Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់ស្កាត់ការលួចបន្លំការនាំចេញ នាំចូល​វត្ថុ​បុរាណ​ដោយ​ខុសច្បាប់​

spot_img

​សៀមរាប ​៖ ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​សិក្ខាសាលា​មួយ ស្តីពី​ការគ្រប់គ្រង ការនាំចេញ នាំចូល​វត្ថុ​សិល្បៈ និង ការពិគ្រោះ​យោបល់ នៃ​ការអនុវត្ត​ប្រកា​សលេខ ១១៩ ប្រ​.​ក លើក​ទី​១ នៅ​ខេត្តសៀមរាប ក្នុង​គោលបំណង​ត្រួតពិនិត្យ និង គ្រប់គ្រង​ការធ្វើ​អាជីវកម្ម​វត្ថុ​សិល្បៈ ដើម្បី​ទប់ស្កាត់ ការលួចបន្លំ ការនាំចេញ នាំចូល​វត្ថុ​បុរាណ​ដោយ​ខុសច្បាប់ និង មាន​គោលដៅ​កំណត់​អំពី​នីតិវិធី នៃ​ការដាក់​ពាក្យស្នើសុំ ការកំណត់​កម្រៃ​សេវា​រដ្ឋបាល សមត្ថកិច្ច​ក្នុងការ​ពិនិត្យ និង​ផ្តល់​លិខិតអនុញ្ញាត ការនាំចេញ​វត្ថុ​សិល្បៈ​ទៅ​បរទេស ការផ្អាក និង បញ្ឈប់​ជា​ផ្លូវការ​ចំពោះ​អាជីវកម្ម​លក់​វត្ថុ​សិល្បៈ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង និង ត្រួតពិនិត្យ​ការនាំចេញ នាំចូល​វត្ថុ​សិ​ល្បះ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដូច​ជាការ​បំផុសស្មារតី​រួមគ្នា​យកចិត្តទុកដាក់​ថែរក្សា​ការពារ និង ផ្សព្វ ផ្សាយ​ឲ្យ​ដល់​សាធារណជន និង មហាជន នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ ។​

​លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប បាន​បញ្ជាក់ថា គោលបំណង​សំខាន់​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច និង អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ចូលរួម​ចែករំលែក​បទពិសោធន៍ ចំណេះដឹង និង បញ្ហា​ប្រឈម​នានា ក្នុង​ការរក​ដំណោះស្រាយ​រួមគ្នា ក្នុងការ​អនុវត្ត​នូវ​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ លើ​ការធ្វើ​អាជីវកម្ម ក៏​ដូច​សិប្បកម្ម​វត្ថុ​សិល្បៈ និង ផ្តល់នូវ​មតិយោបល់​ពិភាក្សា ដោយ​បើកចំហ​អំពី​ហេតុផល​ប៉ះពាល់ ក្នុងការ​ប្រកាស ស្តីពី​ការគ្រប់គ្រង ការនាំចេញ នាំចូល​វត្ថុ​សិល្បៈ ក្នុង​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​ប្រធានបទ និង អនុសាសន៍​ផ្សេងៗ ដើម្បី​ផលប្រយោជន៍​ក្នុងការ​ការពារ អភិរក្ស​វត្ថុ​បុរាណ ក៏ដូចជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​យើងទាំងអស់គ្នា ។

​លោកស្រី យូ សុភា​អភិបាលរង​ខេត្តសៀមរាប បាន​បញ្ជាក់ថា កម្ពុជា​បាន​ផ្ទុក​នូវ​សម្បត្តិ​វប្បធម៌​ដ៏​ចំណាស់ និង បាន​ឆ្លងកាត់​នូវ​វិនាស​សកម្ម​ដ៏​សែន​ខ្លោច​ផ្សាយ រយៈ​ពេញ​ជាច្រើន​ទសវត្ស សំខាន់​សង្គ្រាមស៊ីវិល​ជាង​បី​ទសវត្ស​មកនេះ ហើយ​មិន​ត្រឹមតែ​ជីវិត​មនុស្ស​បាត់បង់​នោះទេ សម្បត្តិ​វប្បធម៌​ក៏បាន បាត់បង់​ជាច្រើន​អនេក​ផងដែរ ហើយ​បើទោះបី​ប្រទេសជាតិ ស្ថិតក្នុង​ដំណាក់កាល​មាន​សុខសន្តិភាព​ពេញបរិបូរណ៍​ក៏ដោយ ក៏​ពុំ​មានន័យថា សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​មាន​សុវត្ថិភាព​នោះដែរ ដរាបណា​វត្ថុ​សិល្បៈ​ទាំងអស់នោះ ពុំទាន់​ទទួលបាន​កិច្ច​គាំពារ ថែរក្សា និង គ្រប់គ្រង ការនាំចេញ​វត្ថុ​សិល្បៈ​ដោយ មាន​កិច្ចសហការ​ពេញលេញ ត្រឹមត្រូវ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ។​

​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា សិក្ខាសាលា​នេះ ជាការ​បង្ហាញ​ពី​បញ្ហា​ប្រឈម និង ពាក់ព័ន្ធ​ការធ្វើ​អាជីវកម្ម​វត្ថុ​សិល្បៈ សម្រាប់​នាំចេញ និង ការ​នាំចូល​វត្ថុ​សិល្បៈ​ពី​បរទេស ដោយ​បច្ចុប្បន្ននេះ ក៏មាន​លំហូរ​ចូល​វត្ថុ​សិល្បៈ​ពី​បរទេស និង វត្ថុ​សិល្បៈ​ផលិត​ថ្មីៗ និង ចម្លង​ពី​ក្រៅប្រទេស ដាក់​ធ្វើ​ចរាចរណ៍​នៅតាម​ទីផ្សារ​កម្ពុជា​យើង ដែល​កត្តា​ទាំងនេះហើយ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បងប្អូន​សិល្បករ និង សិប្បកម្ម​លក្ខណៈ​គ្រួសារ ពិសេស​ធ្វើ​ឲ្យ​បាត់បង់ នូវ​ទំនុកចិត្ត​ពី​អតិថិជន និង​ភ្ញៀវ​ទេសចរណ៍ សំខាន់​នៅ​ខេត្តសៀមរាប ដែលជា​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ដែល​សម្បូរ​ទៅដោយ​សម្បត្តិ​វប្បធម៌​ជាតិ ។

​លោក​ជុច ភឿន មានប្រសាសន៍​បន្ថែមថា ដើម្បី​ទប់ស្កាត់ ការពារ​វត្ថុ​បុរាណ និង ស្ថានីយ​បុរាណ ដែលជា​កេរ្តិ៍ដំណែល​របស់​បុព្វបុរស និង ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​ពី​កត្តា​ធម្មជាតិ កត្តា​មនុស្ស និង ការជួញដូរ បំផ្លិចបំផ្លាញ ឈូសឆាយ ជី​រុករក​វត្ថុ​បុរាណ​ខុសច្បាប់ សូម​ឲ្យ​ស្វែងរក​ដំណោះស្រាយ​រួមគ្នា ក្នុងការ​គ្រប់គ្រង ថែរក្សា ការពារ និង អភិរក្ស​ឲ្យ​បាន​គង់វង្ស សម្រាប់​មនុស្ស​ជំនាន់​ក្រោយ និង ចូលរួម​ពិភាក្សា ផ្លាស់ប្តូរ​ចំណេះដឹង​បទពិសោធន៍ តាមរយៈ​ការដាក់ចេញ​នូវ​អនុសាសន៍​រួម​សម្រាប់ ជា​ត្រីវិស័យ​មួយ​យកទៅ អនុវត្ត​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ដំណើរការ​គ្រប់គ្រង​ការនាំចេញ នាំចូល​វត្ថុ​សិ​ល្បះ និង ថែរក្សា​វត្ថុ​បុរាណ ដែលជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ដ៏​មានតម្លៃ និង ជា​កត្តា​លី​ករ​សំខាន់​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×