Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឱក ប៊ុង លើកទឹកចិត្ត​មន្ត្រី​ស្វែងយល់​ពី​ទិដ្ឋភាព​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ ដើម្បី​ពង្រឹង​ជំនាញ​ចរចា​ផ្នែក​ពាណិជ្ជកម្ម​

spot_img

(​ភ្នំពេញ​) ៖ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ឱក ប៊ុង បាន​លើកទឹកចិត្ត​មន្ត្រី ខិតខំ​ប្រឹងប្រែង​សិក្សា​មុខជំនាញ​ច្បាប់ពាណិជ្ជកម្ម​អន្តរជាតិ និង​ស្វែងយល់​អំពី​ការវិវត្ត​សំខាន់ៗ​ពាក់ព័ន្ធ​វិស័យ​ពាណិជ្ជកម្ម នៅក្នុង​ពិភពលោក ដើម្បី​ក្លាយទៅជា​អ្នកចរចា​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ ជាពិសេស​ការស្វែងរក​ទីផ្សារ និង​ការទាញយក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀងទ្វេភាគី និង​ពហុភាគី ជូន​រាជរដ្ឋាភិបាល និង​ប្រទេសជាតិ​។​

​ការលើកឡើង​របស់ លោក​រដ្ឋលេខាធិការ បាន​ធ្វើឡើង​នាឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «​ច្បាប់ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​ក្របខណ្ឌ​ពាណិជ្ជកម្ម​អន្តរជាតិ​» ដែល​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៩ ខែសីហា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​មន្ត្រី​អន្តរក្រសួង ប្រមាណ​ជាង ១០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​ឱក ប៊ុង បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កសាង​សមត្ថភាព​មន្ត្រី ដើម្បី​ដឹកនាំ​ការចរចា​របៀបវារៈ​ពា​ណិ​ជ្ជ​កម្ម សំដៅ​ជំរុញ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ព្រមទាំង​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ និង​កំណែទម្រង់​នានា របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​, វិនិយោគ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​កម្ពុជា​។​

«​កម្ពុជា ត្រូវមាន​កាតព្វកិច្ច​ចូលរួម​អនុវត្ត​វិធាន​ចាំបាច់​នានា របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​គាំទ្រ​គោលនយោបាយ​សាកល​ភា​វូ​ពាណិជ្ជកម្ម និង​ទាញយក​អត្ថប្រយោជន៍ ពី​ការធ្វើសមាហរណកម្ម​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ហើយ​បច្ចុប្បន្ន​ក្រសួងពាណិជ្ជកម្ម កំពុង​ជំរុញ​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែលមាន​ស្រាប់ និង​កសាង​ច្បាប់​ថ្មីៗ​ថែមទៀត ដើម្បី​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ជាតិ​» លោក ឱក ប៊ុង បាន​គូសបញ្ជាក់​។​

​សូមជម្រាបថា វគ្គ​បណ្តុះបណ្តាល​ថ្ងៃនេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​មន្ត្រី​រាជរដ្ឋាភិបាល ដើម្បី​ដឹកនាំ​ចរចា​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​ចំនួន ៨ មានដូចជា​៖ (១) អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) និង​កិច្ចព្រមព្រៀង​ទូទៅ​ស្តីពី​ទំនិញ និង​ពន្ធគយ (២) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់ (៣) កម្មសិទ្ធិបញ្ញា (៤) គោលនយោបាយ​ពាណិជ្ជកម្ម (៥) ច្បាប់​វិនិយោគ​អន្តរជាតិ (៦) ច្បាប់​សហគ្រាស​ពាណិជ្ជកម្ម​កម្ពុជា (៧) មូលដ្ឋានគ្រឹះ​នៃ​ប្រតិបត្តិការ​ពាណិជ្ជក​ម្ម​អន្តរជាតិ និង​ពន្ធដារ​កម្ពុជា (៨) នីតិវិធី​នាំចេញ​-​នាំចូល​៕​ ដោយ​៖​កូ​ឡាប​

spot_img
×