Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ទំនើប បើក​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បុក​យុវជន​៣​នាក់​ស្លាប់ នៅ​ក្រុង​តាខ្មៅ​

spot_img

​ខេត្ត​កណ្ដាល ៖ ករណី​គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត​សេរី​ទំនើប LANDROVER​មួយគ្រឿង បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ខ្ទាត​អូស​ជាង​១០០​ម៉ែត្រ បណ្ដាល​ឱ្យ​យុវជន​៣​នាក់​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ ។​

​នគរបាល​ក្រុង​តាខ្មៅ បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​នេះ កើតហេតុ​ថ្ងៃ​សុក្រ ៤ រោច ខែ​បុស្ស ឆ្នាំ​រកា​
​នព្វ​ស័ក ពុទ្ធ​សករាជ ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​២០​នាទី កើតហេតុ​នៅ​ចំណុច​ខាងកើត ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំពង់​សំណាញ់ ប្រហែល​១០០​ម៉ែត្រ លើ​ផ្លូវ​លេខ​១១៥ ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ​។


​គ្រោះថ្នាក់​នេះ បង្កឡើង​ដោយ​រថយន្ត​មួយគ្រឿង​ម៉ាក LANDROVER ពណ៌​ខ្មៅ ផ្លាកលេខ ភ្នំពេញ 2U-6977 អ្នកបើកបរ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ រត់​បាត់ បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត មកដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក HONDA MSX ពណ៌​ខៀវ​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ អ្នកបើក​បើកបរ​ឈ្មោះ​រស់ ភារម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​ពីក្រោយ​២​នាក់​ទៀត ១.​ឈ្មោះ​អ៊ី​ម សុ​ផា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ និង ២.​ឈ្មោះ​វ៉ន វិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ។ អ្នករួមដំណើ​រទាំង​២​បាន​ស្លាប់ ពេល​ដឹក​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ជ័យជំនះ ។ ខូតខាត​ម៉ូតូ​ធ្ងន់​ចំនួន​១​គ្រឿង និង​រថយន្ត​ខូចខាត​ស្រាល​ចំនួន​១​គ្រឿង​។​

​នគរបាល​បាន​បញ្ជាក់​អំពី​មូលហេតុ​ថា​មកពី​អ្នកបើកបរ​រថយន្ត បើករថយន្ត​ប្រជែង ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​

​ក្រោយ​កើតហេតុ​ដោយ​ឃើញ​ហេតុការណ៍​មិន​ស្រួល អ្នកបើកបរ​រថយន្ត​បង្ក បាន​បន្ថែម​ល្បឿន​បើក​រត់គេច​ខ្លួន​តាម​ផ្លូវ​លេខ​១១៥ លុះ​ដល់​ស្តុប​ជិត​កាកបាទក្រហម​ខេត្តកណ្ដាល ក៏​បាន​ប្លុង​រថយន្ត​ចោល រួច​អ្នកបើកបរ​បាន​ចុះ​រត់គេចខ្លួន​បាត់​។​ក្រោយមក​សមត្ថកិច្ច​បា​ន​សមត្ថកិច្ច​បាន​អូស​យក​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​។

​ប៉ូលិស​ជំនាញ បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​នោះ ។ សមត្ថកិច្ច​ក៏​បាន​បញ្ជា​ឲ្យ​តាម​ចាប់ខ្លួន​ជន​បង្ក​ឲ្យ​ខានតែបាន ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​នាយកដ្ឋាន​នគរបាល​ចរាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ថា​៖​ក្រោយ​គ្រោះថ្នាក់​ចរាចរ​សមត្ថកិច្ច​បាន​ធ្វើ​ការស្វែងរក​និង​ស្រាវជ្រាវ​រក​ឃើញ​រថយន្ត​និង​ម្ចាស់​ជា​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរ បណ្ដាលឲ្យ​ស្លាប់​យុវជន​៣​នាក់ នៅ​ក្រុង​តាខ្មៅ​នោះ ហើយ​គឺ​ឈ្មោះ សោម រតនៈ មាន​ទីលំនៅ​ផ្ទះ​លេខ​៣​សេ ស្ថិតក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជា​ម្ចាស់​រថយន្ត​ម៉ាក LANG ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-6977​។

​ក្នុងករណីនេះ លោក​អ៊ាវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច ធ្វើ​ការសហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​តាម​ចាប់ខ្លួន​ជន​បង្ក យក​មក​ផ្តន្ទាទោស​តាមច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×