Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង ក្នុង​ក្រុង​សៀមរាប នគរបាល​ម្នាក់​របួសធ្ងន់​បញ្ជូនទៅ​ថៃ​

spot_img

បើតាម​ការបញ្ជា​ក់រប​ស់​សមត្ថកិច្ច​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា តាម​ព័ត៌មាន​ដែល​ទទួលបាន​ចុងក្រោយ​នេះ ពុំមាន​មនុស្ស​ស្លាប់​ទេ គឺ​មន្ត្រីនគរបាល​ម្នាក់​របួសធ្ងន់​ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ក្នុងករណី​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង នៅតាម​ផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្នុង​ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ នេះ គឺមាន​តែ​អ្នករងរបួស​ចំនួន​១៣​នាក់ ស្រី​ចំនួន​០៣​នាក់ ក្នុងនោះ​របួសធ្ងន់​ចំនួន​០៦ នាក់ ហើយ​ក្នុងចំណោម​អ្នករងរបួស​ចំនួន​១៣​នាក់​នេះ មាន​ជនជាតិ​បរទេស ចំនួន​០២​នាក់ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ដំណឹង​ដែល​ទទួលបាន​ថា មាន​អ្នករងរបួស​ដែល​បណ្ដាល​ឲ្យ​ស្លាប់​នោះ គឺ​ទទួលបាន​ពី​អ្នក​ដែល​ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ដែល​គាត់​បាន​ប្រាប់ថា ជនរងគ្រោះ​បាន​ស្លាប់​នៅពេល​ធ្វើដំណើរ​នៅតាម​ផ្លូវ ប៉ុន្តែ​បើតាម​ព័ត៌មាន​ផ្លូវ​ការដែល​ទើបនឹង​ទទួលបាន​នោះ គឺ​គិត​មកទល់ពេលនេះ ពុំមាន​មនុស្ស​ស្លាប់ ក្នុងករណី​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​នោះទេ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមថា ដោយមាន​ការយកចិត្ត​ទុកដាក់ និង សម្របសម្រួល​ពី​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប ដែលជា​ជំហាន​ដំបូង ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន រួច​បាន​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ចំនួន​០៧​នាក់ ក្នុងនោះ​ជនជាតិ​បរទេស​ចំនួន​០១​នាក់ , បញ្ជូនទៅ​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ចំនួន​០១​នាក់ ជា​ជនជាតិ​បរទេស , កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន​ក្នុង​ខេត្ត ចំនួន​០៤​នាក់ និង សុំ​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ​ចំនួន​០១​នាក់ ។​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ករណី​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង មាន ម្ចាស់​ទីតាំង​មានឈ្មោះ ឈុ​ក ឈុនលី ភេទ​ប្រុស អាយុ​៤៨ ឆ្នាំ មុខរបរ​លក់​ហ្គាស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ហើយ​ក្រៅពី​មាន​មនុស្ស​រងរបួស បាន​បណ្តាល​ឲ្យ​ខូចខាត ហាង​បញ្ចូល​ហ្គាស មាន​ជញ្ជាំង​ស័ង្កសី ប្រក់​ស័ង្កសី ប្រវែង​៨​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ , ឆេះ​ម៉ូតូ​ខូច​ទាំងស្រុង​ចំនួន​២​គ្រឿង , ឡាន​បញ្ចូល​ហ្គាស​ចំនួន ០១​គ្រឿង និង ឡាន​០១​គ្រឿង​ទៀត​បែក​កញ្ចក់ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ១២​គ្រឿង និង​ប្រើប្រាស់​ទឹក​សរុប​ចំនួន​៣០​រថយន្ត ក្នុងនោះ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចំនួន​០៣​គ្រឿង ប្រើ​ទឹក​អស់​៧​រថយន្ត , រថយន្ត​ពន្លត់​អគ្គិភ័យ របស់​កងរាជអាវុធហត្ថ​ខេត្ត ចំនួន​០៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១៥​រថយន្ត , រថយន្ត​ពន្លត់​អគ្គិភ័យ បូរី ទេសចរណ៍ (​ភូមិ​វប្បធម៌​) ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៣ រថយន្ត , រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ការពារ​បេតិកភណ្ឌ ចំនួន​០១​គ្រឿង ប្រើ​ទឹក​អស់ ០៣​រថយន្ត និង រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប ចំនួន​០១​គ្រឿង ប្រើ​ទឹក​អស់ ០២​រថយន្ត ៕​ ដោយ​៖​កូ​ឡាប​

spot_img
×