Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រឡង​បាក់​ឌុប ដំណើរការ​បានល្អ និង​ដោយ​រលូន ហើយ​មិនមាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ​កើតឡើង​គួរឱ្យកត់សម្គាល់​ឡើយ​

spot_img

​ភ្នំពេញ ​៖ ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ១៩ សីហា ២០១៩ ដំណើរការ​បានល្អ និង​ដោយ​រលូន ហើយ​មិនមាន​បាតុភាព​មិន​ប្រក្រតី​ធំដុំ​កើតឡើង​គួរឱ្យកត់សម្គាល់​ឡើយ ដោយសារ​បេក្ខជន​គោរព​តាម​បទ​ប្បញ្ញត្តិ នៃ​ការប្រឡង​យ៉ាង​ល្អ ស្ទើរតែ​ពុំមាន​នាំមក​ជាប់​ខ្លួន​នូវ​សំណៅ​ឯកសារ និង​ឧបករណ៍​ហាមឃាត់​។ នេះ​បើតាម​តាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២០ សីហា ២០១៩​។​

​មន្ត្រី​អប់រំ​គ្រប់លំដាប់​ថ្នាក់ ប្រមាណ​២​ម៉ឺន​នាក់ និង​គរុ​សិស្ស​-​និស្សិត​ជា​ជំនួយការ​អប្បមាទ​ជិត ២ ៥០០ នាក់ អនុវត្ត​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​គោរព​តាម​កម្រង​ភារកិច្ច និង​សេចក្ដីណែនាំ​បច្ចេកទេស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បាន​ប្រព្រឹត្តទៅ​ដោយមាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ពី​គ្រប់ភាគី​ពាក់ព័ន្ធ រួមមាន​អាជ្ញាធរ​ដែនដី អង្គភាព​ប្រឆាំង​អំពើពុករលួយ យុវជន​ស្ម័គ្រចិត្ត​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុ​ជាជាង ២ ០០០ នាក់ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងបី​ប្រភេទ និង​ប្រជា​ការពារ​ប្រមាណ ១០ ០០០ នាក់ មន្ត្រី​សុខាភិបាល​ប្រចាំ​មណ្ឌល​ប្រឡង​និង​មូលដ្ឋាន​សុខាភិបាល និង​អ្នកពាក់ព័ន្ធ​ទាំងឡាយ​។ ទោះបី​អាកាសធាតុ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក្ដៅ​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ​។ បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង​មាន​ចំនួន ០២ ករណី ក្នុងនោះ​ករណី​ដកហូត​ទូរស័ព្ទ​មាន ០១ ករណី និង​នាំ​សំណៅ​ឯកសារ​ចូល​មាន ០១ ករណី​។ ដោយឡែក​បេក្ខជន​មាន​បញ្ហា​សុខភាព​មាន​ចំនួន ១៥២ ករណី បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម អាច​បន្ត​ការប្រឡង​ទៀត​បាន លើកលែង ១១ ករណី ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ពុំ​អាច​ត្រឡប់មក​បន្ត​ការប្រឡង​បាន​។​

តាម​ការគ្រោងទុក លទ្ធផល​ប្រឡង​នឹងត្រូវ​ប្រកាស​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល នា​រសៀល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ និង​នៅតាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេងទៀត នា​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ និង​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​តែមួយគត់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា facebook.com/moeys.gov.kh​។​

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា សម័យ​ប្រឡង​១៩ សីហា ២០១៩ ត្រូវបាន​បញ្ចប់​ទៅដោយ​ជោគជ័យ ។​

​ដំណើរការ​សំណេរ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង ៖ ១៩ សីហា ២០១៩ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ និង​មិនមាន​ហេតុ​ការខុស​ប្រក្រតី​កើតមានឡើង​គួរឱ្យកត់​សម្គាល់​នោះទេ ។

​សន្លឹក​កិច្ចការ​របស់​បេក្ខជន​នៅតាម​មណ្ឌល​ប្រឡង ត្រូវបាន​វេច​ខ្ចប់ និង​ចុះហត្ថលេខា ដោយគណៈមេ​ប្រយោគ​​ទូទាំងប្រទេស គណៈកម្មការ​អប្បមាទ ជំនួយការ​អប្បមាទ ប្រធាន​-​អនុប្រធាន​មណ្ឌល ព្រមទាំង​បាន​យកទៅ​ផ្ញើ​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​នៅ​សាលាខេត្ត​។​

​ចំណែក​បេក្ខជន​ដែល​បាន​ចេញពី​ការប្រឡង​មាន​ទឹកមុខ​ស្រស់ស្រាយ សប្បាយរីករាយ ដែល​បញ្ជាក់ថា​ដំណើរការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ពិតជា​ប្រព្រឹត្ត​ទៅដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×