ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសស្រាល ខណៈដែលធ្វើដំណើរជិះម៉ូតូឌុបគ្នា ទៅធ្វើការរោងចក្រ នៅក្រុងបាវិត ប៉ះដៃចង្កូតម៉ូតូដួលខ្ទាតចូលកង់ក្រោយរថយន្ត បណ្តាលឲ្យរថយន្តកិនស្លាប់។
ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២៣នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ជ្រៃធំ សង្កាត់ ព្រៃអង្គុញ ក្រុង បាវិត ខេត្ត ស្វាយរៀង។
បើតាមការឱ្យដឹងពីសាក្សី ដែលឃើញហេតុការណ៍នោះ បានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុ មានស្ត្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ស៊េរីឆ្នាំ២០១០ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កោះកុង 1A 7720 ដែលធ្វើដំណើរពីទិសដៅពីលិចទៅកើត ស្របទិសគ្នាជាមួយរថយន្ត។ លុះមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តប្រភេទទេសចរណ៍មួយគ្រឿង ពណ៌ ផ្កាឈូក ពាក់ផ្លាកលេខ ភ្នំពេញ 3A8268 បើកបរដោយឈ្មោះ សូ គឹមណាន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបររថយន្តមានទីលំនៅភូមិ អណ្តូងតាសី សង្កាត់ ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ធ្វើដំណើរស្របទិសគ្នា ជាមួយម៉ូតូ ពីលិចទៅកើត ប៉ះជញ្ជាំងខាងស្តាំ បណ្តាលឲ្យដួលម៉ូតូខ្ទាតមនុស្ស ចូលក្រោមរថយន្តកិនបែកក្បាលស្លាប់តែម្តង។
ហើយជនរងគ្រោះដែលបានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរនោះមានឈ្មោះ ព្រុំ គីម អាយុ២ឆ្នាំ មុខរបរោងចក្រ រស់នៅភូមិ អង្គស្វាយឃុំ ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ អ្នករូមដំណើរ ឈ្មោះ សន សារឿន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ រងរបួសស្រាល រស់នៅភូមិជាមួយគ្នា។
ក្រោយពីបង្កហេតុរួច រថយន្តបើករត់គេចខ្លួន យកមកលាក់ទុកនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន តែត្រូវសមត្ថកិច្ចចាប់យកមក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ វ៉ៃកូ