Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា​ដីធ្លី​ ២​នាក់​ឪពុក​និង​កូន ត្រូវបាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពីបទ​ឆបោក ក្នុង​សំណុំរឿង​ពីរ​ករណី​ពាក់ព័ន្ធ​លក់​ដី​ខ្យល់​នៅ​ក្រុមហ៊ុន 7NG តែ​គ្មាន​ដី​ពិតប្រាកដ​ឲ្យ​អតិថិជន​

spot_img

​ភ្នំពេញ​ ៖ ​ឧកញ៉ា​ស្រី សុធា ជា​ឪពុក​មាន​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន 7NG និង​ឧកញ៉ា ស្រី ច​ន្ធូ ជា​កូនប្រុស មាន​តួនាទី​ជា​នាយក​ក្រុមហ៊ុន 7NG ដែលមាន​ដី​ពុះ​ឡូ​ត៌​លក់​ធំជាងគេ នៅ​តំបន់​វិហារ​សួគ៌ ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ធ្វើការ​ចោទប្រកាន់​ពីបទ​ឆបោក​ពាក់ព័ន្ធទៅនឹង​សំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន​២ ដែល​ជនរងគ្រោះ​ប្ដឹង​ចោទប្រកាន់ថា លក់​ដី​ឲ្យ​ពួកខ្លួន​ប្រគល់​លុយ​ឲ្យ​ហើយ តែ​មិនមាន​ដី​ឲ្យ​ពួកខ្លួន​ទៅវិញ​។

ករណី​ខាងលើនេះ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​ចាប់ និង​ឃុំខ្លួន​ក្រុម​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ខាងលើ ដើម្បី​បង្ការ ឬ​បញ្ចប់​បទល្មើស កុំ​ឲ្យ​កើតឡើង​សារជាថ្មី និង​ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ករណី​ទី​១៖ យោងតាម​ដីកា​សន្និដ្ឋាន​ប​ញ្ជូ​ល​រឿង​ឲ្យ​ស៊ើបសួរ លេខ​៣៧៣ អ​.​យ​.​ក ចុះ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លើ ឧកញ៉ា ស្រី សុធា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មាន​តួនាទី​ជា ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន 7NG និង​ឧកញ៉ា ស្រី ច​ន្ធូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​នាយក​ក្រុមហ៊ុន 7NG ពីបទ​ឆបោក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០០៨-២០១៩ យោងតាម​មាត្រា ៣៩១ និង​មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ​។ លោក កែវ សុធា ក្នុងនាម​ជា​តំណាង​អយ្យការ ក៏បាន​ស្នើសុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចេញ​ដីកា​ចាប់ និង​ឃុំខ្លួន​ក្រុម​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ខាងលើ ដើម្បី​បង្ការ ឬ​បញ្ចប់​បទល្មើស កុំ​ឲ្យ​កើតឡើង​សារជាថ្មី និង​ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។​

ដីកា​ដដែល​នេះ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០០៨ ជនរងគ្រោះ​ឈ្មោះ ឈុន ណាវី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ បាន​ទិញ​ដី ទំហំ​១​ម៉ឺន​ម៉ែត្រការ៉េ (១​ហិកតា​) ដោយមាន​ក្បាលដី​ប្រវែង​៥០​ម៉ែត្រ គុណ​និង​បណ្តោយ​ប្រវែង​២០០​ម៉ែត្រ ពី​ក្រុម​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ខាងលើ ប៉ុន្តែ​អស់​រយៈពេល​ជាង​១០​ឆ្នាំ មកហើយ​ដែល​ជនរងគ្រោះ​មិនបាន​ទទួល​ដី​ពី​ក្រុមហ៊ុន 7NG​។​

​ចំណាត់ការ​របស់​អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់ ឧកញ៉ា ស្រី សុធា និង​ឧកញ៉ា ស្រី ច​ន្ធូ ជា​នាយក​ក្រុមហ៊ុន 7NG នេះ បន្ទាប់ពី​ពួកគេ​គេចវេស​មិន​ព្រម​ចូល​ឆ្លើយបំភ្លឺ តាម​ដីកា​កោះហៅ​របស់​តំណាង​អយ្យការ ចំនួន​២​លើក​រួចមកហើយ​។​

​ចំណែកឯ​ករណី​ទី​២ គឺ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​នេះ បានសម្រេច​ចោទប្រកាន់ ឧកញ៉ា ស្រី សុធា ​នាយក​ក្រុមហ៊ុន 7NG និង ឧកញ៉ា ស្រី ច​ន្ធូ អ្នកចាត់ការ​ទូទៅ​ក្រុមហ៊ុន 7NG ពីបទ ឆបោក ពាក់ព័ន្ធ​ការលក់​ដី​ឡូ​តិ៍ ចំនួន​៧​ឡូ​តិ៍ យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ស៊ិន សុភ័ក្ត្រ​។​

​យោងតាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ ចុះ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ ចេញ​ដោយ​លោក​ព្រះរាជអាជ្ញារង ផ្ល​ង់ សុផល បានសម្រេច​ចោទប្រកាន់​ឧកញ៉ា ស្រី សុធា និង​ឧកញ៉ា ស្រី ច​ន្ធូ ពីបទ ឆបោក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០០៨ រហូតមកដល់​ឆ្នាំ​២០១៩ តាម​មាត្រា​៣៧៧ និង​មាត្រា​៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ទាំង​សំណុំរ​រឿង​ទី​១ និង​សំណុំរឿង​ទី​២ ស្រដៀង​គ្នា គឺ​ក្រុមហ៊ុន​លក់​ដី​ឲ្យ​អតិថិជន​រាប់​ឆ្នាំ​មកហើយ តែ​ពេល​អតិថិជន​ត្រូវការ​ដី​ដែល​ខ្លួន​បាន​ទិញ បែរជា​ក្រុមហ៊ុន​គ្មាន​ដី​ឲ្យ​អតិថិជន​ទៅវិញ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×