Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកក្កដា មានការ​កើនឡើង​

spot_img

​ភ្នំពេញ ​៖ លោក​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន ខណៈ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកក្កដា ឆ្នាំ​២០១៩ មានការ​កើនឡើង​ចំនួន ៩៨​លើក ស្មើនឹង​៤១%​។ លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្រសួង​នឹងដាក់​កាមេរ៉ា​តាមផ្លូវ​ដើម្បី​ចាប់​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់​។​

​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីស្ដីការក្រសួង លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​ផងដែរ​។​

​សូមបញ្ជាក់ថា​៖ តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានបង្ហាញ​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកក្កដា ឆ្នាំ​២០១៩ មានការ​កើនឡើង​ចំនួន ៩៨​លើក ស្មើនឹង​៤១% បើ​ប្រៀបធៀប​នឹង​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខែកក្កដា ឆ្នាំ​២០១៨ ប៉ុន្តែ​មានការ​ថយចុះ​ចំនួន​៦​ករណី ស្មើនឹង​២% បើ​ប្រៀបធៀប​នឹង​ខែមិថុនា ឆ្នាំ​២០១៩ ដូចគ្នា​។

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ទោះបី​មានការ​កើនឡើង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែកក្កដា ឆ្នាំ​២០១៩ ធៀប​នឹង​ខែកក្កដា ឆ្នាំ​២០១៨ ក្ដី ករណីនេះ​មានការ​ថយចុះ​រវាង​ខែមិថុនា និង​ខែកក្កដា ឆ្នាំ​២០១៩ ដែលជា​សញ្ញា​វិជ្ជមាន​មួយ​កើតចេញពី​ការខិតខំ​ប្រឹងប្រែង​រិះរក​គ្រប់​មធ្យោបាយ និង​ប្រើ​អស់​លទ្ធភាព​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដោយបាន​តាក់តែង​លិខិតគតិយុត្ត អប់រំ បំពាក់​ផ្លាកសញ្ញា ភ្លើង​សញ្ញា ចែក​មួកសុវត្ថិភាព ជួសជុល​ថែទាំ​ផ្លូវ និង​រឹតបន្តឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​ការកែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​។​

​លោក​ទេសរដ្ឋមន្ត្រី​បន្ថែមថា ទិសដៅ​បន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នឹង​បន្ត​យុទ្ធនា​ការចែក​មួកសុវត្ថិភាព បំពាក់​ផ្លាកសញ្ញា បិទ​ចំណាំងផ្លាត ជួសជុល និង​ថែទាំ​ផ្លូវ សកម្មភាព​និង​យុទ្ធនាការ​ផ្សេងៗ​ទៀត ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​។

​លើសពីនេះ​ទៀត លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា វិធានការ​មួយចំនួន ដូចជា​៖ ការដាក់​កាមេរ៉ា​តាមផ្លូវ​ដើម្បី​ចាប់​រថយន្ត​ដែល​បើកបរ​លើស​ល្បឿន​កំណត់ ការ​ល្បាត​ឆ្មក់​ពេលយប់​នៅតាម​ដងផ្លូវ ការដាក់​ជញ្ជីង​លើ​ដងផ្លូវ​មុខ​រោងចក្រ​ផលិត​ស៊ីម៉ង់ ការបិទ​យានដ្ឋាន​ខុសច្បាប់​ឱ្យអស់​នៅ​ដំណាច់​ឆ្នាំនេះ នឹងត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​។

​ជាមួយគ្នា​នោះដែរ លោក​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន យក​រថយន្ត​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ និង​ទៀងទាត់ ជាពិសេស សូមកុំ​ខ្លាច​ប៉ូលីស ត្រូវ​ខ្លាច​ច្បាប់ និង​ខ្លាច​សេចក្ដីស្លាប់​ខ្លួនឯង ទើប​មិនមាន​គ្រោះថ្នាក់​កើតឡើង​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ម​ន្ត្រី​របស់​ក្រសួង និង​មន្ត្រីនគរបាល​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ចុះ​ធ្វើ​យុទ្ធនាការ​យ៉ាងសកម្ម ដោយ​ប្រើ​គ្រប់​យុទ្ធសាស្ត្រ និង​នីតិវិធី​សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​លើកទឹកចិត្ត​មន្ត្រី​ទាំងនោះ​ឱ្យ​បន្ត និង​ស្វែងរក​យុទ្ធនាការ​ថ្មីៗ​បន្ថែមទៀត ដើម្បីឱ្យ​សម្រេចបាន​នូវ​គោលដៅ​ទសវត្សរ៍​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុងការ​កាត់បន្ថយ​អត្រា​នៃ​ការរង​របួស​ធ្ងន់ធ្ងរ​ឱ្យបាន​៥០% ត្រឹម​ឆ្នាំ​២០២០៕ ដោយ​៖ កូ​ឡាប​

spot_img
×