Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​សារាចរ​ណែនាំ​បន្ថែម ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​បន្ត​បង្កើន​វិធានការ ទប់ទល់​គ្រោះទឹកជំនន់

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សារាចរ​ណែនាំ​បន្ថែមទៀត ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​អាជ្ញាធរ​ដែនដី​ទាំងអស់ បន្ត​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន និង​ដាក់ចេញ​វិធានការ​ចាំបាច់​នានា ដើម្បី​ត្រៀម​ទប់​ទល់នឹង​គ្រោះទឹកជំនន់ ដែល​អាច​នឹង​កើនឡើង​ជាថ្មី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

​ក្នុង​សារាចរ​ណែនាំ​របស់ រាជរដ្ឋាភិបាល បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ជិត​១​សប្តាហ៍​កន្លងមកហើយ ដែល​ជំនន់​ទន្លេមេគង្គ បាន​បង្ក​ឲ្យ​មានការ​លិចលង់​យ៉ាងធ្ងន់ធ្ងរ នៅ​បណ្តា​ខេត្ត​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​ផ្នែក​ខាងលើ​។ បើទោះបីជា ទឹកបាន​ចាប់ផ្តើម​ស្រក​ចុះ ប៉ុន្តែ​ការ​ស្រក​ចុះ​នេះ មាន​សភាព​យឺត ជាក់ស្ដែង​ខេត្តស្ទឹងត្រែង ដែល​ចាប់តាំងពី​ពេល​ស្រក​ចុះ នៅ​យប់​ថ្ងៃទី​០៦ មកដល់​ព្រឹក​ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៩ មាន​រយៈពេល ៤​ថ្ងៃ​កន្លះ ស្មើនឹង​១០៨ ម៉ោង ទឹក​ស្រក​ចុះ​បានត្រឹមតែ​០,៦០ ម៉ែត្រ ប៉ុណ្ណោះ​។ ការ​ស្រក​ចុះ​យឺត​នេះ គឺ​ដោយសារ​បរិមាណ​ទឹក ដែល​កើតឡើង​ដោយសារ​ជំនន់ នាពេល​កន្លងមក​មាន​បរិមាណ​ទឹក​ដ៏​ច្រើន​លើសលប់ ទន្ទឹមនឹង​ភ្លៀង​នៅ​បន្ត​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទ​ន្លេ​មេគង្គ​បន្ថែមទៀត​។​

​នៅក្នុង​សារាចរ​នេះ​ថា យោងតាម​ការព្យាករណ៍​លើ ស្ថានភាព​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បង្ហាញថា ចាប់ពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ ២០១៩​តទៅ នឹងមាន​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ថ្មី​មួយ​កើតឡើង ហើយ​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នឹង​រំកិល​ខ្លួន​ចុះមក​ក្រោម (​ចន្លោះ​ស្ទឹងត្រែង​-​ប៉ាក់ សេ​)​។ ប្រព័ន្ធ​សម្ពាធ​ទាប​ថ្មី​នេះ នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន ជំរុញ​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើងជា​ថ្មី ដែល​ធ្វើ​ឲ្យ​ជំនន់​ឆ្នាំ​២០១៩ នេះ ចាត់ទុក​ចំណាត់ថ្នាក់​ជា​ជំនន់​ធំ​។​

​យោង​លើ​ស្ថានភាព​កម្ពស់​ទឹកទន្លេ​នាពេល​បច្ចុប្បន្ន និង​ស្ថានភាព​អាកាសធាតុ ដូច​បាន​ព្យាករណ៍ និង​បញ្ជាក់ជូន​ខាងលើ រាជរដ្ឋាភិបាល ក៏បាន​ធ្វើការ​ណែនាំ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​បន្ត​បង្កើន​ស្មារតី​ប្រុងប្រយ័ត្ន និង​វិធានការ​ចាំបាច់​នានា ត្រៀម​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ដែល​អាច​នឹង​កើនឡើង​ជាថ្មី​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ កាត់បន្ថយ​ឲ្យ​បានជា​អតិបរមា​នូវ​ការលំបាក និង​ការប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ អាយុជីវិត​របស់​ប្រជាពលរដ្ឋ​៕ ដោយ​ ៖ ​កូ​ឡាប​

​សូម​ភ្ជាប់​ឯកសារ​សារាចរ​ណែនាំ​ខាងក្រោម ​៖​

spot_img
×