Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ចង់បាន​ការវិនិយោគ​ពី​ជប៉ុន លើ​ការផលិត​គ្រឿង​បង្គុំ​ទោចក្រយាន ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្មន្តសាល​

spot_img

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា (Horinouchi Hidehisa) ជួយ​កៀងគរ​វិនិយោគិន​ពី​ប្រទេស​ជប៉ុន មក​បណ្តាក់ទុន​លើ​ការផលិត​គ្រឿង​បង្គុំ និង​សម្ភារ​ទោចក្រយាន ដើម្បី​លើកស្ទួយ​ឧស្សាហកម្ម​កម្មន្តសាល និង​ពង្រីក​ការនាំចេញ​ផលិតផល​សម្រេច ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន ដែល​បាន​ចប់​អាណត្តិ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែសីហា ឆ្នាំ​២០១៩​នេះ លោក​ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​ភាគី​ជប៉ុន អំពី​កំណែទម្រង់ និង​វិធាន​ការសម្រួល​ពាណិជ្ជកម្ម ដែល​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ឱកាស​ធុរកិច្ច ដែល​វិនិយោគិន​ជប៉ុន​អាច​កើប​យកប្រាក់​ចំណេញ​ពី​ការផលិត និង​នាំចេញ​ទៅកាន់​ប្រទេស​ទី​បី​។​

​លោក​រដ្ឋមន្ត្រី បាន​បន្ថែមទៀតថា​«​កម្ពុជា គឺជា​ប្រទេស​នាំចេញ​កង់​ធំ​បំផុត​លំដាប់​ទី​២ ក្នុង​ពិភពលោក ទៅកាន់​ទីផ្សារ​អឺរ៉ុប ប៉ុន្តែ​សម្ភារៈ និង​គ្រឿង​បង្គុំ​មួយចំនួន ត្រូវ​នាំចូល​ពី​ប្រទេស​ក្នុង​តំបន់ ដូច្នេះ​បើសិន​មាន​ក្រុមហ៊ុន​ផលិត​កង់​ដូចជា Shimano មក​វិនិយោគ​លើ​ឧស្សាហ​កម្មនេះ គឺ​ពិតជា​រឿង​ប្រសើរ​បំផុត​! ពីព្រោះ​យើង​កំពុង​ប្រែក្លាយ​ពី​ប្រទេស​ប្រើប្រាស់​កម្លាំង ទៅជា​ប្រើប្រាស់​ជំនាញ ដើម្បី​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​កំណើនសេដ្ឋកិច្ច ដូច​បានកំណត់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥»​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ លោក​ឯកអគ្គរាជទូត និង​រដ្ឋាភិបាល​ជប៉ុន ដែល​បានផ្តល់​ជំនួយឥតសំណង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដល់​ប្រទេស​កម្ពុជា ដើម្បី​កសាង​លទ្ធិប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ច​។ ទន្ទឹមគ្នា​នោះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ភាគី​ជប៉ុន បន្ត​ជួយ​គាំទ្រ​ការអភិវឌ្ឍ​កម្ពុជា​ថែមទៀត រាប់​តាំងពី​វិស័យ​អប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​។​ល​។​

​ជាការ​ឆ្លើយតប លោក​ហូ​រី​ណូ​អូ​ជិ ហ៊ី​ដេ​អ៊ី​ហ្សា បាន​សម្តែង​សេចក្តី​សោម​ន្ស ចំពោះ​វឌ្ឍនភាព​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ​រវាង​កម្ពុជា​-​ជប៉ុន និង​បាន​កោតសរសើរ​អំពី​កំណែទម្រង់​មុត​ស្រួច ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយ​សម្រួល​ការធ្វើ​ធុរកិច្ច​របស់​វិនិយោគិន​ជប៉ុន ជាពិសេស​ការនាំ​ចូល​ទំនិញ​នៅតាម​មាត់ច្រក​ព្រំដែន​។​

​លោក​ឯកអគ្គរាជទូត ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់ ចំពោះ​អនាគត​របស់​ប្រទេស​កម្ពុជា នៅក្រោម​ការដឹកនាំ​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​បាន​សន្យា​បន្ត​ជួយ​គាំទ្រ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការជំរុញ​វិនិយោគិន​ជប៉ុន ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់​ច្រើន​ថែមទៀត ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាជន និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×