Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​មិត្ត​ជប៉ុន ជួយ​និយាយ​ជាមួយ​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​សហគមន៍​អឺរ៉ុប ដើម្បី​ឲ្យ​បាន​យល់​ពី «​ស្ថានភាព​ពិត​» នៅ​កម្ពុជា ដែល​ខុសពី​ការចោទប្រកាន់​របស់​ជ​ន​អគតិ​មួយចំនួន

spot_img

ភ្នំពេញ ​៖ ​លោក ទៀ បាញ់ ស្នើ​ទៅ​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​នឹងត្រូវ​បញ្ចប់​អាណត្តិ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ឲ្យ​ជួយ​និយាយ​ជាមួយ​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​សហគមន៍​អឺរ៉ុប ដើម្បី​ឲ្យ​បាន​យល់​ពី «​ស្ថានភាព​ពិត​» នៅ​កម្ពុជា ពីព្រោះ​មានតែ​មិត្ត​ជប៉ុន​ទេ ដែល​បាន​យល់​អំពី​ស្ថានភាព​នៅ​កម្ពុជា​តាំងពី​ជំនាន់​អ៊ុនតាក់ ក្នុង​ឆ្នាំ​១៩៩៣ និង​សភាពការណ៍​ពិត​នាពេល​បច្ចុប្បន្ន​ដែល​កម្ពុជា មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ខុសពី​ការចោទប្រកាន់​របស់​ជ​ន​អគតិ​មួយចំនួន នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​ក្រសួងការពារជាតិ​ ។​

​កាលពីពេល​ថ្មីៗ​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានអនុញ្ញាត​​ជូន​លោក Hidehisa HORINOUCHI ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា ក្នុងឱកាស​ដែល​ឯកឧត្តម បានបញ្ចប់​បេសកកម្ម​ការទូត នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​។​

នៅក្នុង​ជំនួប​សវន​កា​នេះ លោក Hidehisa HORINOUCHI សម្តែង​ការសប្បាយរីករាយ ចំពោះ​ការបំពេញ​ការងារ​នៅ​កម្ពុជា រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ ដោយ​ឃើញ​កម្ពុជា​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ស្ថេរភាព​នយោបាយ សន្តិសុខ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ មានការ​កើនឡើង និង​បានធ្វើការ​ជួសជុល​បញ្ច​ប់​ជា​ស្ថាពរ​នូវ​ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន​។ នៅក្នុងពេល​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា លោក Hidehisa HORINOUCHI មាន​មោទនភាព​ជាខ្លាំង ដោយបាន​ពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ប្រទេស​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ព្រមទាំង​បានរៀបចំ​ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច និង​ចូលរួម​ប្រជុំ​ចំនួន​៣​លើក នៅ​ប្រទេស​ជប៉ុន​។ ពាក់ព័ន្ធ​នឹង​វិស័យ​ការពារជាតិ ភាគី​ជប៉ុន​ក៏បាន​ទទួល​ដំណើរ​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ជប៉ុន នៅ​ឆ្នាំ​២០១៧ និង​ទទួល​ទស្សនកិច្ច​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការពារជាតិ ទៅ​ចូលរួម​ប្រជុំ និង​វេទិកា​នានា​នៅ​ជប៉ុន ជា​រៀងរាល់ឆ្នាំ​។ ជាមួយគ្នានេះ ជប៉ុន​បាន​ជួយ​បណ្តុះបណ្តាល​លើ​វិស័យ​រក្សា​សន្តិភាព សំដៅ​លើកកម្ពស់​សមត្ថ​ភាព​ធនធានមនុស្ស ការចូល​ចត​នាវា​ជប៉ុន​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ និង​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច រវាង​ថ្នាក់ដឹកនាំ នាយទាហាន ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន​ផងដែរ​។​

​ជាការ​ឆ្លើយតប​ទៅនឹង​ប្រសាសន៍​លើកឡើង​របស់លោក Hidehisa HORINOUCHI, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​អបអរសាទរ​ដល់​ឯកឧត្តម ឯកអគ្គរាជទូត ដែល​បានបញ្ចប់​បេសកកម្ម​ការទូត​ប្រកបដោយ​ជោគជ័យ ដ៏​ធំធេង​នៅ​កម្ពុជា និង​សូម​សម្តែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម​ផ្ទាល់ ក្នុងការ​រួមចំណែក​ព​ង្រឹ​ង និង​លើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​កម្ពុជា ជប៉ុន មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​រក្សា​សន្តិភាព អោយ​កាន់តែ​ប្រសើរឡើង​ថែមទៀត ឈានដល់​កម្រិត​ភាពជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ តាម​ការប្តេជ្ញាចិត្ត​ដ៏​មុតមាំ​របស់​រាជរដ្ឋាភិបាល ប្រទេស​ទាំងពីរ កម្ពុជា ជប៉ុន​។ ជាក់ស្តែង​ក្រសួង​ការពារ​ជប៉ុន បាន​ជួយ​បង្កើន​សមត្ថភាព​ដល់ក​ង​រក្សា​សន្តិភាព​កម្ពុជា លើ​វិស័យ​អប់រំ និង​ហ្វឹកហ្វឺន នៅក្នុង​ក្របខណ្ឌ នៃប្រតិបត្តិ​ការរក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ ដូចជា​ជំនាញ​បច្ចេកទេស​វិស្វកម្ម​ជំនាញ​រក្សា​សន្តិភាព​។​ល​។ ធ្វើអោយ​កង​រក្សា​សន្តិភាព​កម្ពុជា ទៅ​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ ផ្នែក​ជំនាញ​វិស្វកម្ម ទទួលជោគជ័យ​ជា​បន្តបន្ទាប់ និង​ទទួលបាន​ការកោតសរសើ​រ​ពី​សំណាក់​មន្ត្រី​អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​រួម​បេសកកម្ម នៅក្នុង​តំបន់​ជាមួយគ្នា​។ ឆ្លៀត​ក្នុងឱកាស​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល កងទ័ព និង​ប្រជាជន​ជប៉ុន ដែល​បាន​ផ្តល់ជំនួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​។ សម្តេច​ពិជ័យ​សេនា មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទោះបី​ឯកឧត្តម Hidehisa HORINOUCHI បានបញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​នាពេលនេះ​ក៏ពិតមែន ប៉ុន្តែ​ឯកឧត្តម នឹង​ពាំនាំ​ដល់​រដ្ឋាភិបាល ក្រសួង​ការពារ​ប្រទេស​ជប៉ុន នឹង​បន្ត​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​កង​រក្សា​សន្តិភាព​ទៅតាម​សំណូមពរ ចាំបាច់​ជាពុំខាន​ឡើយ សំដៅ​លើកកម្ពស់​សមត្ថ​ភាព​ធនធានមនុស្ស ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា អោយ​កាន់តែ​រីកចម្រើន​ថែមទៀត​។ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​កម្ពុ​ជា នៅតែ​លើកកម្ពស់​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ជាមួយ​ឯកឧត្តម ឯកអគ្គរាជទូត​ថ្មី ដែល​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា ជំនួស​ឯកឧត្តម​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើក​ជា​សំណូមពរ​ចំពោះ​ឯកឧត្តម Hidehisa HORINOUCHI ពេល​ទៅ​បំពេញបេសកកម្ម​ការទូត​នៅ​ប្រទេស​ហូ​ឡង់ សូមជួយ​ជម្រាបជូន​ដល់​ប្រទេស​មួយចំនួន នៅក្នុង​សហគមន៍​អឺរ៉ុប​បាន​យល់​ពី​ស្ថានការណ៍​ពិត​នៅ​កម្ពុជា ពីព្រោះ​មានតែ​មិត្ត​ជប៉ុន​ទេ ដែល​បាន​យល់​អំពី​ស្ថានភាព​នៅ​កម្ពុជា​តាំងពី​ជំនាន់​អ៊ុនតាក់ ក្នុង​ឆ្នាំ​១៩៩៣ និង​សភាពការណ៍​ពិត​នាពេល​បច្ចុប្បន្ន​ដែល​កម្ពុជា មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ខុសពី​ការចោទប្រកាន់​របស់​ជ​ន​អគតិ​មួយចំនួន ដែល​បាន​លើកឡើងថា កម្ពុជា​សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​មិន​គោរព​សិទ្ធិមនុស្ស​។​ល​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជូនពរ​ឯកឧត្តម Hidehisa HORINOUCHI ដែល​ត្រូវ​ទៅ​បំពេញបេសកកម្ម​ការទូត​នៅ​ប្រទេស​ហូ​ឡង់ សូម​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ថែមទៀត ៕​ ដោយ​៖​កូ​ឡាប​

spot_img
×