Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​ធ្វើ​ពិពិធ​កម្ម​កំណើន​សេដ្ឋកិច្ចជាតិ​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការបន្ត​ពង្រឹង​អភិបាលកិច្ច​ល្អ សំដៅ​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ឯកជន តាមរយៈ​ការ​ផ្តល់នូវ​សេវាសាធារណៈ​ប្រកបដោយ​សុចរិត​ភាព តម្លាភាព និង​គណនេយ្យភាព ដើម្បី​លើកស្ទួយ​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ទាញយក​អត្ថប្រយោជន៍​ពី​ការធ្វើសមាហរណកម្ម ទៅក្នុង​កម្រិត​តំបន់ និង​ពិភពលោក​។​

​ការបញ្ជាក់​របស់លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​នាឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​បោះឆ្នោត​ជ្រើសរើស​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា អាណត្តិ​ទី​៤ លើក​ទី​១ ដែល​រៀបចំឡើង​នៅ​ទីស្នាក់ការ​សភាពាណិជ្ជកម្ម​កម្ពុជា កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល សមាជិក សមាជិកា​នៃ​សភាពាណិជ្ជកម្ម​រាជធានី​-​ខេត្ត ប្រមាណ​ជាង ១០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានធ្វើការ​អបអរសាទ​រ​ចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​ប្រធានសភា​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ អាណត្តិ​ថ្មី និង​បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​សភាពាណិជ្ជកម្ម​ទាំងអស់ ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល​ថែមទៀត ដើម្បី​ដើម្បី​នាំមក​នូវ​វឌ្ឍនភាព និង​វិបុលភាព នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​អង្គពិធី​អំពី​វឌ្ឍនភាព​ផ្នែក​សង្គម​សេដ្ឋកិច្ច និង​សមិទ្ធផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល នៅក្រោម​ការដឹកនាំ​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ព្រមទាំង​កិច្ចប្រឹងប្រែង​របស់​ក្រសួងពាណិជ្ជកម្ម ក្នុងការ​សម្របសម្រួល​ការអភិវឌ្ឍ​វិស័យ​ឯកជន ដែលជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ ដូច​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។​

“​ការសម្រេចបាន​នូវ​កត្តា​ទាំងអស់នេះ បាន​ជួយ​ឱ្យ​កម្ពុជា ក្លាយជា​គោលដៅ​វិនិយោគ​ដ៏​ទាក់ទាញ​មួយ​នៅក្នុង​តំបន់ ដែល​រួមចំណែក​យ៉ាងសំខាន់ ដល់​ការបង្កើត​ឱកាស​ការងារ និង​ការ​កាត់​ភាពក្រីក្រ ហើយ​បានប្រែក្លាយ​ពី​ប្រទេស​ក្រីក្រ ទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​ជា​ខ្លា​ថ្មី​នៅ​អាស៊ី​” លោក ប៉ាន សូរ​ស័ក្តិ មានប្រសាសន៍​បន្ថែម​។​

​ទន្ទឹមគ្នា​នោះដែរ ដើម្បី​ធានា​ដល់​ការលូតលាស់​នៃ​វិស័យ​ពាណិជ្ជកម្ម និង​ជំរុញ​ការអភិវឌ្ឍ​កំណើន​សេដ្ឋកិច្ចជាតិ ប្រកបដោយ​និរន្តរភាព លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ផ្តល់នូវ​អនុសាសន៍​ចំនួន ៤ ដល់​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា និង​សភាពាណិជ្ជកម្ម​រាជធានី​/​ខេត្ត ដូចខាងក្រោម​៖

១. ត្រូវខិតខំ​ស្វែងរក និង​ទាក់ទាញ​អ្នកវិនិយោគ ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​ថែមទៀត ក្នុងនោះ​ត្រូវខិតខំ​រៀបចំ​បង្កើត​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម នៅតាម​តំបន់ រឺ​ប្រទេស​ណាមួយ ដែលមាន​ប្រជាជន​កម្ពុជា​រស់នៅ​ច្រើន​។​

២. ត្រូវ​នៅ​ជិត​អាជីវករ​ដែលជា​សមាជិក​ធម្មតា ដើម្បី​ដឹង​ពី​សុខទុក្ខ ឬ​បញ្ហា​ប្រឈម ដោយ​ទទួលយក​សំណូមពរ​នានា ដើម្បី​ផ្តល់​ជា​អនុសាសន៍​ជូន​រាជរដ្ឋាភិបាល ហើយ​ត្រូវ​លើកកម្ពស់​ការយល់ដឹង​របស់​ពួកគាត់ អំពី​អត្ថប្រយោជន៍​នៃ​ការចូល​រួមជាមួយ​សភា​ពាណិជ្ជកម្ម ដែលជា​តំណាងឱ្យ​វិស័យ​ឯកជន​។​

៣. ត្រូវ​ធ្វើការ​ផ្តល់ព័ត៌មាន និង​សេវា​ផ្សេងៗ​ឱ្យបាន​ទាន់ពេលវេលា ដល់​សមាជិក​-​សមាជិកា ដើម្បី​ធានា​ឱ្យ​ដំណើរការ​មាន​ភាពរលូន​។​

៤. ត្រូវ​ពង្រឹង​ការយល់ដឹង​របស់​សមា​ជិ​ក​-​សមាជិកា អំពី​តួនាទី ភារកិច្ច រចនាសម្ព័ន្ធ និង​កា​ងា​ររ​គ្រប់គ្រង​រដ្ឋបាល ឱ្យមាន​ដំណើរការ​ជាប្រចាំ ហើយ​ត្រូវ​បន្ត​រៀបចំ​ទីស្នាក់ការ​ឱ្យបាន​ច្រើន​ថែមទៀត ជាពិសេស​នៅតាម​បណ្តា​រាជធានី​/​ខេត្ត ដែល​មិនទាន់មាន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×