Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធានការណ៍​អនុវត្ត​ច្បាប់ ជា​កិច្ចការ​ដ៏​សំខាន់ និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ទប់ស្កាត់ លុបបំបាត់​បញ្ហា​គ្រឿងញៀន​

spot_img

​ភ្នំពេញ​ ៖ ​លោក​បណ្ឌិត ឆាយ ថន បាន​ណែនាំ និង​ផ្តល់​អនុសាសន៍​៤​ចំនុច ដល់​មន្ត្រីក្រោមឱវាទ ក្នុង​ពិធី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួងផែនការ ។​

​នៅ​ទីស្តីការ​ក្រសួងផែនការ​)៖ នា​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដល់​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួងផែនការ​។​

​លោក វង្ស សាម៉ុន រដ្ឋលេខាធិការ ជា​សមាជិក​ក្រុមការងារ​អន្តរក្រសួង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៃ​ក្រសួងផែនការ បាន​ឡើង​ថ្លែង​ពី​គោលបំណង​នៃ​ការរៀបចំ​ប្រជុំ​នា​ថ្ងៃនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​លើ​យន្តការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​ក្រសួង និង​បទបញ្ជា​ស្តីពី​ការពង្រឹង​វិធានការណ៍​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​រាជរដ្ឋាភិបាល ផែនការ​ស្តីពី​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៤ របស់​រាជរដ្ឋាភិបាល និង​ផ្សព្វផ្សាយ​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ទូទាំងប្រទេស ឆ្នាំ​២០១៩​។​

​លោក វង្ស សាម៉ុន បាន​បន្ថែមថា តប​តាម​អនុសាសន៍​របស់លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ ក្រុមការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្នាក់​ក្រសួង​មាន​មួយក្រុម និង​ក្រុមការងារ​តាម​បណ្តា​រាជធានី ខេត្ត មាន​២៥​ក្រុម ដែលមាន​សមាជិក​សរុប ចំនួន​៣១២​នាក់ ជា​ជន​បង្គោល ដើម្បី​ធ្វើការ​ងារ​លើ​យន្តការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ក្នុង​វិស័យ​ផែនការ ដោយបាន​ដាក់ចេញ​នូវ​វិធានការណ៍​ប្រជុំ​ផ្សព្វផ្សាយ ណែនាំ បំពាក់បំប៉ន​ស្មារតី និង​បញ្ជ្រាប​ការយល់ដឹង​ជាប្រចាំ​លើ​បញ្ហា​គ្រឿងញៀន ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​ឱ្យបាន​ជ្រាប និង​ផ្សព្វផ្សាយ​បន្ត​ជូន​ដល់​មន្ត្រី និង​អ្នកពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​នេះ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា យើង​បាន​រួមគ្នា​ប្រារព្វ​ពិធី ប្រជុំ​ផ្សព្វផ្សាយ​យុទ្ធនាការ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​បំផុស​ដាស់តឿន និង​ក្រើនរំលឹក​ដល់​ជន​គ្រប់រូប​ឱ្យ​គាំទ្រ និង​ចូលរួម​ក្នុង​គ្រប់​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន យល់ដឹង​ពី​ផលប៉ះពាល់ និង​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​។​

​លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​បញ្ជាក់ថា គ្រឿងញៀន គឺជា​បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ​មួយ សម្រាប់​សង្គម​មនុស្សជាតិ​ទាំងមូល​។​ស្ថានភាព​នៃ​ការផលិត ការ​ចរាចរណ៍ និង​ការប្រើប្រាស់​គ្រឿងញៀន​វា​វិវត្តន៍​ស្របទៅតាម​ចរន្ត នៃ​ភាព​រីកចម្រើន​បច្ចេកវិទ្យា វិទ្យាសាស្ត្រ​សង្គម និង​សេដ្ឋកិច្ច ដែល​និន្នាការ​បែបនេះ គឺជា​ការ​ប្រឈម​ដ៏​លំបាក​មួយ​សម្រាប់​ការអនុវត្ត​ច្បាប់​ចំពោះ​បណ្តា​ប្រទេស​នានា​។ ជាមួយនេះ​ការកើនឡើង​នូវ​ផលិតផល ការ​ចរាចរណ៍ និង​ការប្រើប្រាស់​គ្រឿងញៀន​សំយោគ និង​សារធាតុ​ញៀន​ប្រភេទ​ថ្មី ប៉ះពាល់​ប្រព័ន្ធ​ប្រសាទ គឺជា​ការព្រួយបារម្ភ ដែល​ប្រទេស​នានា នៅលើ​ពិភពលោក​កំពុង​ជួបប្រទះ និង​ផ្តោត​ការយកចិត្តទុកដាក់​។​

​លោក​បាន​បន្តថា​បើទោះបី​កន្លងមក​រាជរដ្ឋាភិបាល អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បន្ត​ដាក់ចេញ​នូវ​គោលនយោបាយ បទបញ្ជា និង​វិធានការណ៍​នានា​ជា​បន្តបន្ទាប់​ដើម្បី​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ ដូចជា គោលនយោបាយ​ភូមិ ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព បទបញ្ជា​លេខ​០១ ស្តីពី​ការពង្រឹង​វិធានការណ៍​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ជា​បន្តបន្ទាប់​ក្តី ក៏​ក្រុម​ឧក្រិដ្ឋជន​នៅតែ​បន្ត​ព្យាយាម​ធ្វើ​ចរាចរណ៍​គ្រឿងញៀន​ឆ្លងកាត់ ប្រជាពលរដ្ឋ​យើង​មួយចំនួន​នៅតែ​បន្ត​រង​ផលប៉ះពាល់​ពី​ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ សន្តិសុខ និង​សណ្តាប់ធ្នាប់​នៅតាម​គោលដៅ​ខ្លះ​ត្រូវបាន​ប៉ះពាល់​រងគ្រោះ​។​

​តាមរយៈ​សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ខ្លឹមសារ​បញ្ជាក់​យ៉ាងច្បាស់​លាស់ និង​ហ្មឺ​ង​ម៉ាត់​ពី​គោលជំហរ និង​ឆ​ន្ទះ​យ៉ាង​ប្តូរផ្តាច់​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​បាន​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដើម្បី​លុបបំបាត់ បង្ការ​ទប់ស្កាត់ បង្ក្រាប និង​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​គ្រឿងញៀន អោយ​អស់ពី​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុងន័យនេះ ដើម្បី​ចូលរួមចំណែក​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ណែនាំ និង​ផ្តល់​អនុសាសន៍​មួយចំនួន ដល់​មន្ត្រីរាជការ នៃ​ក្រសួងផែនការ​ទាំងអស់ ដូចខាងក្រោម​៖ ១-​គ្រប់​អង្គភាព​ទាំងអស់ ត្រូវ​រៀបចំ និង​ពង្រឹង​យន្តការ​សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំងគ្រឿង​ញៀន​នៅក្នុង​អង្គភាព​ឱ្យបាន​សមស្រប តាម​តួនាទី​ពាក់ព័ន្ធ និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​។ ២-​ក្រុម​ជន​បង្គោល​របស់​ក្រសួង និង​មន្ទីរ​ផែនការ​រាជធានី​-​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្ត​យកចិត្តទុកដាក់​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​នូវ​បទបញ្ជា​លេខ​០១ ស្តីពី​ការពង្រឹង​វិធានការណ៍​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​គោលនយោបាយ​គ្មាន​គ្រឿងញៀន ព្រមទាំង​ផែនការ និង​វិធានការណ៍​ផ្សេងៗ​ទៀត​របស់​រាជរដ្ឋាភិបាល ដោយ​ត្រូវ​រៀបចំ​ឱ្យមាន​យន្តការ​ច្បាស់លាស់ និង​មាន​ផែនការ​សកម្ម​ប្រចាំឆមាស និង​ឆ្នាំ​ច្បាស់លាស់ ហើយ​ធ្វើការ​អនុវត្ត​ឱ្យបាន​ជាប្រចាំ ដើម្បី​ផ្សព្វផ្សាយ បញ្ហា​គ្រឿងញៀន​ទៅដល់​មន្ត្រី ក្រុមគ្រួសារ និង​សហគមន៍ ឱ្យមាន​ប្រសិទ្ធភាព​។ ៣-​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​អង្គភាព​ទាំងអស់ ត្រូវធ្វើ​ការគាំទ្រ បំផុស​ឱ្យ​គ្រប់​សមាសភាព​ទាំងអស់ ចូលរួម​ក្នុង​ចលនា​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​ផលប៉ះពាល់ ទប់ស្កាត់​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ តាមរយៈ​ការប្រជុំ ដឹកនាំ​ការងារ​ក្នុង​អង្គភាព ក្រុមការងារ​ថ្នាក់ជាតិ​-​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​រាជធានី​ខេត្ត​ទាំងអស់​។ និង​៤-​វិធានការណ៍​អនុវត្ត​ច្បាប់ គឺជា​កិច្ចការ​ដ៏​សំខាន់ និង​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ទប់ស្កាត់ លុបបំបាត់​បញ្ហា​គ្រឿងញៀន ដូច្នេះ​គ្រប់​អង្គភាព​ទាំងអស់ ត្រូវ​ស្រាវជ្រាវ ស៊ើបអង្កេត ប្រមូល និង​ផ្តល់ព័ត៌មាន ដើម្បី​បង្ការ​ទប់ស្កាត់ និង​ប​ង្រា​ប​បទល្មើស​គ្រឿងញៀន​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×