Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ត​សហការគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត ស្របតាម​កំ​ណើ​រ​សេដ្ឋកិច្ចជាតិ កំណើនប្រជាជន​

spot_img

​ភ្នំពេញ​៖ អនុប្រធាន​ធនាគារពិភពលោក បានបញ្ជាក់​ពី​គោលបំណង នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា គឺ​ដើម្បី​ស្វែងយល់​ពី​គម្រោង​វិនិយោគ​ហិរញ្ញប្បទាន​ដោយ WB ដែល​កំពុងដំណើរការ​នៅ​កម្ពុជា និង​ពិភាក្សា​ស្ថិតក្នុង​ក្របខ័ណ្ឌ​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង WB ឆ្នាំ​២០១៩-២០២៣ ដែល​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ WB បានអនុម័ត​រួចមកហើយ​។ អនុប្រធាន​ធនាគារពិភពលោក និង​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​សម្តែង​នូវ​សុច្ឆន្ទ​:​ថា នឹង​បន្ត​សហការគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត ស្របតាម​កំ​ណើ​រ​សេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រកួតប្រជែង និង​សេចក្តីត្រូវការ​កសិផល ដែលមាន​គុណភាព​ខ្ពស់​ផ្គត់ផ្គង់ លើ​ទីផ្សារ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​។​

​នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃទី​១៦​ខែកញ្ញា លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ វេ​ង សាខុន បានទទួល​ជួប​លោកស្រី វិច​តូ​រៀ ខ្វា​ខ្វា (Victoria Kwakwa) អនុប្រធាន​ធនាគារពិភពលោក​ទទួល​បន្ទុក​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក និង​សហការី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​នាឱកាស​នេះ លោកស្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍ​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយ​កម្ពុជា​កំពុងស្ថិត​លើ​គន្លង​ផ្លូវ​ដែល​ឈាន​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​និរន្តរភាព​។ ឆ្លៀត​យក​ឱកាស​នេះ លោកស្រី​បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​លើក​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​គម្រោង​វិនិយោគ​ហិរញ្ញប្បទាន​ដោយ WB ដែល​កំពុងដំណើរការ​នៅ​កម្ពុជា និង​ពិភាក្សា​ស្ថិតក្នុង​ខ័​ណ្ឌ​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង WB ឆ្នាំ​២០១៩-២០២៣ ដែល​ក្រុមប្រឹក្សានាយក​ប្រតិបត្តិ WB បានអនុម័ត​រួចមកហើយ​កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩​។ ដោយឡែក ជំនួប​ជាមួយ​លោក​រដ្ឋមន្ត្រី​នាពេលនេះ គឺ​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​អំពី​ការវិវឌ្ឍ​រីកចម្រើន​របស់​វិស័យ​កសិកម្ម និង​ធ្វើការ​ចែករំលែក​បទពិសោធ​ន៍​ទាក់ទង​ការអនុវត្ត​គម្រោង លទ្ធផល និង​បញ្ហា​ប្រឈម​នានា ដែល​ក្រសួង​បាន​ជួបប្រទះ​ក្នុងអំឡុងពេល​អនុវត្ត​គម្រោង និង​សេចក្តីត្រូវកា​រលើ​កំណែទម្រង់​ដែល​តម្រូវ​ឲ្យ​គម្រោង ដែល​ស្ថិតនៅក្រោម​ជំនួយ​ហិរញ្ញប្បទាន​របស់ WB ធ្វើការ​កែតម្រូវ​បន្ថែម​។ ឆ្លៀត​យក​ឱកាស​នេះ លោកស្រី​ក៏បាន​វាយតម្លៃ​លើ​សមិទ្ធផលរ​បស់​គម្រោង​ដែល​អន្តរក្រសួង​បាន​អនុវត្ត ក្នុងនោះ​មាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ផងដែរ លើដី​សម្បទាន​សង្គមកិច្ច​ដែល​រាជរដ្ឋាភិបាល​បាន​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​។ គម្រោង​បានធ្វើ​ឲ្យ​សហគមន៍​បាន​ប្រើប្រាស់​ដី​ក្នុងទិសដៅ បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម ជួយ​លើកស្ទួយ​កម្រិតជីវភាព​កាន់តែ​ល្អប្រសើរ កាត់បន្ថយ​ភាពក្រីក្រ ដោយ​ទទួលបាន​សេវាសាធារណៈ និង​អប់រំ ប្រកបដោយ​គុណភាព​។​

​លោក​រដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងអំណរគុណ​ចំពោះ​ធនាគារពិភពលោក​ដែល​កន្លងមក បាន​ជួយ​គាំទ្រ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​កសិកម្ម​។ លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់ថា ធនាគារពិភពលោក នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត ទាំង​ក្នុងពេល​បច្ចុប្បន្ន​ក៏ដូចជា​ពេលអនាគត​។​
ក្នុងជំនួប​នេះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា ដោយ​បានទទួល​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​ភាគី​ពាក់ព័ន្ធ​ធ្វើ​ឲ្យ​វិស័យ​កសិកម្ម​មាន​ការវិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់ រហូត​ប្រែ​ក្លាយទៅជា​ប្រទេសមួយ​ផលិត​ស្បៀង​លើសពី​តម្រូវការ និង​ធ្វើការ​នាំចេញ​កសិផល ហើយ​សង្ឃឹមថា​យើង​នឹង​បន្ត​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ដើម្បី​ចូលរួមចំណែក​សម្រេច​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​នា​ឆ្នាំ​២០៣០​និង​ឆ្នាំ​២០៥០​។ ដើម្បី​សម្រេច​ចក្ខុ​វិស័យនេះ លោក​រដ្ឋមន្ត្រី​ស្នើសុំ​ឲ្យ​ធនាគារ​ជួយ​គិតគូ​ពិចារណា​ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​ថ្មីៗ​បន្ថែមទៀត​ឲ្យ​ស្របតាម​តម្រូវការ ស្ថានភាព និង​គោលដៅ​ជាក់ស្តែង​របស់​ក្រសួង​ដូចជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ​ដែល​ជួយ​ទ្រទ្រង់​ដល់​វិស័យ​កសិកម្ម ក្នុងនោះ​មានដូចជា​ប្រព័ន្ធធារាសាស្ត្រ ផ្លូវលំ ឃ្លាំង​ស្តុក ប្រព័ន្ធ​ទ្រទ្រង់​ដល់​ការកែច្នៃ​កសិផល ការធ្វើ​ទំនើបកម្ម​កសិកម្ម​សម​ស្រប ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការងារ​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​។​ល​។ លោក​មាន​សុទិដ្ឋិនិយម​ថា កិច្ចការ​ទាំងអស់នេះ​អាចអនុវត្ត​ទៅបាន​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព​ខ្ពស់ លុះត្រាតែ​រដ្ឋ វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ សហគមន៍​កសិកម្ម និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ចូលរួម​យ៉ាងសកម្ម និង​ពេញលេញ ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ និង​តម្កល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​។​

លោកស្រី វិច​តូ​រៀ ខ្វា​ខ្វា បាន​សម្តែង​នូវ​ការគាំទ្រ និង​ឯកភាព​តាម​អ្វីដែល​លោក​រដ្ឋមន្ត្រី​ជម្រាបជូន​ខាងលើ
​ដោយហេតុ​ផល​ថា ដើម្បី​ឲ្យ​វិស័យ​កសិកម្ម​រីកចម្រើន​ចាំបាច់​ត្រូវ​ផលិត​សម្រាប់​ផ្គត់ផ្គង់​ស្បៀង​ផង និង​ផលិត​ដើម្បី​ធ្វើការ​កែច្នៃ វេច​ខ្ចប់ និង​នាំចេញ ដែល​ការងារ​នេះ​ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស ការងារ​ស្រាវជ្រាវ ការអនុវត្ត ឬ​ផ្ទេរ​បច្ចេកវិទ្យា​សមស្រប ទាន់សម័យ ការរៀបចំ ឬ​ធ្វើ​ផែន​ការផលិត​ច្បាស់លាស់ ការធ្វើ​ទំនើបកម្ម និង​ពិពិធ​កម្ម​កសិកម្ម ការធ្វើ​កសិពាណិជ្ជកម្ម ការធ្វើ​យ​​ន្តូ​ប​នីយកម្ម​កសិកម្ម ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ។ កត្តា​ទាំងអស់នេះ បើ​យើង​ខិតខំ​រួមគ្នា​ដោះស្រាយ​ជា​ជំហានៗ​ក្នុងទិសដៅ​វិជ្ជមាន​សមស្រប​មួយ និង​ទាន់ពេលវេលា នោះ កសិផល​កម្ពុជា​នាពេល​អនាគត​ដ៏​ខ្លី​អាចធ្វើ​ការប្រកួតប្រជែង បង្កើន​នូវ​តម្លៃបន្ថែម ប្រើប្រាស់​អស់​លទ្ធភាព​នូវ​វត្ថុធាតុដើម​មានតម្លៃ ប្រើប្រាស់​ពលកម្ម​ក្នុងស្រុក ធានាបាន​នូវ​គុណភាព អនាម័យ និង​សុវត្ថិភាព​ស្របតាម​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ​។ ភ្ជាប់​ទៅ​ហ្នឹង​ការប្រែប្រួល​នេះ លោកស្រី​បានស្នើ​ឲ្យ​គ្រប់​ភាព​គី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ចូលរួម​ដាក់ចេញ​នូវ​គោលនយោបាយ ទិសដៅ និង​ផែនការ​សកម្មភាព​ច្បាស់​លាស់ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​មានការ​រីកចម្រើន​ប្រកប ដោយ​ចីរភាព​​និង​និរន្តរភាព​។

ចុងបញ្ចប់​នៃ​ជំនួប​នេះ ភាគី​ទាំងពីរ បាន​សម្តែង​នូវ​សុច្ឆន្ទ​:​ពិត​ប្រាកដថា នឹង​បន្ត​សហការគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត ស្របតាម​កំ​ណើ​រ​សេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រកួតប្រជែង និង​សេចក្តីត្រូវការ​កសិផល ដែលមាន​គុណភាព​ខ្ពស់​ផ្គត់ផ្គង់ លើ​ទីផ្សារ​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×