Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំរាមទាំង ៨៣កុងតឺន័រ ត្រូវបានដឹកចេញពី​​ក​ម្ពុជាអ​ស់​ហើយ ក្រោយពីបង់ប្រាក់ពិន័យចូលរដ្ឋ​

spot_img

​ភ្នំពេញ ​៖ ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា កាក​សំណល់​ប្លា​ស្ទិកចំនួ​ន​​៨៣​កុងតឺន័រ ត្រូវ​បាន​​​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិ​ញ​​រួចរាល់​អស់ហើយកាលពីចុងសប្តាហ៍មុន បន្ទាប់​ពី​មាន​វិធាន​ការ​​រដ្ឋបាល បង់ប្រាក់ពិន័យ និង​ច្បាប់​របស់​ប្រ​ទេ​ស​កម្ពុជា​យ៉ា​ង​តឹង​​រ៉ឺង​ ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះទី១៦ ខែ​កញ្ញា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​បា​នឲ្យដឹ​ងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ក្រុមហ៊ុនឈ្មោះ CHUNGYUEN PLASTIC MANUFACTURE CO.,LTD បានដឹកសំរាម៦៩កុ​ងតឺ​ន័រ ដែលនៅ​សល់ទៅ​ប្រទេស​ដើមវិញ រួចរាល់ហើយ។ ចំណែក​សំរាម​​១៤​កុងតឺន័រទៀ​ត បានដឹកចេញកាលពីថ្ងៃទីថ្ងៃទី​២​០ ខែសីហា ប៉ុន្តែមិនបានបញ្ជាក់ថាដឹក​ទៅ​ប្រទេស​ណាមួយ​នោះទេ​។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថា ម្ចាស់ក្រុ​មហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.,LTD បានបំពេញលក្ខខណ្ឌដែលបានសម្រេចដោយអា​ជ្ញា​ធរក​ម្ពុជា​អស់ហើយ និងបង់ប្រាក់ពិន័យចូលកញ្ច​ប់​ថវិកា​ជាតិគ្រ​ប់ចំនួន​ផង​ដែរ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថាគម្រោងនាំសំរា​ម​កាកសំណល់ប្លាស្ទិកត្រឡប់ទៅកា​ន់ប្រ​ទេសដើ​មវិញនោះ ធ្លាប់សុំ​ពន្យារ​ទៅថ្ងៃទី២៥ ខែតុលា ដោយមូលហេតុអាកាសធា​តុ​ និងការកកស្ទះទំ​និ​ញច្រើ​ន។

ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.,LTD បាននាំ​ចូល​សំរាមទាំង៨៣កុងតឺន័រ មកកម្ពុជាចាប់​ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែមករា ឆ្នាំ២០១៩ ហើយក្រុមហ៊ុននេះត្រូ​វបា​នអាជ្ញា​ធរ​កម្ពុជា​ពិន័យជាប្រាក់ជិត ២៥៥.០០០ ដុល្លារ។

កាលពីថ្ងៃ​ទី​១៧ ខែ​កក្កដា សមត្ថកិច្ចកម្ពុជា បាន​បើកទូកុងទឺន័​រ​ក្នុងកំ​ពង់​​ផែស្វយ័តខេត្ត​ព្រះសីហនុ រកឃើញសំរាមប្លាស្ទិ​ក​​ចំនួន ៨៣កុងទឺន័រ ​ដែលមានទម្ងន់ជិត​ ១.៦០០តោន។ អាជ្ញាធរកម្ពុជា​ បាន​អះអាងថា​សំរាមទាំ​ង​នោះមា​នប្រ​ភព​​មក​ពីសហរដ្ឋអា​មេ​រិក និងកាណាដា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្​ញវត្ថុ នៅ​ថ្ងៃ​ទី​១៦​ កញ្ញា ឆ្នាំ​២០១៩​ នេះ បាន​បញ្ជាក់​ឲ្យ​សាធារណជន និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មា​ន​​ទាំង​អស់ ​ជ្រាប​ពី​វឌ្ឍនភាព​នៃ​កា​រ​ដឹក​ជញ្ជូ​ន​​កាក​​សំណ​ល់​​ប្លា​ស្ទិ​ក​ចំ​នួន​​៨៣​កុងតឺន័រ ត្រឡប់​ទៅ​ប្រ​ទេ​ស​ដើ​ម​វិញ ដែល​ត្រូវ​បាន​លួច​នាំ​​ចូ​ល​ដោ​យ ខុសច្បាប់​មក​ក​ម្ពុជា ដោយ​ក្រុមហ៊ុន​ CHUNGYUEN PLASTIC MANUFACTURE CO., LTD ។

សេចក្តី​ប្រកាស​ព័ត៌មាន បាន​បញ្ជាក់​ថា អាជ្ញា​ធរមាន​សមត្ថកិ​ច្ច​បាន សម្រេច​ដាក់ប​ន្ទុ​ក លើក្រុមហ៊ុន​ដែល​ប្រព្រឹត្ត​ល្មើ​ស​​រួម​​មានកា​រ​បង់​ពិន័យ​ជា​ប្រាក់​​ចូ​ល​ថវិ​កាជាតិ និង​តម្រូវ​ឲ្យ​នាំ​ចេ​ញ នូវកាក​​សំ​ណល់​​ប្លា​ស្ទិក​ទាំ​ងនេះ ត្រឡប់​ទៅ​ប្រទេស​ដើម​​វិ​ញ ហើយ​ទន្ទឹម​នេះ​​សា​មី ក្រុមហ៊ុន​ក៏ បាន​បំពេញ​នូវ​កាតព្វកិច្ច​ដូច​​​ដោយ​​បាន​​បង់ប្រាក់​ពិន័យ​ចូល​ថវិ​កាជាតិ​​គ្រប់​​ចំនួន ព្រមទាំង​​បា​ន​ដឹ​កជ​ញ្ជូ​ន កាក​សំណល់​ប្លា​ស្ទិក​ចេញពី​​ក​ម្ពុជា​ចំនួន​១​៤​​កុងតឺន័រ នៅ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០១៩ និង​បាន បន្ត​ដឹក​ចេញពី​​​កម្ពុជា​​នូវ​​កាក​​សំណល់​ប្លា​ស្ដិច​ចំនួន​៦៩​​កុង​តឺន័រ ដែល​នៅ​សល់​កាល​ថ្ងៃ​ទី​​១៥ ​ខែកញ្ញា​ ឆ្នាំ​២០១៩​។

អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ក​ម្ពុជា ក្រុមហ៊ុន​ដែល​លូច​នាំ​ចូល​កាក​​សំ​ណល់​​ហាម​នេះ បាន​បំពេញ តាម​លក្ខខណ្ឌ​ទាំងអ​ស់​​ដែល​​បាន​សម្រេច​ដោយ​អាជ្ញា​ធរមាន​សម​ត្ថ​កិច្ច​​ចប់​សព្វគ្រប់​។ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៩ ក្រសួងបរិស្ថាន សហការ​ជាមួយ​​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ចុះ​គាស់​ទូរ​កុង​​ទឺ​ន័​​រទាំង​នោះ ដើម្បី​ពិនិត្យ​ជាក់ស្ដែង​នៅ​ក្នុង​កំព​ង់​​ផែ​ខេ​ត្ត​ព្រះ​​សីហ​នុ ក្រោយ​ពី​មាន​ការ​ សង្ស័យ​លើ​ទំនិញ​ដែល​មាន​នៅ​​ក្នុង​​ទូ​កុង​​ទឺ​​ន័​រ​នោះ​៕ ដោយ៖កូឡាប

spot_img
×