Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី ថោង ខុន ម្ហូបអាហារកាន់តែ​សំខាន់​ឡើង​ក្នុង​ទាក់ទាញ​ភ្ញៀវទេសចរ​

spot_img

(​ភ្នំពេញ​)៖ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា ម្ហូបអាហារ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​វប្បធម៌មាន​តួនាទី ជា​កម្លាំងចលករ (Driver) កាន់តែ​សំខាន់​ឡើង​ក្នុង​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​មិន​ធ្លាប់​ចេញ​ដើរ​កំសាន្ត ។​

​នា​រសៀល​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក ស៊ូ ជី​ង (Xu Jing) នាយក​ប្រចាំ​តំបន់​អា​សុី​ប៉ា​សុី​ហ្វី​ក នៃ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​អញ្ជើញ​បិទ​សន្និសីទ​អន្តរជាតិ​លើក​ទី​១ ស្តីពី​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា​។​

ក្នុងនោះ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ការអភិវឌ្ឍ​ទេសចរណ៍​ម្ហូប អាហារ​នឹងចូលរួម​ទាក់ ទាញ​ទេសចរ​ថ្មីៗ​កាន់តែច្រើន​មក​ទស្សនា​កម្ពុជា​។​

​ម្ហូបអាហារ​ជា​កត្តា​គន្លឹះ​ក្នុងការ​បង្កើត​ភាពខុសប្លែក​គ្នា​ឲ្យ កាន់តែច្រើន ផ្ដល់ ជម្រើស​កាន់តែ​សំបូរបែប​ដល់​ទេសចរ ក៏ដូចជា​ចូលរួម​ពង្រឹង​ភាព​ទាក់ទាញ​នៃ​តំបន់​គោលដៅ​។​

ម្ហូបអាហារ​ចូលរួម​ព​ន្លឿ​ន​ការសម្រេចបាន​នូវ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ស្របតាម ខ្លឹមសារ​នៃ​សេចក្ដីថ្លែងការណ៍ Chendou ឆ្នាំ​២០១៧ ស្ដីពី​ទេសចរណ៍ និង​ការអភិវឌ្ឍប្រកប​ដោយ​​ចីរភាព​។ ការអភិវឌ្ឍ​ទេសចរណ៍​ម្ហូប អាហារ​ត្រូវ​គិតគូរ​ដល់​គោលការណ៍​ត្រីកោណ​គឺ Cuisine, Product និង Territory ។ Cuisine សំដៅលើ ការ​ចម្អិន​, Product សំដៅលើ មុខម្ហូប រីឯ Territory (​មានន័យថា​ទឹកដី​) សំដៅលើ​ការដាំដុះ​ផលិតផល​ម្ហូបអាហារ និង​ធនធាន​ផ្សេងៗ​ទៀត ដូចជា ប្រពៃណី ទំនៀម​ទំលាប់ និង​ធនធានធម្មជាតិ ដែល​បង្កើត​អត្តសញ្ញាណ​នៃ​ដែនដី​នោះ​។​

​លោក​បានស្នើ​ឲ្យ​បន្ត​ពង្រឹង និង​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​មន្ទីរ​ទស​ច​រណ៍​រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​ការរៀបចំ​ម្ហូបអាហារ​តាម​ដង​វិថី (Street Food) និង​ដង​វិថី​ម្ហូបអាហារ (Food Street) ប្រកបដោយ អនាម័យ និង​ការច្នៃប្រឌិត ដើម្បី​ទាក់ទាញ​ទេសចរ​។ ស្នើ​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ការរៀបចំ​សន្និសីទ​អន្តរជាតិ​នេះ​ជា​លើក​ទី​២ និង​បន្តបន្ទាប់​នៅ​ឆ្នាំក្រោយៗ​ទៀត ហើយ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ទេសចរណ៍​ម្ហូបអាហារ​កម្ពុជា ក្រសួងទេសចរណ៍​នឹង​បង្កើត​ក្រុមការងារ​មួយ ដែល​នឹង ទទួលបន្ទុក​អនុវត្ត​ស្មារតី​នៃ​អង្គ​សន្និសីទ​នេះ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ជូន​អង្គ​សន្និសីទ​ថា កម្ពុជា​នឹងមាន​ព្រឹត្តិការណ៍​ធំៗ​មួយចំនួនទៀត នាពេលខាងមុខ គឺ​នៅ​ខែវិច្ឆិកា ឆ្នាំ​២០១៩៖ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ទេសចរណ៍​ទទួលបន្ទុក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព (INSTO) នៅ​ខេត្តសៀមរាប ។ ចុងឆ្នាំ​២០១៩៖ សន្និសីទ​អន្តរជាតិ​ស្ដីពី​ការសម្រួល​ការធ្វើដំណើរ​នៃ​ប្រទេស​អាស៊ាន​បូក​បី ។ ដើមឆ្នាំ​២០២០៖ ការប្រណាំង​កង់​អន្តរជាតិ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​កម្ពុជា (​ទម្រង់​ដូច Tour de France នៅ​ប្រទេស​បារាំង​)​។ នៅ​ឆ្នាំ​២០២០៖ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ អាស៊ី​-​អឺរ៉ុប​។ ខែកុម្ភៈ ឆ្នាំ​២០២០៖ មហោស្រព​អូ​ពេ​រ៉ា​អន្តរជាតិ​លើកដំបូង ក្នុង​តំបន់​អង្គរ ដើម្បី​អបអរ​ខួប ២៥​ឆ្នាំ នៃ​ការបង្កើត​អាជ្ញាធរ អប្សរា​។ ខែមករា ឆ្នាំ​២០២១៖ វេទិកា​ទេសចរណ៍​អាស៊ាន ២០២១ (ATF 2021)​។ ឆ្នាំ​២០២២៖ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ ​និង​ឆ្នាំ​២០២៣៖ កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​រៀបចំ SEA Games៕​ ដោយ​៖​កូ​ឡាប​

spot_img
×