Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាកសំណល់​ប្លា​ស្ទិ​ច​ខុសច្បាប់ ចំនួន​១៤ កុងតឺន័រ​បញ្ជូន​ចេញពី​កម្ពុជា ទៅ​កន្លែង​ដើម​វិញ​

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា អះអាងថា គិត​មកដល់​ថ្ងៃទី ២៣​ខែសីហា​នេះ កាកសំណល់​ប្លា​ស្ទិ​ច​ចំនួន ១៤ កុងតឺន័រ បាន​បញ្ជូន​ចេញពី​កម្ពុជា និង​បង់ប្រាក់​ពិន័យ​ចូល​ថវិកាជាតិ​គ្រ​ប់ប់​ចំនួន ។ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​បន្ថែមថា នៅសល់​ចំនួន​៦៩ កុងតឺន័រ​ទៀត ដែល​ក្រុមហ៊ុន​ស្នើសុំ​ការពន្យារពេល ដឹកជញ្ជូន​ចេញ​។​

​នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានឱ្យ​បានដឹងថា ការដឹកជញ្ជូន​កាកសំណល់​ប្លា​ស្ទីក​ចំនួន​៨៣ កុងតឺន័រ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ ដែល​ត្រូវបាន​លួច​នាំចូល​ដោយ​ខុសច្បាប់​មកកាន់​កម្ពុជា​ដោយ​ក្រុមហ៊ុន​CHUNGYUEN PLASTIC MANUFACTURE CO., LTD ។​

​គិត​មកដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​នេះ សាមី ក្រុមហ៊ុន​បាន​បង់ប្រាក់​ពិន័យ​ចូល​ថវិកាជាតិ​គ្រប់​ចំនួន ព្រមទាំង​បាន​បង់ថ្លៃ​ចំណត​ផែ និង​ថ្លៃ កប៉ាល់​មួយចំនួន ហើយក៏​បាន​ដឹក​ជ​ញ្ចូ​ន​កាកសំណល់​ប្លា​ស្ទិ​ច​ចេញពី​កម្ពុជា​ចំនួន ១៤ កុងតឺន័រ កាលពី​យប់​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០១៩ កន្លងទៅនេះ​ផងដែរ ។​

​កាកសំណល់​ប្លា​ស្ទិ​ច​ដែល​នៅសល់​ចំនួន ៦៩ កុងតឺន័រ​នេះ ដោយហេតុថា​ក្រុមហ៊ុន​កប៉ាល់​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​បាន​ជួប​បញ្ហា​មួយចំនួន រួមមាន អាកាសធាតុ​មិន​អំណោយផល​ធ្វើឱ្យ​ខកខាន​ជើង​កប៉ាល់ និង​ទំនិញ​កកស្ទះ​ជាច្រើន​ដែល​ទទួល​កក់​ពី​អតិថិជន ផ្សេងៗ​ទៀត​ដូច្នេះ​ទើប​ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD បាន​ស្នើសុំ​ពន្យារពេល​នៃ​ការដឹកជញ្ជូន​កាកសំណល់​ប្លា​ស្ដី​ក​ដែល​នៅសល់​ចំនួន ៦៩ កុងតឺន័រ ទៀត​តាម​តារាង ពេលវេលា​ដែល​ក្រុមហ៊ុន​កប៉ាល់​បានផ្តល់​ជួន​គិត​ចាប់ពី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​២៥​ខែតុលា ឆ្នាំ​២០១៩ ។​

​លទ្ធផល​នៃ​ការស្រាវជ្រាវ​ករណី​នាំចូល​កាកសំណល់​ប្លា​ស្ទីក និង​វិធានការ​ដាក់បន្ទុក​ចំពោះ​ក្រុមហ៊ុន​ដែល​ប្រព្រឹត្ត​បទល្មើស ៖

– កាកសំណល់​ប្លា​ស្ទីក​ចំនួន ៨៣ កុង​តេ​ន័​រ ទម្ងន់ ១៥៩២ តោន ត្រូវបាន​នាំ​មកដល់​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដោយមាន​ក្រុមហ៊ុន ជុង​យៀន ប្លា​ស្ទីក មេ​នូ​ហ្វេ​ក​ឈ័​រ ឯ​.​ក “CHUNGYUEN PLASTIC MANUFACTURE CO., LTD” ជា​អ្នកទទួល​ទំនិញ ។ ក្រុមហ៊ុន​នេះ​មាន​ប្រធាន​ជា​ជនជាតិខ្មែរ ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​លេខ MOC-450671 ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ ។​

– ទំនិញ​ជា​កាកសំណល់​ប្លា​ស្ទីក​បាន​នាំមក​ជាច្រើន​ជើង​នាវា​ដឹកជញ្ជូន (២៧ លើក​) មកដល់ និង​សំចត​នៅ​ទីលាន​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​លើក​ទី​១ នា​ខែកញ្ញា ឆ្នាំ ២០១៨ និង​លើកចុងក្រោយ នា​ខែមករា ឆ្នាំ​២០១៩ សរុប​ទាំងអស់​ចំនួន ៨៣ កុងតឺន័រ មាន​ទំហំ ៤០ ហ្វី​ត​ដូចគ្នា ។ តាម​ឯកសារ​ដឹកជញ្ជូន​បាន​រកឃើញថា មាន​កុងតឺន័រ​ចំនួន ៧០ (​មាន​ទម្ងន់ ១៣២២ តោន​) បាន​នាំចេញ​មកពី​សហរដ្ឋអាមេរិក និង​កុង​តេ​ន័​រ​ចំនួន ១៣ (​មាន​ទម្ងន់ ២៧០ តោន​) បាន​នាំចេញ​មកពី​ប្រទេស​កាណាដា ។ ឯកសារ​ដឹកជញ្ជូន​ក៏បាន​បញ្ជាក់​ផងដែរ​ថា មុននឹង​មកដល់​កម្ពុជា កុងតឺន័រ​ទាំង ៨៣ នោះបាន​ឆ្លងកាត់​កំពង់ផែ​ប្រទេស​សឹង្ហ​បុរី (២២ ជើង​) ម៉ាឡេស៊ី (២ ជើង​) និង វៀតណាម (៣ ជើង​) ។​

– តាម​ការត្រួតពិនិត្យ​ដោយ​ឧបករណ៍​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា និង​ដោយ​ឧបករណ៍​មន្ទីរពិសោធន៍​របស់​ក្រសួងបរិស្ថាន ទំនិញ​ជា​កាកសំណល់​ប្លា​ស្ទីក​នោះ​មិនមាន​ផ្ទុក​សារធាតុ​គ្រោះថ្នាក់​ផ្សេង​ឡើយ ។​

​យោងតាម​លិខិតបទដ្ឋាន​គតិយុត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​ច្បាប់​ស្ដីពី​គយ​, ច្បាប់​ស្ដីពី​កិច្ច​
​ការពារ​បរិស្ថាន និង​ការគ្រប់គ្រង​ធម្មជាតិ​, អនុក្រឹត្យ​លេខ ៣៦ អនក្រ​.​បក ស្ដីពី​ការគ្រប់គ្រង​សំណល់​
​រឹង និង​អនុក្រឹត្យ​លេខ ២០៩ អនក្រ​.​បក ស្ដីពី​ការដាក់​ឲ្យ​ប្រើប្រាស់​បញ្ជី​ទំនិញ​ហាមឃាត់ និង​ទំនិញ​
​ជាប់​កម្រិត​កំណត់​) និង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល កាកសំណល់​ប្លា​ស្ទីក គឺជា​ទំនិញ​ហាមឃាត់​នាំចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា ។ ករណី​ក្រុមហ៊ុន ជុង​យៀន ប្លា​ស្ទីក បន្លំ​នាំចូល​កាកសំណល់​ប្លា​ស្ទីក​មក​កម្ពុជា គឺជា​បទល្មើស​ផ្ទុយ​នឹង​លិខិតបទដ្ឋាន​គតិយុត្ត​ខាងលើ ។ យោងតាម​បញ្ញត្តិ​ស្ដីពី​ទោសទណ្ឌ​ដែល​មានចែង​ក្នុង​ច្បាប់​ជា​ធរមាន​និង​ស្របតាម​អនុសញ្ញា​បា​សែ​ល​ស្តីពី​ការត្រួតពិនិត្យ​ចលនា​ដឹកជញ្ជូន និង​ការបោះបង់​កាកសំណល់​គ្រោះថ្នាក់​ឆ្លងដែន រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចាត់វិធានការ​ដាក់បន្ទុក​ចំពោះ​ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD​ដូចខាងក្រោម ៖

១. ត្រូវ​នាំចេញ​ទំនិញ​កាកសំណល់​ប្លា​ស្ទីក​ទាំង ៨៣ កុងតឺន័រ ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​

២.​ត្រូវ​រង​ពិន័យ​រដ្ឋបាល​ជា​ប្រាក់ ១,០៣៧,៥០០,០០០.០០ (​មួយ​ពាន់​សាមសិប​ប្រាំពីរ​
​លាន​ហាសិប​ម៉ឺន​) រៀល ដែល​ត្រូវ​បង់​ចូល​ជា​ប្រយោជន៍​ថវិកាជាតិ​

៣.​ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.,LTD ត្រូវអនុវត្ត​ចំណុច​ទី ១
​និង​ចំណុច​ទី​២ ខាងលើ​ឱ្យបាន​ចប់សព្វគ្រប់​ត្រឹម​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៩ ជា​កំហិត ។​

ក្នុងករណី​ក្រុមហ៊ុន​ខកខាន​មិនបាន​អនុវត្ត​នូវ​ចំណុច​ទាំង ៣ ខាងលើ អគ្គនាយកដ្ឋាន​គយ និង រដ្ឋាករ​កម្ពុជា នឹង​បន្ត​ចាត់វិធានការ​តាមផ្លូវ​តុលាការ​ស្របតាម​ច្បាប់​ជា​ធរមាន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×