Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ប្រមាថ​ព្រះមហាក្សត្រ តុលាការចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី​

spot_img

​ភ្នំពេញ​៖ លោក កូយ សៅ អនុប្រធាន និង​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បានចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ស្រាវជ្រាវ និង​នាំខ្លួន ទណ្ឌិត សម រង្ស៊ី ដើម្បី​យកមក​ចាត់ការ​តាមផ្លូវ​ច្បាប់ ចំពោះ​ករណី​ប្រមាថ​ព្រះមហាក្សត្រ​។​

​ដីកា​តុលាការ នៅ​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ បានឱ្យដឹងថា តុលាការ​ក៏បាន​បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន នៃ​អគ្គនាយក​ដ្ឋ​ន​ពន្ធនាគារ ក្រសួងមហាផ្ទៃ ឱ្យទទួល និង​ឃុំខ្លួន​បុគ្គល​នេះ និង​ត្រូវ​នាំខ្លួន​បុគ្គល​នេះ ទៅ​បង្ហាញមុខ​ដល់​ចៅក្រម​ស៊ើបសួរ ក្នុង​រយៈពេល​យ៉ាងខ្លី​បំផុត​។​

​ចំណែក​លោក គឹម សន្តិភាព រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បាន​លើកឡើងថា ករណី​សំណុំរឿង​ថ្មី​នៃ​បទ​ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ អតិបរមា​នៃ​ទោស​ដាក់ពន្ធនាគារ​ចំពោះ​ទណ្ឌិត សម រង្ស៊ី នឹង​កើន​ទ្វេដង (១០​ឆ្នាំ​) ព្រោះ​ជា​ករណី​មិន​រាងចាល​ក្នុងការ​ប្រព្រឹត្ត​បទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ប្រសិន​តុលាការ​រកឃើញ​ទោសកំហុស​នេះ​។​

​ទណ្ឌិត សម រង្ស៊ី មេក្រុម​ប្រឆាំង​ជ្រុលនិយម ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ចំនួន​៤​ឆ្នាំ រួច​ម្តង​ហើយ កាល​ខែមិថុនា ឆ្នាំ​២០១៩ ពីបទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ហើយ​ទណ្ឌិត​រូបនេះ​ក៏ត្រូវ​បាន​រង​ការចោទប្រកាន់​ក្នុង​បទល្មើស​នេះ​ដដែល នៅ​ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។ សរុប​ជារួម​ទណ្ឌិត សម រង្ស៊ី មាន​សំណុំរឿង​ចំនួន​២ ពាក់ព័ន្ធ​នឹង​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។​

​លោក គឹម សន្តិភាព បាន​បញ្ជាក់ថា យោងតាម​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៨៣ មាត្រា​៨៨ មាត្រា ៤៣៧​ស្ទួន ទណ្ឌិត​រូបនេះ ស្ថិតក្នុង​ភាពមិន​រាងចាល នៃ​ការប្រព្រឹត្ត​បទល្មើស “​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​” ហេតុនេះ​អតិបរមា​នៃ​ទោស​ដាក់ពន្ធនាគារ​នឹង​កើនឡើង​ផ្ទេរ​ដង ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ ប្រសិនបើ​តុលាការ​រកឃើញ​នូវ​ទោសកំហុស​នេះ​ម្តងទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×