Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ត្រៀមខ្លួន​រួចរាល់ ដើម្បី​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​

spot_img

(​ភ្នំពេញ​)៖ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោកស្រី តឹក​រ៉េត កំរង បានឱ្យដឹងថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​អនុវត្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម តាមរយៈ​ការចូល​ជា​សមាជិក​សន្ធិសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី​ប្រតិបត្តិការ​នេះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ការបង្កើត​គណៈកម្មាធិកា​រ​បញ្ជរ​តែមួយ​ជាតិ និង​ការប្រើប្រាស់​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដែល​បច្ចុប្បន្នកំពុងរ​ង់​ចាំ​រដ្ឋសភាជាតិ​ធ្វើការ​អនុម័ត ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។​

​លោកស្រី​រដ្ឋលេខាធិការ បានលើកឡើង​ដូច្នោះ នាឱកាស​អញ្ជើញ​ជា​អធិបតីភាព «​ពិធី​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​នៅ​កម្ពុជា​» នៅ​សណ្ឋាគារ​សាន់វេ កាលពី​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​អន្តរក្រសួង តំណាង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ប្រមាណ ៥០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី តឹក​រ៉េត កំរង បាន​គូសបញ្ជាក់​ពី​សក្តានុពល និង​សារសំខាន់​នៃ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម សម្រាប់​បម្រើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា និង​ការជំរុញ​ប្រសិទ្ធភាព គណនេយ្យភាព និង​តម្លាភាព​នៃ​លំហូរ​ពាណិជ្ជកម្ម​នៅតាម​ប្រទេស​ក្នុង​តំបន់ ដើម្បី​បង្កើត​ភាព​សុខដុម​នីយកម្ម​សម្រាប់​ពិភពលោក ក្នុង​រយៈពេល​យូរអង្វែង​។​

​លោកស្រី​រដ្ឋលេខាធិការ ក៏​មិន​ភ្លេច​ជម្រាបជូន​អង្គពិធី អំពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម តាមរយៈ​ការកែសម្រួល​នីតិវិធី​រដ្ឋបាល ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ទិន្ន័យ​គយ ASYCUDA ការដាក់ចេញ​នូវ​កំណែទម្រង់ និង​វិធាន​ការសម្រួល​ពាណិជ្ជកម្ម​ដ៏​មុត​ស្រួច ការធ្វើ​បច្ចុប្បន្នភាព និង​ដាក់ឱ្យ​ដំណើរការ​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) ឆ្នាំ​២០១៩-២០២៣ និង​ការ​ចងក្រង​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក ជាដើម​។​

​បន្ថែម​លើ​នោះ លោកស្រី​តឹក​រ៉េត កំរង ក៏បាន​អំពាវនាវ​ឱ្យ​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​មន្ត្រី​អន្តរក្រសួង ប្រើប្រាស់​វេទិកា​ថ្ងៃនេះ ធ្វើការ​ត្រួតពិនិត្យ និង​ពិភាក្សា​ឱ្យបាន​ផុសផុល ទៅលើ​របាយការណ៍​សិក្សា​ចងក្រង​ឡើង​ដោយ​អង្គការ UNESCAP ស្តីពី​សេចក្តីព្រាង​សកម្មភាព​សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិន​ប្រើ​ក្រដាស​ស្នាម នៅ​កម្ពុជា ដើម្បី​បង្កើតជា​ផែនការ​អាទិភាព​ក្នុង​រយៈពេល​ខ្លី សំដៅ​កៀងគរ​ប្រភពធនធាន ជាពិសេស​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម (Aid-for-trade) សម្រាប់​គាំទ្រ​ការអនុវត្ត​នាពេល​អនាគត​។​

​គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​ស្នាម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​អន្តរជាតិ ប្រកបដោយ​ប្រសិទ្ធិភាព និង​តម្លាភាព ព្រមទាំង​ធានាបាន​នូវ​ការគោរព​បទដ្ឋាន​គតិ​យុត្ត ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​រយៈពេល​វែង ដល់​ប្រទេស​ក្នុង​តំបន់​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×