Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល ក្រើនរំលឹកពី​ការត្រៀម និង​ឆ្លើយតប​នៅពេល​មាន​គ្រោះទឹកជំនន់​

spot_img

​រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ បានចេញ​សេចក្តីណែនាំ​ក្រើនរំលឹកពី​ការត្រៀម និង​ឆ្លើយតប​នៅពេល​មាន​គ្រោះទឹកជំនន់​។​

​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការត្រៀម​វិធានការ​ទប់ស្កាត់​គ្រោះទឹកជំនន់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា យោងតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បង្ហាញថា ខេត្ត​មួយចំនួន​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​ដូចជា ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម កម្ពស់​ទឹកនឹង​កើនឡើង​ខ្លាំង​​ហួស​ពី​កម្ពស់​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ដែល​នឹង​អាច​បណ្តាលឱ្យ​មានការ​ជន់​លិច​។ ម្យ៉ាងទៀត ការប្រែប្រួល​អាកាសធាតុ​ធ្វើឱ្យមាន ការផ្លាស់ប្តូរ​រដូវ​កាល និង​បង្ក​ឱ្យ​កើតមាន​ជា​ញឹកញាប់​នូវ​គ្រោះធម្មជាតិ រលក​កំដៅ ផ្គរ​រន្ទះ ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​គ្រោះរាំងស្ងួត​ ​ដែល​គ្រោះមហន្តរាយ​ទាំងនេះ​បង្ក​នូវ​ផលប៉ះពាល់ ខូចខាត​ដល់ ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ លំនៅដ្ឋាន ប៉ះពាល់​សុខភាព​​និង​ស្លាប់​បាត់បង់​អាយុជីវិត​ប្រជាជន​។ ដូចនេះ​ដើម្បី​កាត់បន្ថយ​ឱ្យបាន​ជា អតិបរមា​នូវ​ផលប៉ះពាល់​សុខភាព អាយុជីវិត​ជនរងគ្រោះ​​និង​មូលដ្ឋាន​សុខាភិបាល​ពី​គ្រោះធម្មជាតិ ពិសេស​គ្រោះទឹកជំនន់ ដែល​អាច​កើតមាន​នាពេល​ខាងមុខនេះ លោក​សាស្ត្រាចារ្យ​​រឿ​ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ក្រើនរំលឹក និង​អំពាវនាវ ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម អនុវត្តតាម​ការណែនាំ ដូចខាងក្រោម​នេះ​៖ មុនពេល​ទឹកជំនន់​គឺ​​ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់ ត្រៀម​ទីទួល​សុវត្ថិភាព និង​ស្បៀងអាហារ​។ ធ្វើ​របង​ព័ទ្ធជុំវិញ​ស្រះ ឬ​កន្លែង​ដែលមាន​ទឹក​ជ្រៅ ត្រូវ​ថែរក្សា​បរិស្ថាន​ឱ្យបាន​ស្អាត និង​សាងសង់​បង្គន់​ត្រូវ​ធ្វើឱ្យ​ប្រសើរ បើ​ទាប​ធ្វើឱ្យ​ខ្ពស់​ដើម្បី​ការពារ​ទឹកជំនន់​។ អំឡុងពេល​មាន​ទឹកជំនន់ គឺ មិនត្រូវ​ចូលទៅ​ក្នុងផ្ទះ​ចាស់ ឬ​អាគារ​ទ្រុឌទ្រោម ព្រោះ​អាច​ស្រុត​បាក់បែក​បង្ក​ឱ្យ​គ្រោះថ្នាក់​។ មិនត្រូវ​ប៉ះពាល់​គ្រឿង​ប្រើប្រាស់ អគ្គិសនី​ដោយ​ដៃ​សើម ឬ​កំពុង​ឈរ​នៅក្នុង​ទឹក នៅពេល​ធ្វើដំណើរ​ដោយ​​ជិះទូក​ឫ​កាណូត​នៅពេល​យប់​ត្រូវមាន​ភ្លើង​បំភ្លឺ​។ ត្រូវ​សម្រាន្ត​ក្នុង​មុង​គ្រប់ពេល ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់ និង​ជំងឺ​ផ្សេងៗ​។​

​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន និង​ពិនិត្យ​ផ្ទៃពោះ​តាម កាលកំណត់​របស់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ បើ​ស្ត្រី​គ្រប់​ខែ​​ជិត​ដល់ពេល​សម្រាល​ត្រូវ​រក​កន្លែង​ស្នាក់នៅ​ក្បែរ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​។ ត្រូវ​នាំ​កូនៗ​របស់លោក​អ្នក ទៅ​ចាក់​ថ្នាំ​បង្ការ​តាម​ការកំណត់​របស់​គ្រូពេទ្យ និង​ផ្តល់​អាហារ​ដល់​ពួកគេ​ឱ្យបាន​ត្រឹមត្រូវ ។ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កុមារី និង​ក្មេងស្រី​នៅ​ទីទួល​សុវត្ថិភាព ក្រែង​មាន​អំពើហិង្សា​ផ្លូវភេទ​។ ត្រូវ​ជួយ​មនុស្ស​ចាស់ ក្នុង​ក្រុមគ្រួសារ​លោកអ្នក ឬ​មនុស្ស​ចាស់​នៅ​ជិតខាង និង​ផ្តល់​ការគាំទ្រ​ដល់​សមាជិកគ្រួសារ ឬ​កុមារ​ពិការ​​ដូចជា ឈើច្រត់ រទេះរុញ ឬ​ថ្នាំពេទ្យ​ដែល​គាត់​កំពុង ប្រើប្រាស់​ជាប្រចាំ​មួយចំនួន​ដែលជា​តម្រូវ​ការចាំបាច់​របស់​ពួកគាត់​។ ត្រូវ​ប្រុងប្រយ័ត្ន​ជៀសវាង​នូវ​គ្រោះថ្នាក់​លង់ទឹក ត្រូវការពារ​កុមារ​តូចៗ​មិនឱ្យ​ចុះ​ទឹក ពន្យល់​កុមារ​​ពី​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក​នាំ​កុមារ​ទៅ​កន្លែង​ខ្ពស់ និង​មាន​អ្នក​ថែទាំ ប្រើ​អាវ​ពោង​ឬ​ប៊ីដុង​ជ័រ​គ្រប់ពេល​កុមារ​ចេញពីផ្ទះ​។ ពេលធ្វើ​ដំណើរ​តាម​ទូក​ឬ​កាណូត​មិនត្រូវ​ដាក់​មនុស្ស​ហួស​កំរិត បើ​មាន​អ្នកណាម្នាក់​លង់ទឹក​ត្រូវ​ហៅ​ជំនួយ​ជាបន្ទាន់​។​

​ត្រូវ​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់​ដោយសារ​ពស់​ចឹក​ឬ​សត្វ​អ​សិ​រ្ពិ​ស​ផ្សេងៗ​ដោយ​ពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ មុន​ទៅកាន់​ទីទួល​សុវត្ថិភាព​ ​ឬ​មុន​ទៅធ្វើ​ការ​ជិត​គំនរ​អុស និង​គំនរ​ឈើ​។ ធ្វើដំណើរ​ពេលយប់ ឬ​ពេលធ្វើ​ការងារ​ត្រូវ​ស្លៀក​ខោ​ជើងវែង និង​ពាក់​ស្បែកជើង​កវែង ជៀសវាង​កន្លែង​ដែលមាន​ស្មៅ​ស៊ុបទ្រប់ និង​ដាច់ខាត មិនត្រូវ​យកដៃ​ទៅ​ចាប់​ពស់ ឬ​សត្វ​អ​សិរ​ពិស​។ ក្នុងករណី​មាន​​សមាជិកគ្រួសារ ឬ​នរណាម្នាក់ មាន​គ្រោះថ្នាក់​ដោយសារ​ពស់​ចឹក ឬ​សត្វ​អ​សិ​រ្ពិ​ស​ទិច ឬ​ខាំ​ត្រូវបញ្ជូន​ជា​ប្រញាប់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​លោកអ្នក​បំផុត ដើម្បី​ទទួល​ការពិនិត្យ និង​ព្យាបាល ដើម្បី​ជៀសវាង​នូវ​បញ្ហា​រាករូស រាក​មួល ពុល​ចំ​ណ៌​អាហារ ឬ​ជំងឺ​ផ្សេងៗ​ដ៏ទៃទៀត​ដែល​បង្កឡើង​ដោយ​ទឹក ត្រូវ​បរិភោគ​ទឹកស្អាត​ដោយ​ប្រើ​ធុង​ច​ម្រះ ដាំទឹក​ឱ្យ​ពុះ ឬ​ប្រើប្រាស់​ទឹក​ដោយ​ប្រើ​ថ្នាំ​ភ្លើន ឬ​ត្រូ​រ៉ា​មីន (​ថ្នាំ​ក្អ​រឺ​ន ឬ​ក្ល​រ៉ា​មីន​ពីរ​គ្រាប់​អាច​លាយ​ទឹក​២០​លីត្រ​)​។ ត្រូវ​លាង​សម្អាត​បន្លែ និង​ផ្លែឈើ​ជាមួយ​ទឹកស្អាត អាហារ​ចម្អិន​ឱ្យបាន​ត្រឹមត្រូវ និង​ឆ្អិន​ល្អ គ្រប​អាហារ​ឱ្យបាន​ជិត​ល្អ ដើម្បី​ការពារ​រុយ​រោម និង​ធូលី​ដី​ហុយ​ចូល ព្រមទាំង​សម្អាត​កន្លែង​ធ្វើ​ម្ហូប និង​សម្ភារៈ​ផ្ទះបាយ​ដូចជា ចាន ឆ្នាំង ស្លាបព្រា​ខ្វះ កាំបិត ជ្រុ​ញ​ឱ្យបាន​ស្អាត​។ លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឱ្យបាន​ញឹកញាប់ មុន​និង​ក្រោយ​បរិភោគ​អាហារ និង​ក្រោយ​ចេញពី​បង្គន់​។​

ដើម្បី​ជៀសវាង​ការចម្លង​ជំងឺ​រលាក​ផ្លូវដង្ហើម ជា​ចាំបាច់​ត្រូវ​ពាក់​ម៉ាស់ ឬ​កូនកន្សែង ឬ​ក្រមា​ខ្ទប់មាត់​ពេល​ក្អក ឬ​កណ្តាស់ និង​ត្រូវ​នៅ​ឱ្យបាន​ឆ្ងាយ​ពី​អ្នកជំងឺ​ដែល​ក្អក ឬ​កណ្ដាស់​ឱ្យ​លើសពី​១​ម៉ែត្រ ហើយ​និង​មិនត្រូវ​នៅក្បែរ​កន្លែង មាន​ធូលី​ហុយ​បើ​ចាំបាច់​ត្រូវតែ​ពាក់​ម៉ាស់​។ នៅពេល​ដែលមាន ធាតុអាកាស​ប្រែប្រួល​ភ្លាមៗ ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព ដូចជា ការ​ស្លៀកពាក់ ឱ្យ​​បាន​ត្រឹមត្រូវ និង​ជៀសវាង​ចេញ​ក្រៅ​ផ្ទះ​ក្នុង​រយៈពេល​យូរ ​។​

​ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ស្អាត ដោយ​ងូតទឹក ដុះ​សាប៊ូកក់សក់ និង​បោក​សម្លៀកបំពាក់ ឱ្យបាន​ស្អាត​ជៀសវាង​នូវ​ជំងឺ​សើរ​ស្បែក ពងទឹក កមរមាស់​ជាដើម​។​

​ក្រោយពេល​ទឹកជំនន់ គឺ បន្ត​បរិភោគ​ចំណីអាហារ​ស្អាត ទឹកស្អាត និង​អនាម័យ​ខ្លួនប្រាណ​ឱ្យបាន​ស្អាត ដើម្បី​ជៀសវាង​នូវ​ជំងឺ​ផ្សេងៗ​​។ ត្រូវ​បន្ត​សំរាន្ត​ក្នុង​មុង​គ្រប់ពេល​ដើម្បី​ការពារ​ជំងឺគ្រុនឈាម នឹង​គ្រុនចាញ់​។ ត្រូវ​ពិនិត្យមើល​ផ្ទះ​ក្រែង​មាន បាក់ស្រុត​នាំឱ្យមាន​គ្រោះថ្នាក់ ប្រុងប្រយ័ត្ន​ក្រែង​មាន​សត្វ​ពស់ ឬ​សត្វ​អ​សិរ​ពិស​ផ្សេងៗ​។ អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ និង​ក្នុងផ្ទះ ព្រោះ​ក្រោយពេល​ទឹក​ស្រក​ទៅបាន​បន្សល់​នូវ​ភាពកខ្វក់ និង​មេរោគ​ជាច្រើន​រស់នៅ ក្នុង​ទឹក​ជៀសវាង​នូវ ការដក់​ទឹក​ជុំវិញ​ផ្ទះ និង​ក្នុងផ្ទះ នាំឱ្យមាន​ដង្កូវទឹក​កើត​មូស​ខ្លា និង​មូស​ដែកគោល ដែល​អាច​បង្កឱ្យមាន​ជំងឺគ្រុនឈាម និង​គ្រុនចាញ់​។ ត្រូវ​ស្តារ និង​សម្អាត​អណ្តូងទឹក​ឡើងវិញ​មុននឹង​ប្រើប្រាស់​។ ព្រមទាំង​ជួសជុល និង​សង់​បង្គន់​ឡើងវិញ ដោយ​ជានិច្ចកាល​ត្រូវ​បន្ទោបង់​ក្នុង​បង្គន់​គ្រប់ពេល ​។​

​នៅមុន​ពេល ក្នុងពេល និង​ក្រោយពេល​ទឹកជំនន់ ប្រសិនបើ​លោកអ្នក​មាន បញ្ហា​សុខភាព​សូម​ស្វែងរក​ការពិគ្រោះ ពិនិត្យ និង​ព្យាបាល​ជំងឺ​ជាបន្ទាន់ នៅ​ប៉ុស្តិ៍​សុខភាព ក្បែរ​ទីទួល​សុវត្ថិភាព ឬ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែល​នៅ​ជិត​លោកអ្នក​បំផុត ​។​

​ក្រសួងសុខាភិបាល​បាន​ណែនាំ​មន្ទីរ​សុខាភិបាល​រាជធានី គឺ​ខេត្ត​ទាំងអស់​ឱ្យ​ត្រៀម លក្ខណៈ​រួចជាស្រេច​នូវ​ឱសថ បរិក្ខារ​ពេទ្យ​ប្រឆាំង​ពឹ​សព​ស់ សម្រាប់​ជួយ​អន្តរាគមន៍ នៅពេល​ដែលមាន​ពស់​ចឹក ព្រមទាំង​ក្រៀម​ក្រុមគ្រូពេទ្យ​ចល័ត ដើម្បី​ជួយ​ពិនិត្យ​ព្យាបាល ជំងឺ​ជូន​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​សុខភាព​ឱ្យបាន​ល្អប្រសើរ និង​ទាន់ពេលវេលា ទៅតាម​និយម​ប្រតិបត្តិ​ពេទ្យ​ត្រឹមត្រូវ​ផងដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×