Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការជួញដូរ​មនុស្ស ជា​អំពើ​ឃោរឃៅ អមនុស្សធម៌ និង​ជា​អំពើ​បាប​យ៉ាងធ្ងន់ធ្ងរ ដែល​ជនល្មើស​បាន​ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ​

spot_img

​ភ្នំពេញ ​៖ ​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា ជំនឿ​សាសនា​គឺជា​ឱសថ​ដែល​ព្យាបាល​ជំងឺផ្លូវចិត្ត និង​ជា​គ្រឹះ​ដ៏​រឹងមាំ​នៃ​សីលធម៌​ក្នុងការ​រស់នៅ ដើម្បី​កាត់បន្ថយ និង​ឈានទៅ​ការលុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​។​

​សម្តេច​ក្រឡាហោម​បានលើកឡើង​បែបនេះ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​វេទិការ​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ទាសភាព​សម័យ​ទំនើប​លើក​ទី​៣ នា​រសៀល​ថ្ងៃ​ពុធ ទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស បាន​មានប្រសាសន៍​លើកឡើងថា ជំនឿ​សាសនា គឺជា​ឱសថ​ដែល​ព្យាបាល​ជំងឺផ្លូវចិត្ត ជា​មាគ៌ា​តម្រង់ផ្លូវ​ឱ្យ​មនុស្ស​ដែល​ទៅតាម​ផ្លូវ​សុចរិត ជា​ច្បាប់​កម្រិត​អោយ​មនុស្ស​ជៀសវាង​នូវ​កំហុស​ក្នុង​ការកសាង​បាបកម្ម និង​ឧក្រឹដ្ឋ​កម្ម​នានា ឲ្យ​មនុស្ស​ចេះ​រស់នៅ​មាន​ភាព​សុខុនរ​មនា​ក្នុង​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ចេះ​គោរព​ខ្លួនឯង និង​គោរព​គ្នា​ទៅវិញទៅមក ដែល​នេះ​មានន័យថា សាសនា គឺជា​ប្រភព​នៃ​សេចក្តីសុខ​របស់​មនុស្ស ដែល​នេះ​ជាហេតុ​ផល​ក្នុងការ​កាត់បន្ថយ និង​ឈានទៅ​ការលុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ក្នុងសង្គម​កម្ពុជា​ផងដែរ​។

​សម្តេច​ក្រឡាហោម បាន​បន្តថា ការជួញដូរ​មនុស្ស គឺជា​អំពើ​ឃោរឃៅ អមនុស្សធម៌ និង​ជា​អំពើ​បាប​យ៉ាងធ្ងន់ធ្ងរ ដែល​ជនល្មើស​បាន​ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ​ជាម​នុស្ស គ្រប់​វ័យ ទាំង​ទារក កុមារ យុវវ័យ និង​មនុស្ស​ចាស់​គ្រប់​ប្រភេទ ឥត​រើសមុខ ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​សេចក្តីថ្លៃថ្នូរ បាត់បង់​សិទ្ធិ​ជា​មនុស្ស​បាត់បង់​សេចក្តីសុខ​ក្នុង​គ្រួសារ​ខូចខាត​ដល់​សុខភាព​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ រហូតដល់​បាត់បង់​អាយុជីវិត​រៀងរាល់ថ្ងៃ​។ សម្តេច​ក្រឡាហោម​បាន​បន្ថែមថា ការរួម​គ្នា​ក្នុង​សកម្មភាព​ពង្រីក​ការផ្សព្វផ្សាយ​តាមរយៈ​ការអប់រំ​តាមបែប​សាសនា​ដល់​សាសនិក​គ្រប់​និកាយ​សាសនា​ទាំងអស់ ដែលមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ដើម្បី​ឲ្យ​យល់ដឹង​អំពី​អំពើ​ជួញដូរ​មនុស្ស ផលប៉ះពាល់ ល្បិចកល​ជនល្មើស​និង​នាំគ្នា​លុបបំបាត់​ទាសភាព​សម័យ​ទំនើប​នេះ ឲ្យ​អស់ពី​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ថ្លែង​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួង​ធម្មការ និង​សាសនា បាន​លើកឡើងថា ដើម្បី​ចូលរួមចំណែក​បន្ត ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​វេទិការ អន្តរ​សាសនា​ថ្នាក់ជាតិ​លើក​ទី​៣​នេះ គឺ​រៀបចំឡើង​ក្នុង​គោលបំណង​សំខាន់ៗ រួមមាន ដើម្បី​ផ្សព្វផ្សាយ បង្កើន​ការយល់ដឹង នៃ​អំពើ​ជួញដូរ​មនុស្ស និង​តួនាទី​សំខាន់ៗ របស់​ថ្នាក់ដឹកនាំ​សាសនា​ទាំងឡាយ ក្នុង​ការអប់រំ​ប្រជាជន ក្នុងការ​ការពារ និង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​លុបបំបាត់​ទាសភាព​សម័យ​ទំនើប​។ ដើម្បី​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ស្ថាប័ន​សាសនា ក្នុង​ការងារ​អប់រំ​ផ្សព្វផ្សាយ​អំពើ​ជួញដូរ​មនុស្ស និង​ទាសភាព​សម័យ​ទំនើប​នៅតាម​វត្ត​អារាម ព្រះវិហារ និង​តាម​ពិធី​សាសនា​នានា និង​ដើម្បី​ឲ្យ​សំឡេង នៃ​ការ​សូត្រធម៌​អធិដ្ឋាន​នេះ ផ្តល់នូវ​ក្តីសង្ឃឹម​ដល់​ជនរងគ្រោះ អ្នក​ដែល​រង​ទុក្ខ​ដោយសារ​អំពើ​ជួញដូរ​មនុស្ស និង​សូម​ឲ្យ​ពួកគាត់​ឆាប់​បានទទួល​នូវ​សេរីភាព​ឡើងវិញ​។​

​ទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម បាន​គូស​បញ្ជាក់ទៀតថា វេទិកា​អន្តរ​សាសនា ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស គឺ​មិន​ត្រឹមតែ​ជា​វេទិកា​គំរូ​ថ្នាក់ជាតិ​មួយ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​ថ្នាក់​តំបន់ និង​ពិភពលោក​ទាំងមូល​។ វេទិកា​នេះ គឺជា​សក្ខីភាព​មួយ បង្ហាញ​អំពី​ភាពសុខដុមរមនា នៃ​សាសនា​ទាំងឡាយ​នៅ​ប្រទេស​កម្ពុជា​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វេទិកា​នេះ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត និង​ការចាប់ផ្តើម​អនុវត្តន៍​រួមគ្នា​មួយ​រវាង​សាសនា​ធំ​ទាំងអស់ លើ​ទស្សនៈវិស័យ​តែមួយ គឺ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស ការលើកកម្ពស់​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស ការកសាង​សន្តិភាព និង​សុខុមរ​មនា​របស់​មនុស្ស​ក្នុង​សង្គមជាតិ​កម្ពុជា​ទាំងមូល​។​

​តាម​របាយការណ៍​រប​ស់លោក​ស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រាជរដ្ឋាភិបាល បាន​ប្រឹងប្រែង​ជម្នះ​គ្រប់​ឧបសគ្គ ក្នុងការ​បង្ការ ទប់ស្កាត់ បង្ក្រាប សង្គ្រោះ ផ្តន្ទាទោស និង​ការពារ​ជនរងគ្រោះ យ៉ាងសកម្ម​។​

​ដោយឡែក ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០១៥​នេះ ការអប់រំ​ផ្សព្វផ្សាយ និង​សកម្មភាព​បង្ការ​ទប់ស្កាត់ ត្រូវបាន​យកចិត្តទុកដាក់ និង​ធ្វើឡើង​តាម​គ្រប់​រូបភាព ទាំង​កិច្ចការពារ​ផ្លូវច្បាប់ ការអប់រំ​ផ្សព្វផ្សាយ​ដោយផ្ទាល់​ដោយ​ប្រយោល តាម​ប្រព័ន្ធ​ព័ត៌មាន​នានា ឲ្យ​បាន​ដល់​មនុស្ស រាប់លាន​នាក់ ជាក់ស្តែង​វេទិកា​អន្តរ​សាសនា​ថ្នាក់ជាតិ នាពេលនេះ ក៏​ជា​មធ្យោបាយ​មួយ ដើម្បី​រួមចំណែក​ដល់​ការបង្ការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​ទាសភាព​សម័យ​ទំនើប​ផងដែរ​។​

​បើតាម​លោកស្រី ជូ ប៊ុន​អេង ក្រសួង ស្ថាប័ន អង្គភាព​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បានធ្វើ​ការបង្ការ ទប់ស្កាត់​តាម​ជំនាញ​រៀងៗ​ខ្លួន ដើម្បី​គ្រប់គ្រង​ស្ថាន​ភាពមិន​ឲ្យ​ធ្លាក់ចូល​ក្នុង​ភាព​រងគ្រោះ ដោយ​បទល្មើស​ជួញដូរ​មនុស្ស​។​

​ចំពោះ​ការងារ​បង្ក្រាប សមត្ថកិច្ច​នគរបាល​យុត្តិធម៌ បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ឈានដល់​ការបង្ក្រាប សរុប​បាន​៧៨​ករណី បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ មាន​៦២​ករណី (​គឺ​កើនឡើង ១៦​ករណី ស្មើនឹង​២៥%) ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​សាលាដំបូង​ចំនួន ៩៧​នាក់​លើ​៨៥​នាក់ (​កើន​១២​នាក់ ស្មើនឹង​១៤%) ក្នុងនោះ​ស្រី​២២​នាក់ អនីតិជន​៩​នាក់ ជា​ជនបរទេស ១៨​នាក់ (​សញ្ជាតិ​ចិន ១២​នាក់ និង​អាមេរិក ២​នាក់​)៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×