Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រតិកម្ម​រហ័ស​បាន​ផលិត​វីដេអូ​មួយ​បង្ហាញ​អំពី​មូលហេតុ នៃ​ការចាប់ខ្លួន លោក កឹម សុខា ខណៈ​លោក​កឹម សុខា សូម​ឲ្យ​ខ្មែរ​គ្រប់​និន្នាការ​បញ្ឈប់​នូវ​នយោបាយ យកឈ្នះ​ចាញ់​ខ្មែរ​គ្នាឯង​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ អង្គភាព​ប្រតិកម្ម​រហ័ស​របស់ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ផលិត​វីដេអូ​មួយ​បង្ហាញ​អំពី​មូលហេតុ នៃ​ការចាប់ខ្លួន លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។ ជាមួយគ្នា​នោះដែរ លោក​កឹម សុខា បាន​ថ្លែងថា ខ្ញុំ​សូម​ឲ្យ​ខ្មែរ​គ្រប់​និន្នាកា​បញ្ឈប់​នូវ​នយោបាយ យកឈ្នះ​ចាញ់​ខ្មែរ​គ្នាឯង ដោយ​យក​ប្រជាពលរដ្ឋ​និង​ជោគវាសនា​ប្រទេសជាតិ​ជា​ឈ្នាន់​ឬ​ជា​របាំង​តទៅទៀត ព្រោះថា​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​បាន​ឈឺចាប់​គ្រប់គ្រាន់​ហើយ​។​

​ជាមួយនឹង​ករណី​លោក​កឹម សុខា​នេះដែរ លោក​Chanrath Ou – អ៊ូ ច័ន្ទ​រ័ត្ន បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា នៅ​ថ្ងៃ​៣ កញ្ញា នេះ ជា​ថ្ងៃ​គម្រប់ ២​ឆ្នាំ​នៃ​ការចាប់​ឃុំខ្លួន​លោក​ប្រធាន កឹម សុខា​។ លោក​អ៊ូ ច័ន្ទ​រ័ត្ន បាន​បញ្ជាក់ថា “​ខ្ញុំ​នៅតែ​យល់ថា វា​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​លោក ចំពោះ​ការដែល​យកសារ វី​ឌី​អូ ដ៏​គ្មាន​ខ្លឹមសារ ជា​មូលហេតុ​នៃ​ការចាប់ខ្លួន​។ ខ្ញុំ​សូម​អំពាវនាវ​ដល់​តុលាការ និង​រាជរដ្ឋាភិបាល​កម្ពុជា មេត្តា​ពិចារណា​ក្នុងការ​ផ្តល់​ភាព​ស្អាតស្អំ និង​សេរីភាព​ជូន ឯ​.​ឧ​. កឹម សុខា វិញ​”​។​

​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩​ថា យប់​នេះ កាលពី​២​ឆ្នាំមុន កងកម្លាំងប្រដាប់អាវុធ​បាន​សម្រុកចូល​ចាប់ខ្លួន​ខ្ញុំ​ក្នុង​គេហដ្ឋាន​របស់ខ្ញុំ​ទាំង​កណ្តាលអធ្រាត្រ ដោយ​បំបែក​រូបខ្ញុំ​ចេញពី​ភរិយា ទាំង​ដែល​គាត់​មិនដឹងថា​គេ​ចាប់​ខ្ញុំ​យកទៅ​ទីណា ហើយ​ធ្វើ​អ្វី​ទៅលើ​រូបខ្ញុំ​។ សម្រែក​លាយឡំ​នឹង​ទឹកភ្នែក​របស់​ភរិយា​ខ្ញុំ​នា​យប់នោះ គឺជា​ការឈឺចាប់​បំផុត ដែល​អ្នក​ទាំងឡាយណា​ធ្លាប់​ជួបប្រទះ​នឹង​ដឹង​ច្បាស់​។ រូបខ្ញុំ​ផ្ទាល់​ក៏បាន​ចាំ​ច្បាស់​នូវ​សម្រែក​របស់​អ្នក​ម្តាយ​ខ្ញុំ​និង​ក្រុមគ្រួសារ​នៅពេលដែល​ឪពុក​របស់ខ្ញុំ​ត្រូវបាន​ក្រុម​ប្រដាប់អាវុធ​ខ្មែរក្រហម​ចាប់​យកទៅ​ទាំង​កណ្តាលអធ្រាត្រ​កាលពី​ឆ្នាំ​១៩៧៥​។ ខ្ញុំ​ស្គាល់​ច្បាស់​ពី​ការឈឺចាប់​ដែល​ត្រូវគេ​ចាប់​ដោយ​អយុត្តិធម៌ ហើយ​រឹតតែ​ដឹង​ច្បាស់​ថា​អ្នក​ដែល​ខ្លោចផ្សា​បំផុត​គឺ​ក្រុមគ្រួសារ​ដែល​មិន​ថា​គេ​ចាប់យក​ឪពុក​និង​ស្វាមី​ទៅណា​។​

​លោក​កឹម សុខា បាន​បន្ថែមថា ខ្ញុំ​បានដឹងហើយថា ជីវិត​ជា​អ្នក​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​និង​ក្នុងតួនាទី​ជា​មេដឹកនាំ​បក្សប្រឆាំង​នេះ នឹង​អាច​នាំមក​នូវ​គ្រោះថ្នាក់​និង​ការឈឺចាប់​រាប់មិនអស់​។ ខ្ញុំ​ស្ម័គ្រ​ចឹ​ត្ត​ធ្វើ​ពលី​កម្ម​ជូន​ជាតិ​នេះ មិនមែន​ខ្ញុំ​មិនចេះ​ខ្លាច មិនមែន​ខ្ញុំ​មិនដឹង​ពី​គ្រោះថ្នាក់ មិនមែន​ព្រោះ​ខ្ញុំ​ល្ងង់ តែ​នេះ​ព្រោះ​ខ្ញុំ​ដឹងថា​«​តួនាទី​ជា​អ្នកដឹកនាំ គឺ​ខុសពី​ចៅហ្វាយ​ឬ​ថៅកែ​។ ចៅហ្វាយ​ឬ​ថៅកែ​គេ​ជា​អ្នក​ចាំ​យក​លទ្ធផល​ពី​ការងារ​របស់​យើង តែ​អ្នកដឹកនាំ​គឺជា​អ្នក​ដែល​លះបង់​មុនគេ​និង​ច្រើនជាងគេ ដើម្បី​ជា​គំរូ​ដល់​អ្នកគាំទ្រ​។ អ្នកដឹកនាំ​ដែលមាន​គុណធម៌ មិនដែល​រុញច្រាន​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ធ្វើ​អ្វីដែល​ខ្លួន​មិន​ហ៊ាន​ធ្វើ​ឡើយ​។ ក្នុងនាម​ជា​ឪពុក​ម្នាក់ ខ្ញុំ​តែងតែ​ចង់​ឲ្យ​កូន​របស់ខ្ញុំ​រស់នៅ​ដោយ​សុវត្ថិភាព ដូច្នេះហើយ ខ្ញុំ​តែងតែ​ជ្រើស​រើសយក​និង​ណែនាំ​ឲ្យ​កូន​ខ្មែរ ធ្វើការ​តស៊ូរ​ដោយ​អហិង្សា ទោះបី​ការតស៊ូរ​នោះ ត្រូវធ្វើ​ឲ្យ​ខ្ញុំ​រងគ្រោះ​ក៏ដោយ ខ្ញុំ​សុខចិត្ត​ទទួល ក្នុងនាម​ជា​អ្នកដឹកនាំ​ម្នាក់​ដោយ​មិន​ទុក​ឲ្យ​អ្នកគាំទ្រ​យក​ខ្លួន​ទៅ​ពាំង​ជំនួស​ខ្ញុំ​ជា​រៀងរហូត​នោះទេ​។​ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​សូម​ឲ្យ​ខ្មែរ​គ្រប់​និន្នាកា​បញ្ឈប់​នូវ​នយោបាយ យកឈ្នះ​ចាញ់​ខ្មែរ​គ្នាឯង ដោយ​យក​ប្រជាពលរដ្ឋ​និង​ជោគវាសនា​ប្រទេសជាតិ​ជា​ឈ្នាន់​ឬ​ជា​របាំង​តទៅទៀត ព្រោះថា​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ​បាន​ឈឺចាប់​គ្រប់គ្រាន់​ហើយ​។​

​សូម​រំលឹក​ផងដែរ​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​។ លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ​សន្ធិ​ដ្ឋិ​ភាព ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ដែល​នឹង​អាច​ជាប់ពន្ធនាគារ ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ ។ លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង​មួយឆ្នាំ ហើយ​ត្រូវបាន​ប្ដូរ​កន្លែង​ឃុំខ្លួន ពី​ត្រពាំង​ផ្លុ​ង “​ម​៣” យកមក​ឃុំខ្លួន​ក្នុងផ្ទះ​របស់ គាត់​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​ម៉ោងជាង​៣ ទៀបភ្លឺ ពីថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ៕​ដោយ​៖​កូ​ឡាប​

spot_img
×