Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​លេខ​៣៣ និង​ផ្លូវជាតិ​លេខ ៣ ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃអាទិត្យ ទី​៨ ខែកញ្ញា ឆ្នាំ​២០១៩ លោក​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​មន្ដ្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​លេខ​៣៣ និង​ផ្លូវជាតិ​លេខ​៣ ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ដ្រី​បច្ចេកទេស ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប និង​ខេត្តកំពត​។​

​បន្ទាប់ពី​ភ្លៀង​ធ្លាក់​ជោគជាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមកនេះ បានធ្វើឱ្យ​ផ្លូវជាតិ​លេខ​៣ និង​ផ្លូវ​លេខ​៣៣ ទទួលរង​នូវ​ការគំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ធ្វើឱ្យ​ផ្លូវ​ទាំងនេះ​មានការ​ខូចខាត​យ៉ាងដំណំ​ជាច្រើន​កន្លែង​។​

​គិត​ត្រឹម​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៩ មាន​ខេត្ត​ចំនួន ១១ ដែល​ទទួលរង​នូវ​ទឹកជំនន់​ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ជាច្រើន​ថ្ងៃ បង្កឱ្យមាន​ការខូចខាត​ផ្លូវ​ចំនួន​៣៦​ខ្សែ សរុប​ប្រវែង ៦០​គីឡូម៉ែត្រ ក្នុងនោះ​ក៏មាន​ខេត្ត​កែប និង​ខេត្តកំពត​ផងដែរ​។​

​ថ្លែង​នៅក្នុង​ឱកាស​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​រង​ការខូចខាត​នាពេលនោះ លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ផ្លូវ​មានការ​ខូចខាត​ដោយសារ​កត្តា​អាកាសធាតុ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ជាច្រើន​ថ្ងៃ តំបន់​ខ្លះ​មាន​ប្រភេទ​ដី​ទន់ (​ដី​ស្អុយ​) ការដឹក​ទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ បានធ្វើឱ្យ​ផ្លូវ​ឆាប់​ទទួលរង​ការខូចខាត​។ សម្រាប់​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត -​វាលរេញ​)​ត្រូវបានធ្វើ​ការសិក្សា​ប​ច្ចេកទេស​ឡើងវិញ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង ដោយ​ចាក់​ថ្ម​គ្រឹះ និង​លើក​តួ​ផ្លូវ​កម្ពស់ ០,៨​ម៉ែត្រ​បន្ថែមទៀត​។​

​លោក​បាន​បន្តថា ក្រសួង​នឹង​បញ្ចេញ​គ្រឿងចក្រ​ធ្វើការ​ជួលជុល​បន្ទាន់ បន្ទាប់ពី​ទឹកភ្លៀង​ឈប់​ធ្លាក់ ដើម្បីឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ ។​

​លោក​ទេសរដ្ឋមន្ដ្រី បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាងសង់ ស្រោច​ទឹក​លើផ្លូវ​ឱ្យបាន​ញឹកញាប់ ក្នុងអំឡុងពេល​សាងសង់ ដើម្បី​កាត់បន្ថយ​ការ​ហុយធូលី​ដី​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​អាច​បង្ក​ឱ្យ​កើតមាន​ជម្ងឺ​ផ្សេងៗ និង​ជាពិសេស​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍ ជាយថាហេតុ​ក្នុងពេល​ធ្វើដំណើរ​។​

​លោក​ទេសរដ្ឋមន្ដ្រី បាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​យោគយល់​អធ្យាស្រ័យ ចំពោះ​ការ​ហុយធូលី ការកកស្ទះ​ចរាចរណ៍ និង​ពិបាក​ធ្វើដំណើរ​ក្នុងពេល​សាងសង់ និង​សូមកុំ​បន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​បណ្ដាលឱ្យ​ផ្លូវ​របស់​យើង​ឆាប់​ខូចខាត នាំឱ្យ​ខាតបង​ថវិកាជាតិ​។​

​សូមបញ្ជាក់​ផងដែរ​ថា ​៖ ផ្លូវ​នេះ​នឹងត្រូវ​ធ្វើការ​ជួសជុល​ឱ្យបាន​រួចរាល់​នៅក្នុង​ខែធ្នូ ចុងឆ្នាំ​២០១៩​នេះ ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ចំនួន​២ គឺ​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​៣ នៅ​ខេត្តកំពត ចាប់ពី​ថ្ង​ទី​២៧ ដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៩ និង​ពិធី​ប្រណាំង​កង់​អន្តរជាតិ ចាប់ពី​ខេត្តកោះកុង ឆ្ពោះ​មក​ខេត្ត​កែប ដែល​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែមករា ឆ្នាំ​២០២០៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×