Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​សម័យ​ដើម​ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការបូជា​

spot_img

សៀមរាប៖​រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ​ខ្មែរ​ជាច្រើន​សន្ធឹក ត្រូវបាន​អ្នកស្រាវជ្រាវ​សិក្សា​តាមរយៈ​វត្ថុតាង​ជាច្រើន ក្នុងនោះ​សិលាចារឹក​ក៏​ជា​ភស្ដុតាង​ដ៏​សំខាន់​មួយ​ដែរ​។ សិលាចារឹក​ដែល​ចារ​ដោយ​បុព្វបុរស​ខ្មែរ បាន​រៀបរាប់​នូវ​រឿងរ៉ាវ​ជាច្រើន​ដែល​អាចឱ្យ​មនុស្ស​សម័យថ្មី​ដឹង​ពី​សាច់រឿង​និង​របៀប​រស់នៅ​របស់​ម​នុស្ស​បុរាណ​។ អ្នកសិក្សា​ស្រាវជ្រាវ​យល់ថា មនុស្ស​ពី​ដើម​ចារ​អក្សរ​លើ​ថ្ម​ដើម្បី​មូលហេតុ​សាសនា​។​

​បណ្ឌិត ឆោម គ​ន្ធា ក្នុង​បាឋកថា​ស្ដីពី «​សាកល្បង​ពិនិត្យមើល​សិលាចារឹក​កម្ពុ​ជាតា​មក្រ​សែ​ភ្នែក​មនុស្ស​សម័យ​ចាស់​» ដែល​រៀបចំ​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៦ សីហា បាន​ពន្យល់ថា មាន​ភស្ដុតាង​មួយចំនួន​ដែល​បង្ហាញថា មនុស្ស​សម័យ​ដើម​ចាត់ទុក​សិលាចារឹក​ជា​វត្ថុ​សក្ការបូជា ប្រៀបដូចជា​ព្រះ​បដិមា​ដូច្នោះ​ដែរ តួយ៉ាង​ផ្ទាំង​ចម្លាក់​នៅ​ប្រាសាទបាយ័ន ដែល​ក្នុង​នោះគេ​ឃើញ​មាន​កិច្ច​ពិធី​មួយ​ដោយមាន​ផ្ទាំងសិលា​ចារឹក​តម្កល់​នៅ​កន្លែង​ខ្ពស់​មួយ​និង​មាន​មនុស្សម្នា​រៀបចំ​កិច្ច​ពិធី​អបអរ​និង​លើកតម្កើង​។ អក្សរ​ថ្ម​ឬ​សិលាចារឹក​គឺជា​វត្ថុ​ដែល​គេ​ការពារ​យ៉ាង​យកចិត្តទុកដាក់​។ លើសពីនេះទៅទៀត មាន​ភស្តុតាង​ខ្លះ​បញ្ជាក់ថា អ្នកស្រុក​សម័យ​ដើម​ចារ​សិលាចារឹក​ទុក​សម្រាប់​ជាការ​បង្រៀន​មនុស្ស​ទូទៅ​ឲ្យ​ស្គាល់ «​ធម៌​» ពោលគឺ​ធ្វើ​តែ​បុណ្យ មិន​ធ្វើបាប​។​

«​សិលាចារឹក​បើ​និយាយ​សង្ខេប​ទៅ គឺ​ទាក់ទង​នឹង​ព្រះ​និង​ព្រះរាជា គឺ​សុទ្ធតែជា​អ្នក​គួរ​គោរពបូជា មិនមាន​ចារ​អំពី​ប្រធានបទ​ផ្សេង​ដូចជា​ការ​បូកលេខ​នព្វន្ដ​ខាង​គណិតសាស្ដ្រ​អ្វី​ទេ​។ មែនទែនទៅ មនុស្ស​សម័យបុរាណ​ស្ទើរ​ទាំងអស់ មិនថាតែ​ជនជាតិខ្មែរ​ទេ តែង​គោរព​អក្សរ​ឬ​អត្ថបទ​សំណេរ ព្រោះ​អក្សរ​នេះ​ប្រហែលជា​បច្ចេកវិទ្យា​ទីមួយ​ដែល​មនុស្សជាតិ​បាន​បង្កើតឡើង​។ ហេតុនេះ​មិនមាន​អ្វី​គួរ​ឆ្ងល់​ទេ​ថា មនុស្ស​នាំគ្នា​គោរព​កោតខ្លាច​អក្សរ​ឬ​សំណេរ »​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​បណ្ឌិត ឆោម គ​ន្ធា អ្នកជំនាញ​សិលាចារឹក​នៃ​មជ្ឈមណ្ឌល​អន្ដរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ជាមួយគ្នានេះដែរ បើតាម​ការលើកឡើងរ​បស់​បណ្ឌិត ឆោម គ​ន្ធា មកដល់​បច្ចុប្បន្ននេះ សិលាចារឹក​ប្រមាណ​ជាង ១,៤០០ ត្រូវបាន​ស្រាវជ្រាវ​រកឃើញ​និង​ចុះបញ្ជី​រួច ក្នុងនោះ​មាន​ទាំង​ជា​ភាសា​ខ្មែរ​និង​សំស្ក្រឹត​។ យ៉ាងហោចណាស់ សិលាចារឹក​ជាង​មួយ​ពាន់​បាន​បកប្រែ​រួច​និង​ខ្លះទៀត​កំពុង​បន្ត​បកប្រែ ។ អ្វីដែល​សំខាន់​នោះ តាម​ការបញ្ជាក់​របស់​អ្នកជំនាញ សិលាចារឹក​ជា​ភាសាសំស្ក្រឹត​និពន្ធ​នៅ​ប្រទេស​កម្ពុ​ជាមាន​ភាពល្បីល្បាញ​ជាង​សិលាចារឹក​ជា​ភាសាសំស្ក្រឹត​ដូចគ្នា​នៅ​ប្រទេស​ឥណ្ឌា​ជា​ស្រុក​ដើម​នៃ​ភាសា​នេះ​ទៅទៀត​។ បណ្ឌិត ឆោម គ​ន្ធា​ពន្យល់ថា ភាពល្បីល្បាញ​នោះ​គឺ​ឃើញច្បាស់​ទាំង​រូបរាង ទាំង​អត្ថន័យ​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×