តាកែវ៖ នៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ រវាងខេត្តតាកែវ និងខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងឡុងសៀង ខេត្តអានយ៉ង នារសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៩នេះ លោក អ៊ូច ភា អភិបាលខេត្ត បានធ្វើការស្នើសុំទៅដល់ភាគីមិត្តខេត្តអានយ៉ាង សូមជួយសម្រួលលើការទិញស្វាយ ពីប្រជាកសិករក្នុងខេត្ត ដែលបានដាំលើផ្ទៃដីជិត ៥ពាន់ហិកតា យកមកផ្គត់ផ្គង់ក្នុងខេត្តអានយ៉ាង ដើម្បីជួយបង្កើនជីវភាព និងលើកទឹកចិត្តដល់ប្រជាកសិករនៅខេត្តតាកែវ ។
លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការជួយទិញស្វាយពីសំណាក់ភាគីខេត្តអានយ៉ាង គឺជាការជួយដល់ជីវភាពរបស់បងប្អូនប្រជាកសិករខេត្តតាកែវ ពិសេសគឺជាការលើកទឹកចិត្តបន្ថែមដល់ពួកគាត់ នៅពេលដែលពួកគាត់មានទីផ្សារសម្រាប់លក់ចេញនូវផលដំណាំស្វាយ ម្យ៉ាងវិញទៀតអាជ្ញាធរខេត្តនឹងខិតខំជួយសម្រួលនីតិវិធីក្នុងការ នាំផ្លែស្វាយចេញទៅខេត្តអានយ៉ាងផងដែរ ។
លោកអភិបាលខេត្ត បន្ថែមទៀតថា មន្ទីរកសិកម្ម និងជំនាញពាក់ព័ន្ធទាំងអស់ សូមជួយសម្រួលធ្វើការទំនាក់ទំនងគ្នាដោយផ្ទាល់ជាមួយ នឹងភាគីខេត្តអានយ៉ាង ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនៃការស្នើសុំនេះ ប្រព្រឹត្តទៅដោយរលូន ហើយតាមរយៈកិច្ចសហប្រតិបត្តិការណ៍រវាងខេត្តនិងប្រជាជនទាំងពីរនេះ សង្ឃឹមថា ភាគីខេត្តអានយ៉ាងនឹងជួយទិញស្វាយគ្រប់ប្រភេទពីកសិករខេត្តតាកែវ ។
ឆ្លើយតបទៅនឹងការស្នើសុំរបស់ភាគីមិត្តខេត្តតាកែវ លោក ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានមានប្រសាសន៍ថា នឹងរៀបចំចាត់បញ្ជូនក្រុមការងារមន្ទីរជំនាញ ពិភាក្សាជាមួយបណ្តាក្រុមហ៊ុនរបស់ខេត្តអានយ៉ាង ចុះមកសិក្សានិងពិភាក្សាលើការងារជាមួយមន្ទីរកសិកម្មខេត្តតាកែវ ដើម្បីពិភាក្សាដោះស្រាយតាមសំណូមពរ របស់ លោក អភិបាលខេត្តតាកែវ និងថាតើទិញស្វាយរបស់កសិករខេត្តតាកែវ ក្នុងកម្រិតណាមួយ ព្រោះថាកសិករខេត្តអានយ៉ាង ក៏មានកសិករដាំស្វាយសម្រាប់នាំចេញផងដែរ ដូច្នោះបញ្ហានេះយើងនឹងបន្តពិនិត្យ និងពិភាក្សាជាមួយបណ្តាក្រុមហ៊ុនបន្ថែមទៀត ៕ ដោយ៖ តាកែវ