ្តាល​ឲ្យ​​ប្រតិកម្ម​ និង​ធ្វើ​ឲ្យ​ជាតិ​​​ស្ករ​ឡើ​ង​​ខ្លាំង​។​ ដោយ​មានការ​​សម្រ​បស​ម្រួល​ ក្នុង​កិច្ច​ប្រតិបត្តិ​កា​រ​ពី​​លោក​ កូយ​ កាន់​យ៉ា​ ព្រះរាជអាជ្ញា​​អម​​សាលា​ដំបូង​​ខេត្ត សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​នៅ​ម៉ោង​​១​២​និ​ង​​៣០​​នាទី​រំ​លង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​១១​​ សីហា​។​ ​បច្ចុប្បន្ន​កំពុង​​ឃាត់ខ្លួ​ន​បណ្តោះអាសន្ន​នៅ​អធិការ​​ស្រុក​ ​ដើម្បី​​កសា​ង​​សំណុំរឿង​​ បញ្ជូនទៅ​តុលាការ​ ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ដោយ៖បញ្ញាស័ក្តិ