Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានរដ្ឋសភា​ថៃ និង ​AIPA គាំទ្រ​ការលើកឡើង​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន អោយមាន​ការយកចិត្ត​ទុកដាក់​ដល់​ពលករ​ចំណាកស្រុក​

spot_img

​ថៃ ​៖ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នៅក្នុង​កិច្ចប្រជុំពេញអង្គ AIPA ដែល​បានស្នើ​ឲ្យ​មានការ​យកចិត្តទុកដាក់​និង​លើកស្ទួយ​សិទ្ធិ​ពលករ​ចំណាកស្រុក​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក ឈួន លី​ផៃ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​ថៃ និង​ជា​ប្រធានសភា​អាយ​ប៉ា លើក​ទី​៤០ នៅ​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ សណ្ឋាគារ Shangri La នាទី​ក្រុង​បាងកក ប្រទេស​ថៃ ខណៈដែល​សម្តេច​បាន​ដឹកនាំ​គណៈប្រតិភូ​សភា​កម្ពុជា ចូលរួម​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤០ ដែល​សភា​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​ឈួន លី​ផៃ បាន​ថ្លែងអំណរគុណ​សម្តេច​ប្រធានរដ្ឋសភា​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​មក​ចូល​មហាសន្និបាត AIPA ដែល​សភា​ប្រទេស​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​នាឱកាស​នេះ​។ លោក បាន​គាំទ្រ​ប្រសាសន៍​លើកឡើង​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នៅក្នុង​កិច្ចប្រជុំពេញអង្គ AIPA ដែល​បានស្នើ​ឲ្យ​មានការ​យកចិត្តទុកដាក់​និង​លើកស្ទួយ​សិទ្ធិ​ពលករ​ចំណាកស្រុក​។​

​សូមជម្រាបថា នៅក្នុង​សុន្ទរកថា​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​មហាសន្និបាត AIPA លើក​ទី​៤០ សម្តេច​បាន​លើកឡើងថា បច្ចុប្បន្ននេះ ការប្រើប្រាស់​កម្លាំង​ពលកម្ម​ប្រកបដោយ​ប្រសិទ្ធភាព ជាការ​ចាំបាច់ និង​ជា​តម្រូវការ​ប្រទេស​នីមួយៗ ដូច្នេះ​ប្រទេស​ក្នុង​តំបន់​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ ក្នុងការ​អនុវត្ត​ប្រព័ន្ធ​គាំពារ​សង្គម ដើម្បី​ធានាថា​ពលករ​ចំណាកស្រុក​ទាំងអស់ រួមទាំង​ក្រុមគ្រួសារ​ពួកគេ ត្រូវបាន​ការពារ​ដោយ​ច្បាប់ និង​ទទួលបាន​សេវាសាធារណៈ​ដោយ​មិន​រើសអើង​។

​លោក​ប្រធាន ឈួន លី​ផៃ ចាត់ទុក​ការលើកឡើង​របស់​សម្តេច​មាន​សារៈសំខាន់​ណាស់ ពីព្រោះ​ជា​បញ្ហា​រួម ប្រទេស​ថៃ​ក៏មាន​បញ្ហា​នេះ ហើយ​កម្ពុជា និង​ប្រទេស​ផ្សេង​ក៏មាន​បញ្ហា​នេះ​។ នៅក្នុង​ឱកាស​នេះ លោក​ប្រធានរដ្ឋសភា​ថៃ​បាន​ជម្រាប​សម្តេច​ថា ថៃ​បាន​យកចិត្តទុកដាក់​ដល់​ព​លករ​កម្ពុជា​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ខ្លួន​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង លោក ឈួន លី​ផៃ បានចាត់ទុក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ថៃ មិន​ត្រឹម​ជា​ទំនាក់ទំនង​រវាង​ប្រទេសជិតខាង​នោះទេ តែ​ជា​ទំនាក់ទំនង​ដែលមាន​លក្ខណៈ​បងប្អូន​។ កម្ពុជា​និង​ថៃ​មាន​វប្បធម៌ ប្រពៃណី ស្រដៀង​គ្នា​និង​ពណ៌​សម្បុរ​ស្រដៀង​គ្នា​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​អរគុណ​រដ្ឋសភា​ថៃ​ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ​សភា​កម្ពុ​ជា​។ សម្តេច​បាន​គោរព​អញ្ជើញ លោក ឈួន លី​ផៃ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ក្នុង​ពេលវេលា​សមស្រប​ណាមួយ​ទៀតផង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×