Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អញ្ជើញ​តំណាង​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ចង្អៀត លើ​របាយការណ៍ ការបាត់បង់​ដីធ្លី និង​ការរំលោភបំពាន ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​

spot_img

​ភ្នំពេញ ​៖ ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានចេញ​លិខិតអញ្ជើញ តំណាង​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត ជាមួយនឹង​ស្ថាប័ន​ជំនាញ ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ចង្អៀត ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​របាយការណ៍​ដែល​អង្គការ​ទាំងពីរ​នេះ​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​ស្ដីពី ការធ្វើឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​៖ ការបាត់បង់​ដីធ្លី និង​ការរំលោភបំពាន ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា​។​

​លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​រសៀល​ថ្ងៃទី 30 ខែសីហា​ឆ្នាំ ២០១៩​នេះ បាន​សរសេរ​សារ លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ថា ” អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​(​អ​អរ​) មាន​កិត្តិយស​ជម្រាបជូន​សាធារណជន ឱ្យបាន​ជ្រាបថា អង្គភាព បានចេញ​លិខិតអញ្ជើញ តំណាង​អង្គការ​លីកាដូ និង​សមាគម​ធាងត្នោត ជាមួយនឹង​ស្ថាប័ន​ជំនាញ ដើម្បី​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ចង្អៀត (Closed Door Meeting) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ៦​កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង ២:៣០ នាទី​រសៀល នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​”​។​

​សូមបញ្ជាក់ថា លោក ផៃ ស៊ី​ផាន បាន​ថ្លែង​អរគុណ​ដល់​អង្គការ​លី​កាដូ និង​សមាគម​ធាងត្នោត ដែល​បានលើកឡើង​របាយការណ៍ របស់ខ្លួន​កន្លងមក ហើយ​លោក​បន្តថា ខាង​រាជរដ្ឋាភិបាល មិនទាន់​ជឿជាក់​របាយការណ៍ របស់​អង្គការ​សង្គម​ស៊ីវិល​ទាំងពីរ​នោះទេ​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បានប្រកាស​នៅ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី មីក្រូហិរញ្ញវត្ថុ និង​ផលប៉ះពាល់​។​

​លោក​បាន​ថ្លែងថា រាជរដ្ឋាភិបាល មានបំណង​ចង់​ទប់ស្កាត់​របាយការណ៍​ណា​ដែលមាន​និន្នាការ​នយោបាយ ដែល​ត្រូវបាន​បង្កើត​ឡើងមក មានតម្លៃ​អាក្រក់​មកលើ​កម្ពុជា​។

​លោក ផៃ ស៊ី​ផាន បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល នឹង​ហៅ​ភាគី​ខាង​អង្គការសិទ្ធិមនុស្ស​លីកាដូ និង​សមាគម​ធាងត្នោត ដោយមាន​ការចូលរួម​ពី​អ្នកស្រាវជ្រាវ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ខាង​ធនាគារជាតិ​កម្ពុជា និង​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ទៅ​ជជែក​គ្នា​ស្វែងរក​ការពិត បន្ទាប់ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងពីរ​នេះ បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ ស្តីពី​បំណុល​ប្រជាពលរដ្ឋ ធ្វើឱ្យមាន​ការយល់ច្រឡំ និង​មាន​លក្ខណៈ​នយោបាយ​។​

​លោក បាន​បញ្ជាក់ថា “​ឆ្លើយ​តង​នឹង​សំណួរ វី​អូ​អេ តើ​យើង​ធ្វើ​យ៉ាងម៉េច​ចំពោះ​របាយការណ៍ អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងពីរ​នោះ ចំពោះ​ខ្ញុំ​យើង​មាន​វិធានការ ក៏ប៉ុន្តែ​វិធានការ​យ៉ាងណា យើង​ផ្តល់ព័ត៌មាន​នៅក្នុង​សេរីភាព នៅក្នុង​ការបញ្ចេញ​យោបល់​។ ខ្ញុំ​ចាត់ទុកថា អ្វី​ដែលជា Report របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងពីរ​ហ្នឹង ថា​ជាការ​បញ្ចេញយោបល់​តែ​ប៉ុណ្ណឹង ហើយ​ទាំងអស់គ្នា ទាំង​អ្នកស្រាវជ្រាវ​មិនអាច​ទទួលយកបាន ខាង​ធនាគារ​ក៏​មិនអាច​ទទួលយកបាន​។ ខ្ញុំ​នឹង​ត្រៀមលក្ខណៈ អញ្ជើញ​គាត់​មក​ចូលរួម​ដើម្បី​ជជែក​គ្នា តើ​ការលើកឡើង​របស់គាត់​ត្រឹមត្រូវ​ដែរឬទេ គាត់​លើក​ឡើងមក មាន​ទឡ្ហីករណ៍​អ្វីខ្លះ ខ្ញុំ​នឹង​រៀបចំ​វេទិកា​មួយ​បិទទ្វារ អញ្ជើញ​ខាង​ធនាគារ អញ្ជើញ​ផ្នែក​ស្រាវជ្រាវ​ទាំងអស់គ្នា សមភាព​ទាំងអស់គ្នា មក​អង្គុយ​ជជែក​គ្នា​។ យើង​អត់​ឈរលើ​ស្ថានភាព ឬ​ជំហរ ច្រានចោល​ថ្កោលទោស​នោះទេ យើង​មក​ស្រាវជ្រាវ​។ យើងខ្ញុំ​ផ្ទាល់​នឹង​អញ្ជើញ​អង្គការ​ទាំងពីរ​នោះមក​ជជែក​គ្នា ពីព្រោះ​វា​ជា Fake News ។ យើង​អញ្ជើញ​មក​ផ្ទាល់​ដើម្បី​ជជែក​គ្នា ហើយ​សង្ឃឹមថា អង្គការ​ទាំងពីរ​នោះ​នឹងមាន​សេចក្តីក្លាហាន​មក​ពន្យល់ ពីព្រោះ​នេះ​ជា​ព័ត៌មាន​សម្រាប់​មហាជន​របស់​យើង​។ យើងខ្ញុំ​ការពារ ការដឹង ការយល់​របស់​មហាជន​យើង ទោះជា​ព័ត៌មាន​ហ្នឹង​អាក្រក់​យ៉ាងម៉េច យើង​ធ្វើ​អាហ្នឹង​ឲ្យ​ដឹង​ទាំងអស់គ្នា​”​។​

​បើ​យោងតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិ​ទិ្ធ​មនុស្ស (​លីកាដូ​) កាលពី​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៩ បានចេញ​ផ្សាយ​សេចក្តីថ្លែងការណ៍​ស្ដីពី ការធ្វើឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​៖ ការបាត់បង់​ដីធ្លី និង​ការរំលោភបំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិ​ទិ្ធ​មនុស្ស (​លីកាដូ​) និង​សមាគម​ធាងត្នោត ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ការរំលោភបំពាន​សិទ្ធិមនុស្ស​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុ​ជាជាង ២​លាន​នាក់​បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ ដោយ​យោងតាម​របាយការណ៍​រួម​របស់​អង្គការ លីកាដូ និង​សមាគម​ធាងត្នោត បាន​រកឃើញថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កម្រិត​នៃ​បំណុល​របស់​ប្រជាពលរដ្ឋ​បាន​កើនឡើង​កាន់តែខ្លាំង​ឡើងៗ ដែល​នេះ​បណ្តាលឱ្យ​អាច​កើតមាន​ការរំលោភបំពាន​សិទ្ធិមនុស្ស​ជាច្រើន រួមមាន​ការបង្ខំ​ឱ្យ​លក់​ដី ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ការធ្វើ​ចំណាកស្រុក​ដោយសារ​បំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល​។​

​ការធ្វើឱ្យ​ខូចខាត​ទ្រព្យ​ដាក់បញ្ចាំ​៖ ការបាត់បង់​ដីធ្លី និង​ការរំលោភបំពាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ នៅ​កម្ពុជា ផ្តល់ព័ត៌មាន​លម្អិត​អំពី​ទំហំ​និង​វិសាលភាព​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​បង្ហាញ​ពី​ការរំលោភបំពាន​សិទ្ធិមនុស្ស​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​។ ការសិក្សា​ស្រាវជ្រាវ​នេះ​ធ្វើឡើង​ក្នុង​ឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួមទាំង​រាជធានី​ភ្នំពេញ ហើយ​ការសិក្សា​ស្រាវជ្រាវ​នេះ​រួមបញ្ចូល​ទាំង ករណី​សិក្សា​លម្អិត​ចំនួន​៧ នៃ​ការរំលោភបំពាន​សិទ្ធិមនុស្ស បន្ទាប់ពី​អ្នកស្រាវជ្រាវ​បាន​សម្ភាសន៍​ជាមួយនឹង​អតិថិជន​ចំនួន​២៨​នាក់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៕​ដោយ​៖​កូ​ឡាប​ ​

spot_img
×