Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណុំរឿង​ជន​ជាប់ឃុំ ពេជ្រ សូ​ណែ​ត ផ្តន្ទាទោស​ជាប់គុក ​១៦៦ឆ្នាំ ​ត្រូវ​រួចផុត​បទ​ចោទ​ចំនួន​៨​សំណុំរឿង គឺជា​ប់ទោស​១៩​ឆ្នាំ​

spot_img

​ភ្នំពេញ ​៖​ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃទី​៥​ ខែកញ្ញា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌ និង​ជំនួយ​ផ្នែក​ច្បាប់​របស់ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុងករណី​សំណុំរឿង​ជន​ជាប់ឃុំ ពេជ្រ សូ​ណែ​ត ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចំនួន 9​ផ្សេងគ្នា ដែល​ត្រូវ​ផ្តន្ទាទោស​ជាប់គុក​ជាង 160 ឆ្នាំ​។

ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ ក្រុម​មេធាវី​សិទ្ធិមនុស្ស នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុងការ​ការពារ​ក្តី​ជូន​ពិរុទ្ធជន​ឈ្មោះ ពេជ្រ សូ​ណែ​ត សាលាឧទ្ធរណ៍ បានធ្វើការ​ប្រកាស​នូវ​សាលដីកា​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ដោយ​សម្រេច​ឱ្យ ឈ្មោះ ពេជ្រ សូ​ណែ​ត រួចផុត​បទ​ចោទ​ចំនួន​៨​សំណុំរឿង​។ ដូច្នេះ​សរុប​​ទោស​ដែល​ពិរុទ្ធជន ពេជ្រ សូ​ណែ​ត ជាប់​តាម​ការសម្រេច​របស់​សាលាឧទ្ធរណ៍​មាន ២​សំណុំរឿង​ដែល​​មានទោស​សរុប​ចំនួន​១៩​ឆ្នាំ​។​

សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា​​នៅក្នុង​ពិធី​ចុះសួរសុខទុក្ខ​ស្ត្រី​ជាប់ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​ម​២) រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ ប្រតិភូ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដឹកនាំ​ដោយ​លោក​កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា រួមជាមួយ​តំណាង​​ក្រសួងយុត្តិធម៌ ក្រសួង​កិច្ចការនារី និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន បាន​ជួប​ជាមួយ​ស្ត្រី​ជាប់ឃុំ​មួយរូប​ឈ្មោះ ពេជ្រ សូ​ណែ​ត ដែលមាន​កូនប្រុស​នៅ​ជាមួយ​អាយុ​៣​ឆ្នាំ និង​មាន​សាលក្រម​ផ្តន្ទាទោស​៩​សំណុំរឿង​ផ្សេងគ្នា ដែល​ទោស​សរុប​បញ្ចូល​គ្នា​មាន​រហូតដល់​១៦៦​ឆ្នាំ ដោយ​មិនទាន់​ធ្វើការ​ស្រប​ទោស​បញ្ចូល​គ្នា​។ ដោយមាន​ក្តី​អាណិតអាសូរ​និង​ផ្អែកលើ​គោលការណ៍​មនុស្សធម៌ ក៏ដូចជា​គោលការណ៍​សិទ្ធិមនុស្ស លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានសម្រេច​ជួយ​ធ្វើ​អន្តរាគមន៍​ផ្នែក​មនុស្សធម៌ និង​ផ្តល់នូវ​ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី​ជាប់ឃុំ​ឈ្មោះ​
​ពេជ្រ សូ​ណែ​ត និង​ទទួលបាន​នូវ​លទ្ធផល​ដូចខាងក្រោម ​៖

​ក្នុង​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានធ្វើការ​ទំនាក់ទំនង​​ជាមួយ​អង្គការ​​ដៃគូ​ផ្សេងៗ ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ទទួលយក​កូនប្រុស​អាយុ​៣​ឆ្នាំ​របស់​ស្ត្រី​ជាប់ឃុំ ពេជ្រ សូ​ណែ​ត ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា ផ្តល់​ការអប់រំ និង​រស់នៅក្នុង​បរិយាកាស​ដែល​ប្រសើរ​។ ជា​លទ្ធផលក្រោម​​ការសម្របសម្រួល​ពី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ កុមារា​ដែលជា​កូន​របស់​ស្ត្រី​ជាប់ឃុំ ត្រូវបាន​ប្រគល់​ជូនទៅ​អង្គការ “​ការអភិវឌ្ឍន៍​កុមារ​កម្ពុជា​” ស្ថិត​​នៅ​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​ចិញ្ចឹម​បីបាច់​ថែរក្សា និង​ផ្តល់​ការអប់រំ កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​។​ ​ចំពោះ​ការ​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ក្នុង​សំណុំ​រឿងនេះ ដោយមាន​ការស្នើសុំ​ពី​ស្ត្រី​ជាប់ឃុំ ពេជ្រ សូ​ណែ​ត​ ​កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បានផ្តល់​នូវ​មេធាវី​២​រូប នៃ​ក្រម​​មេធាវី​សិទ្ធិមនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គឺ​លោក​មេធាវី ខៀវ តុលា និង​លោកស្រី​មេធាវី លឹម​ច័ន្ទ​លីដា ដើម្បី​ធ្វើការ​ការពារ​ក្តី​ជូន​ពិរុទ្ធជន​រូបនេះ ក្នុង​ដំណើរការ​នីតិវិធី​បន្ត​នៅ​សាលាឧទ្ធរណ៍​។​

​ពិរុទ្ធជន ពេជ្រ សូ​ណែ​ត ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ សរុប​ចំនួន ១៦៦​ឆ្នាំ ទៅលើ​៩​សំណុំរឿង កាលពី​អំឡុង​ឆ្នាំ​២០១៧ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការប្រព្រឹត្ត​ហិង្សា (​ប្លន់​ម៉ូតូ​) និង​ដោយសារ​មាន​មរណភាព​នៃ​ជនរងគ្រោះ ការកាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ហើយ​ត្រូវបាន​ពិរុទ្ធជន​រូបនេះ ប្តឹង​ឧទ្ធរណ៍​ទៅនឹង​សាលក្រម​ទាំង​៩​ខាងលើ នៅក្នុង​អំឡុង​ឆ្នាំ​២០១៧ នេះដែរ​។ គិត​មកដល់​ថ្ងៃ​បើកសវនាការ​នៅ​សាលាឧទ្ធរណ៍ កាល​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ ឈ្មោះ ពេជ្រ សូ​ណែ​ត ត្រូវបាន​ឃុំខ្លួន​ចំនួន​៣​ឆ្នាំ ៧​ខែ និង​២២​ថ្ងៃ (​ថ្ងៃ​ឃុំខ្លួន​១៦ ខែធ្នូ ឆ្នាំ​២០១៥)​។​

ជា​លទ្ធផល ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ ក្រុម​មេធាវី​សិទ្ធិមនុស្ស នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុងការ​ការពារ​ក្តី​ជូន​ពិរុទ្ធជន​ឈ្មោះ ពេជ្រ សូ​ណែ​ត សាលាឧទ្ធរណ៍ បានធ្វើការ​ប្រកាស​នូវ​សាលដីកា​របស់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៩ នេះ ដោយ​សម្រេច​ឱ្យ ឈ្មោះ ពេជ្រ សូ​ណែ​ត រួចផុត​បទ​ចោទ​ចំនួន​៨​សំណុំរឿង ពី​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា និង​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ (​ប្លន់​យក​ម៉ូតូ និង​សម្លាប់​ជនរងគ្រោះ​) កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​​លើ​៩​សំណុំរឿង​ដែល​សាលាដំបូង​បាន​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​ចំនួន​១៦៦​ឆ្នាំ​។ ក្នុងចំណោម ៨​សំណុំ​​រឿង​នោះ មាន​១​សំណុំរឿង បាន​ប្តូរ​បទ​ចោទ​មក​បទល្មើស មិន​បរិហារ​ពីបទ​ល្មើស​ផ្ដន្ទាទោស​ចំនួន​១​ឆ្នាំ​ ​ហើយ​ចំណែកឯ​សំណុំរឿង​១​ទៀត ត្រូវបាន​សាលាឧទ្ធរណ៍ សម្រេច​ផ្តន្ទាទោស​ចំនួន​១៨​ឆ្នាំ​។ ដូច្នេះ​សរុប​​ទោស​ដែល​ពិរុទ្ធជន ពេជ្រ សូ​ណែ​ត ជាប់​តាម​ការសម្រេច​របស់​សាលាឧទ្ធរណ៍​មាន ២​សំណុំរឿង​ដែល​​មានទោស​សរុប​ចំនួន​១៩​ឆ្នាំ​។​

​ក្រុម​មេធាវី​សិទ្ធិមនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នឹង​ខិតខំ​ធ្វើ​ការងារ​បន្ថែមទៀត​ជាមួយ​
​ពិរុទ្ធជន ពេជ្រ សូ​ណែ​ត ក្នុង​ការបន្ត​នីតិវិធី​ដាក់ពាក្យ​បណ្តឹង​សា​​រ​ទុក្ខ​ទៅ​តុលាការ​កំពូល ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ជន​ជាប់ឃុំ ដោយ​ក្រុម​មេធាវី​យល់ឃើញថា ឈ្មោះ​ពេជ្រ សូ​ណែ​ត មិនមាន​ជាប់​ពាក់ព័ន្ធ ជាមួយនឹង​អំពើ​ប្លន់​ម៉ូតូ និង​សម្លាប់​ជនរងគ្រោះ​នោះទេ ហើយ​ពិរុទ្ធជន ពេជ្រ សូ​ណែ​ត ក៏បាន​បដិសេធ​នូវ ការសម្រេច​របស់​សាលាឧទ្ធរណ៍​ផងដែរ​។​

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​កិច្ចសហការ និង​គាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្នុង​កិច្ច​អន្តរាគមន៍​ផ្នែក​មនុស្សធម៌ និង​ជំនួយ​ផ្នែក​ច្បាប់ រួមមាន ក្រសួងយុត្តិធម៌ និង​សាលាឧទ្ធរណ៍ ក្នុង​កិច្ចដំណើរការ​ព​នឿន​នីតិវិធី​នៃ​សំណុំរឿង ព្រមទាំង​អង្គការ “​ការអភិវឌ្ឍន៍​កុមារ​កម្ពុជា​” ​ដែល​បានទទួល​ចិញ្ចឹម​បីបាច់​ថែរក្សា និង​ផ្តល់​ការអប់រំ ដល់​កុមារា​ដែលជា​កូន​របស់​ស្ត្រី​ជាប់ឃុំ​។​

​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា រកឃើញថា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ហៅ​កាត់​ថា “​ម​២” មាន​ស្ត្រី​ម្នាក់​ជាប់ឃុំ​ដោយសារ​មានទោស​ច្រើន​បូកផ្សំ​បញ្ចូល​គ្នា​សរុប​រហូតដល់​ជាប់ទោស​១៦៦​ឆ្នាំ ។ អ្វីដែល​សំខាន់​គឺ​បញ្ហា​កូន​នៅ​ជាមួយ​។​

​លោក កែវ រ៉េមី សរសេរ​តាម​បណ្តាញ​សង្គម Facebook ថា “​ក្រោយពី​ចុះសួរសុខទុក្ខ​នៅ​មណ្ឌល​អប់រំ​កែប្រែ ម​២ មក ។ យើង​បានឃើញ​ស្ត្រី​ម្នាក់​ជាប់ឃុំ​ដោយសារ​មានទោស​ច្រើន​បូកផ្សំ​បញ្ចូល​គ្នា​សរុប​រហូតដល់​ជាប់ទោស​១៦៦​ឆ្នាំ​។ អ្វីដែល​សំខាន់​គឺ បញ្ហា​កូន​នៅ​ជាមួយ​”​។​

​លោក បន្តថា “​ខ្ញុំ​ពិតជា​អាណិត និង រន្ធត់​ក្នុង​ចិត្តខ្លាំង​ណាស់​ដែល​ចាំបាច់​ត្រូវខិតខំ​រក​អង្គការ​ណា​ដែលមាន​លក្ខណ​:​សម្បត្តិ​គ្រប់គ្រាន់​ដែល​ទទួលយក​ក្មេង​នោះ ហើយ​ដែល​អាច​ផ្តល់​ទាំង​អាហារ​និង​ចំណេះ​ដល់​ក្មេង​បាន​។ ខ្ញុំ​សូម​អរគុណ​ជា​អនេកប្បការ​ដល់ លោកស្រី ឈូក សីហា នាយិការ​នៃ​អង្គការ “​ការអភិវឌ្ឍន៍​កុមារ​កម្ពុជា​” ដែល​ស្ម័គ្រចិត្ត​ទទួលយក​ក្មេង​នោះ ។ សូម​អរគុណ​ផងដែរ​ដល់​មន្ត្រី ថ្នាក់ដឹកនាំ​ទាំងអស់​នៅក្នុង ម​២ និង​សហការី​របស់ខ្ញុំ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ​ដោយមាន​ប្រសិទ្ធិភាព ។ សូម​អំពាវនាវ​ដល់​មាតាបិតា​កុំ​ប្រព្រឹត្តិ​ល្មើ​សនឹង​ច្បាប់ ដែល​ធ្វើអោយប៉ះពាល់​ដល់​អនាគត​កូន​៕ ដោយ​៖​កូ​ឡាប​

spot_img
×