Monday, December 6, 2021

ឆមាស​ទី​១​ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​ដែល​បានមក​ទស្សនា​ខេត្តមណ្ឌលគិរី ជាង​១,៦​សែន​នាក់​

​មណ្ឌលគិរី ​៖ ភ្ញៀវទេសចរ​ដែល​បានមក​ទស្សនា​ក្នុង​ខេត្តមណ្ឌលគិរី ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​សរុប​ប្រមាណ​ជា​១៦១.៨៣៥​នាក់ ក្នុងនោះ​ទេសចរ​ជាតិ សរុប​ប្រមាណ​ជា​១៥៣.៨១១​នាក់ ទេសចរ​អន្តរជាតិ​សរុប​ប្រមាណ​ជា​៨.០២៤​នាក់ បើ​ធៀប​ទៅនឹង​ឆមាស​ទី​១​ឆ្នាំ​២០១៨​នា​ឆ្នាំមុន ភ្ញៀវទេសចរ​មាន​ចំនួន​១២៧.២៧២ នាក់ ក្នុងនោះ​ទេសចរ​ជាតិ​ចំនួន​១២០.២៨៨​នាក់ ទេសចរ​អន្តរជាតិ​៦.៩៨៤​នាក់ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ​។​

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍ បន្តថា​ក្នុង​ឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​មក​ទស្ស​នា​ក្នុង​ខេត្តមណ្ឌលគិរី មាន​កើនឡើង​ចំនួន​២៦.៥៣៩ បើ​គិត​ជា​ភាគរយ​ស្មើនឹង​២៧,១៥% ក្នុងនោះ ទេសចរ​ជាតិ​កើន​២៧,៨៦% ទេសចរ​អន្តរជាតិ កើន​១៤,៨៩%​។ លោក​បានឱ្យដឹង​បន្ថែមថា ភ្ញៀវទេសចរ​ភាគច្រើន ដែល​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី គឺ​ទៅ​ទស្សនា​នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ភ្នំ​ដោះ​ក្រមុំ សមុទ្រ​ឈើ នឹង​រមណីយដ្ឋាន​ជាច្រើន​កន្លែង​ទៀត​។​
​លោក ងិន សុ​វិមាន បានឱ្យដឹង​បន្ថែមទៀតថា កំណើន​ភ្ញៀវទេសចរ​មានការ​កើនឡើង ដោយសារ​នៅក្នុង​ខេត្តមណ្ឌលគិរី មាន​អាកាសធាតុ​ត្រជាក់ សំបូរ​ដោយ​រមណីយដ្ឋាន​កំសាន្ត​នានា គូប​ផ្សំ​នៅ​ការរីកចម្រើន​នូវ​ហេ​ដ្ឋា​រ​រចនាសម្ព័ន្ធ និង​មាន​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ដែលជា​ហេតុ​ធ្វើឱ្យ​ភ្ញៀវទេសចរ​ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំមាន​ការកើនឡើង​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​